ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា សម្លដែលពលរដ្ឋថៃចាត់ទុកថា គឺជាមុខម្ហូបដ៏ឆ្ងាញ់ប្រចាំខេត្តភាគខាងត្បូងឈ្មោះ «កែងតៃប្លា» បានជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមមុខម្ហូបចំនួន១០មុខ ដែលអន់បំផុតនៅលើពិភពលោក ។ រីឯអាហាររបស់ប្រទេសកម្ពុជា ឈ្មោះ «អាពីង» បានជាប់ចំណាត់ថ្នាក់ទី១៥ ។
វាបានក្លាយជាប្រធានបទមួយ ដែលអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃលើកឡើងយ៉ាងច្រើន នាដើមខែមេសានេះ នៅពេលគេហទំព័រឈ្មោះ TasteAtlas បានផ្តល់ទិន្នន័យអំពីម្ហូបអាហារគ្រប់មុខនៅទូទាំងពិភពលោក, គ្រឿងផ្សំ និងភោជនីយដ្ឋាន រួមទាំងភេសជ្ជៈជាច្រើនប្រភេទ បានចាត់ចំណាត់ថ្នាក់អាហារចំនួន១០០មុខ គឺជាអាហារអន់បំផុតនៅលើពិភពលោក ។ គេហទំព័រនេះបង្ហាញថា សម្លថៃឈ្មោះ «កែងតៃប្លា» បានជាប់ចំណាត់ថ្នាក់ទី១ ជាសម្លអន់បំផុតនៅលើពិភពលោក ។
គេហទំព័រ TasteAtlas បានរៀបរាប់អំពីរសជាតិរបស់សម្លថៃឈ្មោះ «កែងតៃប្លា» ថា គឺជាសម្លដាក់សាច់ត្រី, ក្លិនឈ្ងុយ និងមានដើមកំណើតមកពីខេត្តភាគខាងត្បូងប្រទេសថៃ ។ សម្លនេះមានគ្រឿងផ្សំរសជាតិហឹរ ដូចជា ៖ ម្ទេស, រំដេង, ល្មៀត, កាពិ, ខ្ទឹមក្រហម និងស្លឹកគ្រៃ ។
ចំណែកគ្រឿងផ្សំផ្សេងទៀត រួមមាន ៖ ត្រីក្រៀម, ត្រប់វែង, ទំពាំង, សណ្តែកកួ និងបន្លែផ្សេងទៀត ។ ក្រៅពីសម្ល «កែងតៃប្លា» មានរសជាតិឈ្ងុយ និងខាប់ហើយនោះ គេអាចបរិភោគសម្លនេះជាមួយបាយស ។ កាលពីមុន សម្លមួយមុខនេះដាក់តែសាច់ត្រីប៉ុណ្ណោះ ហើយសម្លភាគច្រើនមិនដាក់ខ្ទះដូងទេ ។
ខាងក្រោមនេះ គឺជាម្ហូបអាហារចំនួន២០មុខ មានរសជាតិអន់បំផុតនៅលើពិភពលោក ៖
១-កែងតៃប្លា ប្រទេសថៃ
២-Hákarl ប្រទេសអ៊ីស្លង់
៣-Fesikh ប្រទេសអេហ្ស៊ីប
៤-Yerushalmi Kugel ប្រទេសអ៊ីស្រាអែល
៥-Luther Burger សហរដ្ឋអាមេរិក
៦-Pani ca meusa ប្រទេសអ៊ីតាលី
៧-Jellied Eels ប្រទេសអង់គ្លេស
៨-Calskrove ប្រទេសស៊ុយអែត
៩-Peladillas ប្រទេសអេស្ប៉ាញ
១០-Smalahove ប្រទេសន័រវេស
១១-Beyin salatasi ប្រទេសតួកគី
១២-Chapalele មកពីកោះ Chiloe ប្រទេសឈីលី
១៣-Sneem Black Pudding ប្រទេសអៀរឡង់
១៤-Marmite and Chip Sandwich ប្រទេសនូវែលសេឡង់
១៥-Fried spider (អាពីង) ប្រទេសកម្ពុជា
១៦-Gazpacho de mango ប្រទេសអេស្ប៉ាញ
១៧-Bocadillo de carne de caballo ប្រទេសអេស្ប៉ាញ
១៨-Tinutuan ប្រទេសឥណ្ឌូណេស៊ី
១៩-Oil Down ប្រទេសហ្គ្រេនដា និង
២០-Lutefisk ប្រទេសន័រវេស
ការចាត់ចំណាត់ថ្នាក់ម្ហូបអាហារអន់បំផុតនៅលើពិភពលោក បានប្រើប្រាស់ទិន្នន័យការផ្តល់ពិន្ទុពីអ្នកចូលមើលគេហទំព័រ TasteAtlas ដោយមានប្រព័ន្ធត្រួតពិនិត្យ និងកំណត់លើការផ្តល់ពិន្ទុ ។ ក្រៅពីនេះ ក្រុមអ្នកដាក់ពិន្ទុបានផ្អែកតាមគំនិតជាតិនិយមផងដែឬ ដើម្បីឱ្យការចាត់ចំណាត់ថ្នាក់បានត្រឹមត្រូវ និងមានសារៈប្រយោជន៍ ។ ការចាត់ចំណាត់ថ្នាក់ម្ហូបអាហារអន់បំផុតចំនួន១០០មុខ នៅលើពិភពលោកលើកនេះ គឺជាការប្រមូលផ្តុំទិន្នន័យ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ។
ក្រោយគេហទំព័រ TasteAtlas ចាត់ចំណាត់ថ្នាក់អាហារអន់បំផុតលើពិភពលោក ក៏មានមតិរិះគន់មួយចំនួនលើកឡើងថា មិនគួរសម្រេចចិត្តវិនិច្ឆ័យអាហារណាមួយតាមទស្សនៈសកលទេ ដោយសារវប្បធម៌ប្រទេសនីមួយៗខុសៗគ្នា ។ រីឯពលរដ្ឋថៃរស់នៅខេត្តភាគខាងត្បូងបញ្ជាក់ថា កែងតៃប្លា គឺជាមុខម្ហូបដ៏ឆ្ងាញ់ក្នុងចំណោមមុខម្ហូបផ្សេងទៀត ដែលបង្ហាញពីអត្តសញ្ញាណក្នុងតំបន់ ៕










