ក្រុមហ៊ុន Foxconn កំពុងផ្តល់ប្រាក់ឈ្នួលមួយម៉ោងចំនួន២៦ យន់ប្រមាណ ៣.៦០ ដុល្លារដល់បុគ្គលិកផលិតស្មាតហ្វូន Huawei ដែលខ្ពស់ជាងបុគ្គលិកផលិត iPhoneដែលផ្តល់ប្រាក់ឈ្នួលក្នុង១ម៉ោងចំនួន២១ យន់ ប្រមាណ២.៨៩ដុល្លារ ។
យោងតាមសារព័ត៌មាន SCMP បានឱ្យដឹងថាក្រុមហ៊ុន Foxconn International Holdings (FIH) របស់ Foxconn កំពុងផ្តល់ប្រាក់ឈ្នួលជ្រើសរើសបុគ្គលិកចំនួន ២៦ យន់ក្នុងមួយម៉ោង ដើម្បីទាក់ទាញបុគ្គលិកនៅរោងចក្រក្នុងសង្កាត់ Longhua ក្រុង Shenzhen ប្រទេសចិន។ ទន្ទឹមនឹងនេះ អង្គភាពទទួលបន្ទុកផលិត iPhone ដែលជាក្រុមហ៊ុន Digital Product Business Group (iDPBG) របស់ Foxconn កំពុងជ្រើសរើសបុគ្គលិកដើម្បីដំឡើង iPhone ក្នុងតម្លៃ២១ យន់ក្នុងមួយម៉ោង។ការជំរុញជ្រើសរើសបុគ្គលិករបស់ Foxconn ធ្វើឡើងក្នុងបរិបទដែលទាំង Huawei និង Apple កំពុងប្រជែងគ្នាផលិតស្មាតហ្វូនថ្មី។ ក្រុមហ៊ុន Huawei បានប្រកាស ស៊េរី Mate 60 កាលពីចុងខែមុន និងដើមខែនេះ ហើយ Apple ក៏បានណែនាំម៉ូដែល iPhone 15 នៅថ្ងៃទី១២ ខែកញ្ញា។

បច្ចុប្បន្នប្រទេសចិនគឺជាមជ្ឈមណ្ឌលផលិតឧបករណ៍ និងទីផ្សារដ៏ធំរបស់ Apple ប៉ុន្តែក្រុមហ៊ុនបានបង្វែរការផលិតទៅកាន់ប្រទេសមួយចំនួនទៀត ដូចជាប្រទេសឥណ្ឌាជាដើម។ ទន្ទឹមនឹងនេះ ការកើនឡើងនៃក្រុមហ៊ុន Huawei ជាមួយនឹងខ្សែទូរស័ព្ទស្មាតហ្វូនស៊េរីខ្ពស់ថ្មីនេះ ត្រូវបានចាត់ទុកថាកំពុងគំរាមកំហែងដល់ទីតាំងរបស់ក្រុមហ៊ុនទូរស័ព្ទអាម៉េរិកនៅក្នុងប្រទេសចិន៕










