ដាណឺម៉ាក ព្រមានសហរដ្ឋអាមេរិកចំៗ «កោះហ្គ្រីនឡែន មិនមែនសម្រាប់លក់ ឬឱ្យប្រទេសណាគ្រប់គ្រងឡើយ!» វាបានបង្កការផ្អើលពេញពិភពលោក បន្ទាប់ពីដាណឺម៉ាក ចេញមុខការពារកោះហ្គ្រីនឡែន ពីកណ្តាប់ដៃសហរដ្ឋអាមេរិក ដោយមិនឱ្យប៉ះពាល់ ឬលូកដៃគ្រប់គ្រងជាដាច់ខាត។ ការប្រកាសក្តែងៗនេះ ធ្វើឱ្យប្រទេសនានាចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះជាការប្រឈមមុខគ្នាជាមួយមហាអំណាច និងជំរុញឱ្យស្ថានការណ៍តានតឹងភ្លាមៗ។
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រកាសពីគោលជំហរច្បាស់ៗក្នុងពេលធ្វើសន្និសីទសារព័ត៌មានមុនចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ (NATO) នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ថា ប្រទេសដាណាម៉ាក ត្រៀមខ្លួនជាស្រេចដើម្បីការពារទឹកដីរបស់ខ្លួន រួមទាំងកោះហ្គ្រីនឡែន (Greenland) មិនឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកឡើយ។ ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បង្ហាញបំណងជាថ្មីចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រង ឬទិញយកកោះនេះ និងថា កោះគួរតែបានទៅសហរដ្ឋអាមេរិក មិនមែនដាណឺម៉ាក។

គោលជំហរមិនផ្លាស់ប្តូររបស់មេដឹកនាំដាណឺម៉ាក បញ្ជាក់ថា កោះហ្គ្រីនឡែន គឺជាទឹកដីមួយផ្នែករបស់ប្រទេសដាណឺម៉ាក ដោយមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ហើយពលរដ្ឋរស់នៅទីនោះមានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួន។ លោកស្រីថា ៖ «ខ្ញុំបានឮពាក្យសម្តីរបស់លោកប្រធានាធិបតី Trump និងដឹងពីគោលបំណងជាក់លាក់របស់សហរដ្ឋអាមេរិកចំពោះកោះ ប៉ុន្តែដាណឺម៉ាក ក៏មានគោលបំណងជាក់លាក់ដូចគ្នា គឺកោះនេះមិនមែនសម្រាប់លក់ទេ»។
.jpg)
លោកស្រីសង្ឃឹមលើសម្ព័ន្ធមិត្តអង្គការណាតូ នឹងគោរពអធិបតេយ្យរបស់ដាណឺម៉ាក និងទទួលស្គាល់កោះនេះមិនអាចលក់បានជាដាច់ខាត។ មជ្ឈដ្ឋានទូទៅជ្រាបហើយថា សហរដ្ឋអាមេរិកចង់ក្លាយជាម្ចាស់កោះដោយការររឹបអូស ប៉ុន្តែវាមិនអាចក្លាយជាការពិតឡើយ។ ដាណឺម៉ាក នឹងការពារមិនឱ្យបាត់បង់កោះសូម្បីតែមួយចំអាម រួមទាំងការពារទឹកដីដាណឺម៉ាកផងដែរ ខណៈអង្គការណាតូ គួរជួយការពារគ្នាទៅវិញទៅមក បើប្រទេសជាសមាជិកណាមួយមានបញ្ហា។
.jpg)
សូមបញ្ជាក់ថា លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ពេលលោកកំពុងពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថា ៖ «កោះហ្គ្រីនឡែន គួរតែស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក មិនមែនដាណឺម៉ាកទេ»។ ពាក្យសម្តីរនេះធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក ប្រែជាតានតឹងភ្លាមៗ ខណៈប្រទេសទាំងពីរជាសមាជិកស្ថាបនិករបស់អង្គការណាតូ ហើយក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយតំបន់អឺរ៉ុបទៀតផង ។.jpg)
ដោយឡែក នាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែន លោក Jens-Frederik Nielsen ឱ្យដឹងថា ពលរដ្ឋលើកោះមិនចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ឬសូម្បីតែដាណឺម៉ាក ក្នុងរយៈពេលវែងឡើយ។ រដ្ឋាភិបាលកោះហ្គ្រីនឡែន នឹងបន្តសហការជាមួយដាណឺម៉ាក ក្នុងនាមជាដៃគូដ៏រឹងមាំបណ្តោះអាសន្ន រហូតទាល់តែសម្រេចបាននូវអធិបតេយ្យ និងទទួលឯករាជ្យពេញលេញនាថ្ងៃអនាគត។ ទោះជាយ៉ាងណា រដ្ឋាភិបាលរបស់លោកនៅតែស្វាគមន៍ចំពោះកិច្ចសហការ និងភាពជាដៃគូជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនស្ថិតក្រោមការគ្រប់គ្រង៕










