បរទេស៖ យោងតាមប្រភពព័ត៌មាន New York Times ដែលបានរាយការណ៍កាលពីថ្ងៃទី ៤ ខែកញ្ញាថា ប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong Un គ្រោងនឹងទៅប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
អត្ថបទនោះបាននិយាយថា លោក គីម ជុងអ៊ុន នឹងធ្វើដំណើរពីទីក្រុងព្យុងយ៉ាង តាមរថភ្លើង ទៅកាន់ទីក្រុង Vladivostok ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតីពូទីន។
ដំណើរទស្សនកិច្ចនេះនឹងមកដល់ ខណៈរុស្ស៊ីកំពុងពិភាក្សាអំពីការធ្វើសមយុទ្ធយោធារួមជាមួយកូរ៉េខាងជើង។ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu នាពេលថ្មីៗនេះ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដែលលោកខាងលិចជឿថា គឺដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឱ្យលក់កាំភ្លើងធំទៅឱ្យរុស្ស៊ី។
នៅថ្ងៃទី ៣០ ខែសីហា កន្លងទៅនេះ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភថា ការចរចាអាវុធរវាងប្រទេសទាំងពីរកំពុងដំណើរការជាវិជ្ជមាន៕ប្រភព៖cafef.com










