យុទ្ធសាស្ត្រអន្តោប្រវេសន៍ថ្មីរបស់សហរដ្ឋអាមេរិក! ក្រោយកម្មវិធីលក់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ផ្លូវកាត់តម្លៃ ១ លានដុល្លារ ឬ «Trump Gold Card» មិនទទួលបានជោគជ័យដូចការរំពឹងទុក រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថាកំពុងពិចារណាកែប្រែតម្លៃមកនៅត្រឹម ១០ ម៉ឺនដុល្លារវិញ ក្នុងទម្រង់ជាប្រាក់តម្កល់ធានា ដើម្បីបន្តយុទ្ធនាការចម្រោះ និងទាក់ទាញជនបរទេសដែលមានលទ្ធភាពហិរញ្ញវត្ថុឱ្យចូលមករស់នៅសហរដ្ឋអាមេរិក។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal កម្មវិធី «Trump Gold Card» តម្លៃ ១ លានដុល្លារ ដែលបានប្រកាសដាក់ចេញកាលពីចុងឆ្នាំ ២០២៥ ក្នុងបំណងទាក់ទាញអ្នកមានទ្រព្យស្តុកស្តម្ភឱ្យមកវិនិយោគ គឺទទួលបានការចាប់អារម្មណ៍តិចតួចបំផុត និងរងការសើចចំអកពីមជ្ឈដ្ឋានអន្តរជាតិ។ ទិន្នន័យផ្លូវការគិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ នេះ បង្ហាញថា មានមនុស្សត្រឹមតែ ៣៣៨ នាក់ប៉ុណ្ណោះដែលបានដាក់ពាក្យស្នើសុំ ហើយមានពាក្យសុំតែមួយគត់ត្រូវបានអនុម័តជាស្ថាពរ។ ភាពមិនសូវជោគជ័យនៃកម្មវិធីលំដាប់ VIP នេះ បានបង្ខំឱ្យរដ្ឋបាលលោក ត្រាំ ត្រូវបង្វែរទិសដៅគោលនយោបាយរបស់ខ្លួន មកជាការរឹតបន្តឹងវណ្ណៈហិរញ្ញវត្ថុក្នុងតម្លៃទាបជាងមុនវិញ។
នៅក្នុងរបត់ថ្មីនេះ ក្រសួងការបរទេសអាមេរិកកំពុងសិក្សាដើម្បីអនុវត្តយន្តការប្រាក់តម្កល់ធានា ចំនួន ១០០,០០០ ដុល្លារ ទៅលើជនបរទេសមួយចំនួនដែលដាក់ពាក្យសុំ Green Card ពីក្រៅប្រទេស។ មន្ត្រីរដ្ឋបាលអាមេរិកបានបញ្ជាក់ថា ទឹកប្រាក់នេះមិនមែនជាលុយទិញសិទ្ធិដាច់ខាតដូចមុនទេ ប៉ុន្តែវាជាលុយតម្កល់ដើម្បីបញ្ជាក់ថាអ្នកចំណាកស្រុកមានលទ្ធភាពសេដ្ឋកិច្ចរឹងមាំ និងមិនមកពឹងផ្អែកលើប្រាក់ជំនួយសង្គមរបស់រដ្ឋភិបាល។ ជនបរទេសអាចដកសាច់ប្រាក់ ១០ ម៉ឺនដុល្លារនេះត្រឡប់ទៅវិញបានពេញចំនួន លុះត្រាតែពួកគេបានឆ្លងកាត់ការរស់នៅ និងទទួលបានសញ្ជាតិអាមេរិកពេញលេញ ដែលជាដំណើរការត្រូវចំណាយពេលយ៉ាងតិច ៥ ឆ្នាំ។

ការវិវត្តនៃគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្រើប្រាស់ «របាំងហិរញ្ញវត្ថុ» ធ្វើជាឧបករណ៍នយោបាយ និងសេដ្ឋកិច្ច។ ការផ្លាស់ប្តូរពីយុទ្ធសាស្ត្រចង់បានមហាសេដ្ឋី ១លានដុល្លារ មកជាការកំណត់ឱ្យពលរដ្ឋទូទៅតម្កល់លុយ ១០ម៉ឺនដុល្លារ គឺជាការផ្លាស់ប្តូរទម្រង់អន្តោប្រវេសន៍អាមេរិកឱ្យទៅជាកម្មវិធីសម្រាប់តែអ្នកមានទ្រព្យសម្បត្តិ និងជាការបិទផ្លូវស្ទើរតែទាំងស្រុងចំពោះជនបរទេសដែលមានប្រាក់ចំណូលទាប ដែលមានបំណងចង់ទៅស្វែងរក «ក្តីស្រមៃអាមេរិក» នាពេលអនាគត៕
Home ព័ត៌មានអន្តរជាតិ លោក ត្រាំ ពិចារណាបញ្ចុះតម្លៃទិដ្ឋាការពី ១លានមកនៅត្រឹម១០ម៉ឺនដុល្លារ ដើម្បីទាក់ទាញជនបរទេស









