នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះនឹងមានកម្មវិធីពិសេសមួយគឺ Beyond The Games’Days ដែលមានកម្មវិធីកម្សាន្តចម្រុះជាច្រើនចាប់ពីម៉ោង ៤រសៀលតទៅ នៅវិមានឈ្នះ ឈ្នះ ដែលអាចឱ្យទស្សនិកជនចូលរួមដោយសេរី ។ កម្មវិធីនេះរៀបចំឡើងដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងបង្ហាញភាសាបេះដូងរបស់យើងសម្រាប់កម្ពុជា តាមរយៈការស្រឡាញ់គាំទ្រអត្តពលិកខ្មែរគ្រប់ៗរូប ប្រកបដោយមោទកភាពលើសពីការប្រកួត ។
ទន្ទឹមនឹងនេះ មានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមព្រោះកម្មវិធីខាងលើនេះប្រមូលផ្តុំទៅដោយតារាល្បីៗជាច្រើនរូបរួមមាន តារារ៉េប ម៉ាន់ វណ្ណដា , តារាចម្រៀង ជី ដេវីត , ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត , មាស សុខសោភា , តន់ ច័ន្ទសីម៉ា , ខេម , វណ្ណថាន , ពេជ្រសូលីកា, នីកូ រួមទាំងតារាល្បីៗជាច្រើនទៀត។ ទោះយ៉ាងណា តាមរយៈផេកផ្លូវការរបស់ Beyond The Games នៅមិនទាន់បញ្ជាក់ផ្លូវការនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា ថ្ងៃជួបជុំដ៏ពិសេសនេះមានសកម្មភាពសប្បាយៗជាច្រើន រួមមាន៖ ការប្រគំតន្រ្តីពីសំណាក់តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗជាច្រើនរូប ស្ដង់ពិព័រណ៍ផលិតផលជាច្រើនប្រភេទ សួនបេះដូង ការតាំងបង្ហាញគំនូរអាស៊ាន ការតាំងបង្ហាញស្នាដៃគំនូរកុមារ ជាដើម។
គួររម្លឹកផងដែរថា ក្នុងព្រឹត្តិការណ៍នៃកម្មវិធីបិទកីឡាជាតិលើកទី ៣ កាលពីរាត្រីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២២ វត្តមានរបស់ ជី ដេវីត និង វណ្ណដា រួមទាំងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានផ្ទុះកក្រើកយ៉ាងខ្លាំងទាំងនៅទីតាំងផ្ទាល់ និងអ្នកទស្សនាតាមគេហដ្ឋាន ដូច្នេះប្រសិនបើ តារាចម្រៀង វណ្ណដា និង ជី ដេវីត ប៉ះគ្នាម្តងទៀតពិតជាកក្រើ ទៀតមិនខានជាពិសេសនឹងក្លាយជាប្រធានបទជជែកវែកលើបណ្តាញសង្គមជាថ្មី៕














