ភ្នំពេញ៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរចាស់ នឹងត្រូវបិទជាស្ថាពរ បន្ទាប់ពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខ។
លោក ស៉ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងដំណាច់ខែមីនា ឆ្នាំ២០២៣នេះ និងត្រៀមធ្វើតេស្តសាកល្បង នៅអំឡុងខែឧសភា ឬមិថុនា ដើម្បីឈានទៅដាក់ដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ បើគិតមកដល់ត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ការសាងសង់សម្រេចបានប្រមាណ៨៦%ហើយ។.jpg)
លោកបានឱ្យដឹងដែរថា ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានថ្មីនេះ អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ដោយសារតែអាកាសយានដ្ឋានថ្មី មានសមត្ថភាពអាចទទួលអ្នកដំណើរបានច្រើន រហូតដល់៧លាននាក់ក្នុងមួយឆ្នាំ។
លោកបញ្ជាក់ថា ចំពោះទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ បន្ទាប់ពីបិទដំណើរ មិនទាន់មានគម្រោងថានឹងយកទៅធ្វើអ្វីនោះទេ អាស្រ័យលើការសម្រេចរបស់ថ្នាក់ដឹកនាំ៕










