ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ វែបសាយមួយឈ្មោះ IQAir បានចាត់ចំណាត់ថ្នាក់ទៅលើគុណភាពអាកាសធាតុរបស់ទីក្រុងសំខាន់ៗ និងទីក្រុងមានការបំពុលបរិយាកាសខ្លាំងបំផុតនៅលើពិភពលោក ដោយបង្ហាញថា ក្រុងឈៀងម៉ៃរបស់ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ ជាក្រុងមានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោក ។ ជាមួយគ្នានេះ ទីក្រុងបាងកក ក៏បានជាប់ចំណាត់ថ្នាក់ទី១៦ ផងដែរ គឺជាទីក្រុងមានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោក ។
នេះជាការចាត់ចំណាត់ថ្នាក់របស់វែបសាយ IQAir ទៅលើទីក្រុងនានាក្នុងពិភពលោក រួមមាន ៖
១-ក្រុងឈៀងម៉ៃ ប្រទេសថៃ
២-ក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន
៣-ក្រុងហាណូយ ប្រទេសវៀតណាម
៤-ក្រុងកូលកាតា ប្រទេសឥណ្ឌា
៥-ក្រុងឡាហរ ប្រទេសប៉ាគីស្ថាន
៦-ក្រុងថាកា ប្រទេសបង់ក្លាដែស
៧-ក្រុងយ៉ាំងគង់ ប្រទេសមីយ៉ាន់ម៉ា
៨-ក្រុងឆុងឈីង ប្រទេសចិន
៩-ក្រុងមុមបៃ ប្រទេសឥណ្ឌា
១០-ក្រុងសិនយ៉ាង ប្រទេសចិន
១១-ក្រុងដូហា ប្រទេសកាតា
១២-ក្រុងឈើងទូ ប្រទេសចិន
១៣-ក្រុងអូហាន់ ប្រទេសចិន
១៤-ក្រុងឈៀងហូ ប្រទេសចិន
១៥-ក្រុងកាតម៉ាន់ឌូ ប្រទេសនេប៉ាល់
១៦-ក្រុងបាងកក ប្រទេសថៃ
១៧-ក្រុង Baghdad ប្រទេសអ៊ីរ៉ាក់
ការចាត់ចំណាត់ថ្នាក់របស់វែបសាយនេះ ពលរដ្ឋថៃលើកឡើងថា បច្ចុប្បន្ន ប្រទេសថៃកំពុងជួបបញ្ហារឿងធូលីកខ្វក់នៅតាមបណ្តាទីក្រុងនានាជាបន្តបន្ទាប់ ដែលបណ្តាលឱ្យកើតជាតិពុល និងបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នករស់នៅក្នុងទីក្រុង ប៉ុន្តែពួកគេមិននឹកស្មានថា ទីក្រុងឈៀងម៉ៃរបស់ថៃបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោកបែបនេះទេ ខណៈនាពេលកន្លងមក ថៃមានភាពល្បីល្បាញ និងបានជាប់ចំណាត់ថ្នាក់ជាច្រើនក្នុងពិភពលោក ដូចជា ប្រទេសទាក់ទាញភ្ញៀវទេសចរបរទេសចង់មកកម្សាន្ត និងមានម្ហូបអាហារឆ្ងាញ់ ជាដើម ។
អង្គការសុខភាពពិភពលោកបានណែនាំទៅកាន់ពលរដ្ឋរស់នៅក្នុងទីក្រុង ដែលមានអាកាសធាតុមិនល្អទាំងនេះត្រូវពាក់ម៉ាស់ បិទបង្អួចលំនៅឋានឬអគារ និងចៀសវាងការធ្វើដំណើរនៅក្រោមកំដៅថ្ងៃ ជាពិសេស ក្មេងតូច ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺផ្លូវដង្ហើម៕
ប្រភព ៖ Top news










