ប្រទេសរុស្ស៊ី ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់ប្រទេសរុស្ស៊ីនិយាយថា ពលរដ្ឋអ៊ុយក្រែននឹងរងទុក្ខវេទនា បើប្រទេសលោកខាងលិចបញ្ជូនរថក្រោះទៅឱ្យកងទ័ពអ៊ុយក្រែន ខណៈមានសំណួរថា តើប្រទេសអាល្លឺម៉ង់នឹងអនុញ្ញាតឱ្យបញ្ជូនរថក្រោះចម្បាំង Leopard 2 ទៅឱ្យកងទ័ពអ៊ុយក្រែនដែរឬទេ ។

លោក Peskov បន្តថា នៅពេលនេះ មានការជជែកគ្នាពីរឿងការបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន ដែលវាបង្ហាញឱ្យឃើញពីការភ័យស្លន់ស្លោនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ (NATO) ។ លោកដាស់តឿនថា គ្រប់ប្រទេសទាំងអស់ដែលមានចំណែករួមក្នុងការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន គឺត្រូវរួមគ្នាទទួលខុសត្រូវចំពោះផលវិបាកដែលនឹងកើតមានឡើង ។

អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តមិនបានទទួលជោគជ័យក្នុងកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់ ដោយសារពួកគេមិនអាចបញ្ចុះបញ្ចូលអាល្លឺម៉ង់ឱ្យយល់ព្រមបញ្ជូនរថក្រោះចម្បាំង Leopard 2 ទៅឱ្យអ៊ុយក្រែន វាជារថក្រោះដែលអ៊ុយក្រែនត្រូវការដើម្បីទប់ទល់នឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ីជាថ្មីទៀត ។

ទោះយ៉ាងណា អ្នកវិភាគឱ្យដឹងថា ការដែលអាល្លឺម៉ង់មិនបញ្ជូនរថក្រោះចម្បាំងទៅឱ្យអ៊ុយក្រែននោះ ដោយសារតែអាល្លឺម៉ង់មិនត្រូវការចូលរួមនៅក្នុងសង្គ្រាម ហើយខ្លាចថា រុស្ស៊ីនឹងលួចយកបច្ចេកវិទ្យារថក្រោះចម្បាំងរបស់ខ្លួន បើសិនជាអ៊ុយក្រែនចាញ់សង្គ្រាមជាមួយរុស្ស៊ី ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDkVr-JUY6aDPNzGG79HNL86r6HTnk0MUtuzZDxD2UKMfc0U3TivFbeG5JlbE9PnhMuVRhQy0ktpiM4mmPCzT830Au3_0_RGDzczn-86Lyfv3C3rxUAPerjRMYu3XazReNnJ2cf9L2uXp9fEHcQs3iZfXAIQEbMiCyPe8MllDL3pn78yB6JX5JOPhPvA/s850/photo_2023-01-24_15-20-05%20(2).jpg

គួរបញ្ជាក់ថា រថក្រោះចម្បាំង Leopard 2 ជារថក្រោះសំខាន់របស់កងទ័ពអាល្លឺម៉ង់ និងជារថក្រោះដ៏អស្ចារ្យបំផុតក្នុងពិភពលោក ។ រថក្រោះនេះត្រូវបានដាក់ឱ្យប្រចាំការលើកទី១ កាលពីឆ្នាំ១៩៧៩ ហើយអាវុធសំខាន់ គឺវាមានកាំភ្លើងរថក្រោះទំហំ១២០មីលីម៉ែត្រ និងបាញ់រហូតដល់៤២គ្រាប់ ។ លើសពីនេះ រថក្រោះចម្បាំងនេះប្រើប្រាស់ប្រព័ន្ធឌីជីថលធ្វើឱ្យការវាយប្រហារមានភាពច្បាស់លាស់ ខណៈវាបំពាក់ដោយកាមេរ៉ាបង្វែរពន្លឺ មានប្រព័ន្ធ GPS មានភាពបត់បែនខ្ពស់ និងផ្លាស់ទីបានលឿន បើទោះជារថក្រោះនេះមានទម្ងន់រហូតដល់៧៤តោនក្តី ៕ ប្រភព ៖ TNN World