ប្រទេសជប៉ុន ៖ ជប៉ុនបានប្រឈមមុខនឹងវិបត្តិសង្គមមនុស្សចាស់ ដោយសារអត្រាកំណើតក្នុងប្រទេសនេះថយចុះ ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការគាំទ្រការផ្តល់កំណើត បើទោះជាពេលមុននេះ រដ្ឋាភិបាលធ្លាប់បានធ្វើម្តងហើយ ប៉ុន្តែមិនបានសម្រេច ។
លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា ថ្លែងថា ប្រទេសជប៉ុនមិនអាចបំពេញមុខងារសង្គមបានទេ ដោយសារអត្រាកំណើតថយចុះ ។ ប្រទេសជប៉ុនមានពលរដ្ឋសរុបចំនួន១២៥លាននាក់ ហើយគេវាយតម្លៃថា អត្រាកំណើតកាលពីឆ្នាំ២០២២ ស្មើមិនដល់៨០ម៉ឺននាក់ទេ ខណៈនៅឆ្នាំ១៩៧០ អត្រាកំណើតស្មើជាង២លាននាក់ឯណោះ ។
ទោះយ៉ាងណា អត្រាកំណើតកំពុងតែថយចុះនៅប្រទេសជាច្រើន រួមទាំងប្រទេសជិតខាងរបស់ជប៉ុនផងដែរ ប៉ុន្តែវាចាត់ទុកជាបញ្ហាធ្ងន់ធ្ងរមួយនៅជប៉ុន ដោយសារអ្នកមានអាយុច្រើនបានកើនឡើងក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ខណៈមនុស្សវ័យធ្វើការដែលត្រូវថែទាំមនុស្សចាស់ បែរជាថយចុះទៅវិញ ។ ជប៉ុនជាប្រទេសដែលមានពលរដ្ឋអាយុ៦៥ឆ្នាំឡើងស្ថិតក្នុងលំដាប់ទី២ របស់ពិភពលោក ឬស្មើប្រមាណ២៨% ។
លោក គីស៊ីដា ថ្លែងទៅកាន់សមាជិករដ្ឋសភាថា ជប៉ុនកំពុងប្រឈមនឹងបញ្ហាសង្គម ដោយការផ្តោតអារម្មណ៍លើនយោបាយទាក់ទងនឹងកុមារ និងការថែទាំកូន គឺយើងមិនអាចរង់ចាំបានទៀតទេ ។ លោកត្រូវការឱ្យរដ្ឋាភិបាលបង្កើនថវិកាចំណាយទ្វេដងលើគម្រោងទាក់ទងនឹងកុមារ ហើយរដ្ឋាភិបាលនឹងបង្កើតភ្នាក់ងារថ្មីមួយដើម្បីដោះស្រាយបញ្ហានៅខែមេសាខាងមុខ ។
ទោះយ៉ាងណា កន្លងមក រដ្ឋាភិបាលជប៉ុនជាច្រើនអាណត្តិហើយបានព្យាយាមជំរុញយុទ្ធសាស្ត្រដូចគ្នានេះ ប៉ុន្តែគ្មានលទ្ធផល ។ កាលពីឆ្នាំ២០២០ បណ្តាអ្នកវិភាគរំពឹងថា ពលរដ្ឋជប៉ុននឹងថយចុះពីចំនួន១២៨លាននាក់នៅឆ្នាំ២០១៧ មកនៅត្រឹម៥៣លាននាក់នៅចុងសតវត្សនេះ ខណៈបច្ចុប្បន្ន ពលរដ្ឋជប៉ុនមានចំនួនមិនដល់១២៥លាននាក់ផង ។
អ្នកជំនាញប្រាប់ថា ជប៉ុនគួរតែយកចិត្តទុកដាក់នឹងសង្គមមនុស្សចាស់ ។ អត្រាកំណើតថយចុះបណ្តាលមកពីកត្តាជាច្រើនដូចជា ការចាយវាយលើជីវភាពប្រចាំថ្ងៃខ្ពស់ ស្ត្រីមានការសិក្សារៀនសូត្រខ្ពស់ និងធ្វើការកាន់តែច្រើន ពួកគេមិនចង់មានកូនទេ គឺពួកគេប្រើមធ្យោបាយពន្យារកំណើត ៕ ប្រភព ៖ TNN World