តើអ្នករាំក្បាលទូក គួរតែជាបុរសឬនារី?
ព្រះរាជពិធីបុណ្យអុំទូក ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ នៅអំឡុងថ្ងៃពេញបរមី ខែកត្តិក។ ជាមួយនឹងទស្សនីយភាពប្រណាំងទូកងនៅលើខ្សែទឹក ដែលមានអ្នកអុំយ៉ាងច្រើនកុះករ ក៏ដូចជាសម្លេងហ៊ោររំពងពីអ្នកទស្សនា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ នៅលើទូកប្រកួតនីមួយៗគឺតែងតែមាន«អ្នករាំក្បាលទូក» ដែលខ្លះជាបុរស និងខ្លះទៀតជានារី។
ជាការពិតណាស់ថា អ្នករាំក្បាលទូក មិនថាជាបុរសឬនារីទេ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំក្រុមខ្លួន ឲ្យទទួលបានជោគជ័យក្នុងសមរភូមិជើងទឹក។ កាលពីសម័យបុរាណ អ្នករាំក្បាលទូកភាគច្រើនគឺជាបុរស គឺតំណាងឲ្យមេក្រុមនៃទូកនីមួយៗ ដែលជាអ្នកពូកែមើលស្ថានការសត្រូវ និងមានជំនាញ ដឹកនាំកងកម្លាំង ឬកូនទាហានជើងទឹកឆ្ពោះទៅរកជ័យជំនះ។ បុរសអ្នករាំក្បាលទូកម្នាក់នោះ ត្រូវតែជាមនុស្សមានកម្លាំងមាំមួន មានប្រាជ្ញាឆ្លាតវៃ រហ័សរហួន និងមានភាពជាអ្នកដឹកនាំ អង្គុយយ៉ាងប្រុងប្រយ័ត្នដើម្បីឃ្លាំមើលគូរសត្រូវនិងបញ្ជាទូកជាដើម។ .png)
ទោះជាយ៉ាងណា បច្ចុប្បន្ននេះ អ្នករាំក្បាលទូកខ្លះក៏បានប្ដូរមកជាមនុស្សស្រីវិញ ពោលជាស្រ្តីដែលមានរូបរាងស្រស់ស្អាត ទន់ភ្លន់ ល្វត់ល្វន់ គ្រងសំពត់ក្បិនយ៉ាងស្រស់ឆើតឆាយ ហើយក៏រាំតាមចង្វាក់នៃការអុំ ដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករក្រុមខ្លួន យកឈ្នះទៅលើគូរប្រកួត។ បើស្របតាមជំនឿ «ស្រី្តអ្នករាំក្បាលទូកជាទូទៅត្រូវគេជ្រើសរើសយកស្ត្រីដែលនៅក្រមុំព្រហ្មចារីមានវ័យចន្លោះពី ១៦ ទៅ ១៧ ឆ្នាំប៉ុណ្ណោះ ហើយប្រកបទៅដោយបុគ្គលិកលក្ខណៈល្អប្រសើរ ព្រោះត្រូវបានជឿថា ដើម្បីនាំនូវភ័ព្វសំណាងរបស់ទូក»។
សូមជម្រាបថា បុណ្យអុំទូកត្រូវបានចារទុកជាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដែលបានលេចឡើងតាំងពីសម័យអង្គរ អំឡុងសតវត្សទី១២ មកម្លេះ នៅគ្រាដែលព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសឹកសង្គ្រាមជើងទឹក និងបានយកជ័យជំនះទៅលើពួកចាម។ រហូតមកដល់សម័យលង្វែក ព្រះបាទអង្គចន្ទទី១ ទ្រង់បានចាត់របៀបរៀបចំ ការពារស្រុកដោយប្រើប្រាស់ទាហានជើងទឹក និងបង្គាប់អោយមានការហ្វឹកហាត់ជារៀងរាល់ឆ្នាំ ដោយជ្រើសរើសយក ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុក ដែលជាពេលវេលាប្រមូលផលស្រូវនេះឯង៕.png)





.png)









.png)

.png)



























