សហរដ្ឋអាមេរិក ៖ ប្រទេសនានាកំពុងតាមដានគោលនយោបាយរបស់លោក Donald Trump ក្រោយពីលោកឈានជើងចូលក្នុងសេតវិមាន តើពិភពលោក នឹងក្លាយទៅជាយ៉ាងណាបន្តទៀត? ការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងដំបូងដែលគ្រប់គ្នារង់ចាំមើលថា តើលោក Trump នឹងអាចបញ្ចប់សង្គ្រាមនេះត្រឹម២៤ម៉ោងដែរឬទេ?
មតិនានារំពឹងថា លោក Trump នឹងឈប់ផ្តល់ប្រាក់គាំទ្រអ៊ុយក្រែន ហើយធ្វើឱ្យអ៊ុយក្រែនគ្មានជម្រើសផ្សេង ក្រៅពីការចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ។ ក្រៅពីនេះ ប្រធានាធិបតីអាមេរិកថ្មីធ្លាប់និយាយថា លោកនឹងដកអាមេរិកចេញពីអង្គការ NATO ដោយសារអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនឱ្យអង្គការនេះ រីឯប្រទេសជាសមាជិកផ្សេងទៀតពុំបានផ្តល់ប្រាក់អ្វីឡើយ ។ 
លោកនិយាយថា បើប្រទេសណាពុំផ្តល់ជំនួយងទ័ព ស្មើនឹង២% របស់ផលិតផលក្នុងស្រុកសរុប (GDP) ទេ អាមេរិកនឹងមិនការពារប្រទេសនោះទេ ។ លើសពីនេះ បើអាមេរិកត្រូវបានគេដើរខ្សែលើខ្លាំងពេក លោកនឹងដកអាមេរិកចេញពីសមាជិកអង្គការ NATO ។.png)
លោកក៏បានសន្យាក្នុងពេលរកសំឡេងឆ្នោតថា នឹងបណ្តេញជនភៀសខ្លួនទ្រង់ទ្រាយធំចេញពីទឹកដីអាមេរិកឱ្យអស់ ប៉ុន្តែមតិនានានិយាយថា បើលោកបណ្តេញជនភៀសខ្លួនខុសច្បាប់ពិតមែន វានឹងប៉ះពាល់សេដ្ឋកិច្ចអាមេរិក ពីព្រោះអាមេរិកបានពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មជនបរទេស ។
ក្រៅពីនេះ លោកលើកឡើងថា អាមេរិកនឹងដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេស ជាពិសេស នឹងដំឡើងពន្ធទំនិញចិនខ្ពស់ រហូតដល់៦០% ។ រីឯពន្ធទំនិញប្រទេសផ្សេងៗនឹងកើនឡើងដល់២០% ដើម្បីការពារក្រុមហ៊ុនអាមេរិក ។

បច្ចុប្បន្ន ប្រទេសនានាកំពុងត្រៀមខ្លួនជាមួយការផ្លាស់ប្តូរស្ថានការណ៍ ហើយរង់ចាំមើលថា ក្រោយពេលលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ តើពិភពលោក នឹងមានផលប៉ះពាល់អ្វីខ្លះ?










