Home Blog Page 1968

រុស្ស៉ី បញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី ទៅកាន់តំបន់អាក់ទិក

0

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍ថា នាវាមុជទឹកបំពាក់ដោយមីស៊ីលផ្លោងដើរដោយថាមពលនុយក្លេអ៊ែរដ៏ថ្មីបំផុតរបស់កងទ័ពជើងទឹករុស្ស៊ី កំពុងធ្វើដំណើរទៅកាន់មូលដ្ឋានបណ្តោះអាសន្ន សម្រាប់កងនាវាចរភាគខាងជើងនៅតំបន់អាក់ទិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

ដោយដកស្រង់ប្រភពមន្រ្តីការពារជាតិរុស្ស៉ី ទីភ្នាក់ងារសារព័ត៌មាន តាស (TASS) បានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ថ្មីៗនេះនាវាមុជទឹកឈ្មោះ ជេនឺរ៉ាលីសស៉ីម៉ូ ស៊ូវ៉ូរ៉ូវ (Generalissimo Suvorov) បានចាកចេញពីទីក្រុងកំពង់ផែរុស្ស៉ីសឺវ៉េរ៉ូដវីនស្ក៍ (Severodvinsk) ជាទីតាំងផលិតកប៉ាល់សេវម៉ាស់ (Sevmash) ឆ្ពោះទៅកាន់មូលដ្ឋានបណ្តោះអាសន្ននៃកងនាវាចរភាគខាងជើង។

នាវាមុជទឹកយុទ្ធសាស្ត្រនេះត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅឲ្យទៅក្នុងកងទ័ពជើងទឹករុស្ស៊ីកាលពីចុងឆ្នាំ២០២២ ដោយលោក វ្ល៉ាឌីមៀ ពូទីន។ គេរំពឹងថាវានឹងចូលរួមបង្កើនសមត្ថភាព និងជំរុញកងកម្លាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី ហើយនឹងត្រូវផ្លាស់ទៅមូលដ្ឋាននាវាមុជទឹករីបាឈី (Rybachiy) នៅលើតំបន់កាំឆាកា (Kamchatka) នារដូវក្តៅខាងមុខ។

គួរបញ្ជាក់ថា Generalissimo Suvorov គឺជានាវាទី៦នៃនាវាមុជទឹកប្រភេទ Boei-class របស់រុស្ស៊ីដែលមានរូបរាងតូចជាងមុន និងអាចបំបាំងកាយបាន។ នាវាមុជទឹកប្រភេទនេះកំពុងជំនួសឲ្យនាវាមុជទឹកបំពាក់មីស៊ីលផ្លោងជំនាន់មុនរបស់ខ្លួន។ វាអាចផ្ទុកមីស៉ីលប៊ូឡាវ៉ា Bulava រហូតដល់១៦គ្រាប់ ដែលនីមួយៗមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងមួយ៕

ត្រឹមមួយឆ្នាំ! រោងចក្រ Samsung នៅវៀតណាម នាំចេញផលិតផលបានក្នុងទំហំទឹកប្រាក់ ៦៥ពាន់លានដុល្លារ

0

សារព័ត៌មានវៀតណាមផ្សាយថា ក្រុមហ៊ុន សាមសុង (Samsung)នៅវៀតណាមនាំចេញផលិតផល របស់ ខ្លួនមានតម្លៃ ៦៥ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។

តួលេខនេះត្រូវបានប្រកាសឱ្យដឹងនៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញ ខាយ(Le Minh Khai) និង លោក ផាក ហា ឃ្យូ (Park Hark Kyu) ប្រធានក្រុមហ៊ុន Samsung Electronics កាលពីសប្ដាហ៍មុន។ទោះជា យ៉ាង ណាទំហំនៃការនាំចេញនេះធ្លាក់ចុះប្រមាណ ០,៨ភាគរយបើ ធៀប នឹងឆ្នាំ២០២១។

អាជ្ញាធរវៀតណាមអះអាងថា ការនាំចេញរបស់ក្រុមហ៊ុន សាមសុងមានទំហំជិត៩ភាគរយ នៃទំហំពាណិជ្ជកម្ម សរុប របស់ប្រទេសវៀតណាមដែលមានចំនួនសរុប៧០០ ពាន់លាន ដុល្លារ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោកឡេ មិញ ខាយ បាន លើកឡើងដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យា របស់ក្រុមហ៊ុនសាមសុង នៅទីក្រុងហាណូយ ជាមជ្ឈមណ្ឌលធំបំផុតរបស់ក្រុមហ៊ុន សាមសុងទាំង អស់ នៅអាស៊ីអាគ្នេយ៍។

ប្រធានក្រុមហ៊ុនសាមសុង លោក Park Hark Kyu លើក ឡើងថា លោកបានធ្វើដំណើរមកប្រទេសវៀតណាមជាង ២០ ដងដើម្បីស្វែងរកឱកាសវិនិយោគ។លោកPark បន្ថែមថា៖« រាល់ពេលដែលខ្ញុំក្រឡេកមើលទៅក្រោយ(១០ឆ្នាំមុន) ខ្ញុំ គិតថាការវិនិយោគបង្កើតរោងចក្រនៅវៀតណាមផ្ដើមពីខេត្ត Thai Nguyen គឺជាជម្រើសដ៏ឈ្លាសវៃ» ។

លោកអះអាងសំដៅទៅលើតំបន់ភាគខាងជើងដែលសាមសុង ដាក់រោងចក្រផលិតស្មាតហ្វូននៅទីនោះ។ ក្រុមហ៊ុនសាមសុង បានវិនិយោគជាទឹកប្រាក់ប្រមាណ ជាង១៨ពាន់លានដុល្លារក្នុងប្រទេសវៀតណាមរួចមក។ក្រុមហ៊ុននេះ គ្រោងនឹងបង្កើនទុនវិនិយោគបន្ថែមឱ្យ ដល់ ២០ពាន់លានដុល្លារនៅពេលអនាគត៕Samsung to expand northern Vietnam plant - VnExpress International

ប្រភព៖ VN Express

ក្មេងស្រីទើបតែអាយុ៥ឆ្នាំក្លាយជាអ្នកឡើងភ្នំ ដ៏ខ្ពស់ជាងគេនៅស្កុតឡែនជាលើកដំបូង

0

បរទេស៖ ក្លាយជាបុគ្គលដែលក្មេងជាងគេ ដែលមានអាយុទើបតែ ៥ ឆ្នាំបានយកឈ្នះការឡើងកំពូលភ្នំខ្ពស់ៗចំនួន ៣ ក្នុងប្រទេសស្កុតឡែន ត្រឹមរយៈពេលតិចជាង ៤៨ ម៉ោង។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន The Sun បានរាយការណ៍អំពី រឿងដ៏អស្ចារ្យមួយរបស់ក្មេងស្រីជនជាតិវែល Serene Isla Price  នាងមានអាយុទើបតែ ៥ ឆ្នាំ ប៉ុន្តែបានក្លាយជាអ្នកឡើងភ្នំដ៏ក្មេងបំផុតដើម្បីយកឈ្នះកំពូលភ្នំទាំង ៣ នៅ ចក្រភពអង់គ្លេស ក្នុងរយៈពេលតិចជាង ៤៨ ម៉ោង ហើយថែមទាំងជាអ្នកស្ម័គ្រចិត្តជួយអ្នកឡើងភ្នំ ដែលរងការប៉ះទង្គិចផ្សេងៗ

ការទទួលបានភាពជោគជ័យនេះត្រូវបានទទួលការកោតសរសើរចំពោះភាពក្លាហាន និងជំនាញមិនគួរឱ្យជឿរបស់ក្មេងស្រីដ៏តូចម្នាក់នេះ។

ជាមួយគ្នានោះរបាយការណ៍បញ្ជាក់ថា Serene Isla Price  រួមជាមួយនឹងឪពុករបស់នាងគឺលោក Glyn បានឡើងដល់កម្ពស់នៃកំពូលទាំងបីនៃភ្នំ Mount Ben Nevis ដែលជាភ្នំខ្ពស់បំផុតរបស់ប្រទេសស្កុតឡែន ក្នុងកម្ពស់រហូតទៅដល់ ១,៣៤៥ ម៉ែត្រ, ភ្នំ Snowdon ដែលខ្ពស់បំផុតនៅ Wales ក្នុងកម្ពស់ ១,០៨៥ ម៉ែត្រ, និងភ្នំ Scafell Pike កម្ពស់ ៩៧៨ ម៉ែត្រ ដោយគ្រាន់តែចំណាយពេលតិចជាង ៤៨ ម៉ោងដើម្បីឡើងលើដល់កំពូលភ្នំទាំងបីនេះ។

យ៉ាងណាមិញឪពុករបស់នាង បានលាតត្រដាងថា Seren Isla Price នាងបានចាប់ផ្ដើមឡើងភ្នំតាំងតែនាងនៅអាយុ ៣ ឆ្នាំជាមួយលោក ហើយអ្វីដែលសំខាន់ជាងនេះនោះគឺ ក្មេងស្រីនេះក៏កំពុងទទួលយកការបរិច្ចាគក្នុងសកម្មភាពឡើងភ្នំមួយនេះ ដើម្បីជួយដល់មន្ទីរពេទ្យកុមារក្នុងទីក្រុង Birmingham ដែលរូប Serene ក៏ធ្លាប់ជាទារកនៅ ដែលត្រូវបានទទួលការព្យាបាលពីទីនេះរហូតដល់នាងជាសះស្បើយពីជំងឺ និងមានសុខភាពល្អខ្លាំងរហូតមកដល់នាពេលបច្ចុប្បន្ននេះផងដែរ៕ ប្រភព៖ Khaosod

 

 

 

អ្នកឧកញ៉ា គិត ម៉េង ចាយលុយ៣០០លានដុល្លារ សាងសង់ព្រលានយន្តហោះអន្តរជាតិនៅកោះរ៉ុង

0

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង បានធ្វើឡើង នៅសណ្ឋាគារ Cambodiana Hotel រាជធានីភ្នំពេញ។

បើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នា ដែលបណ្ដាញព័ត៌មានទទួលបានបញ្ជាក់ថា «យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ៣០០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ ក្នុងរយៈពេល៥ឆ្នាំ»

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ៕

ឥទ្ធិពលដ៏ខ្លាំងក្លារបស់រថក្រោះខ្លារខិន ធ្វើឲ្យសម្ពន្ធមិត្តអន្ទះសា រំអុកដល់អធិការបតីអាល្លឺម៉ង់ឡើងវិលមុខ

0

រដ្ឋធានីប៊ែរឡាំង៖ ស្របពេលរុស្ស៊ីកំពុងតែបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ហើយបណ្ដាប្រទេសលោកខាងលិចជាច្រើន កំពុងតែអន្ទះសា ចង់បញ្ជូនរថក្រោះប្រយុទ្ធរបស់បស្ចិមលោក ទៅជួយដល់អ៊ុយក្រែន ផងនោះ ទើបក្រុមមេដឹកនាំ និង រដ្ឋមន្រ្ដី នៃប្រទេសជាសម្ពន្ធមិត្ត កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំង ទៅលើអធិការបតីអាល្លឺម៉ង់ ជំរុញឲ្យយល់ព្រម ផ្ដល់នូវការអនុញ្ញាត បញ្ជូនរថក្រោះ Leopard (ឬ រថក្រោះខ្លារខិន) ទៅជួយដល់ក្រុងកៀវ ដើម្បីបណ្ដេញទាហានក្រុងមូស្គូ ឲ្យចេញពីប្រទេសអឺរ៉ុបខាងកើតមួយនេះ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៨ ខែមករា ថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺង់ កាលពីថ្ងៃអង្គារ កំពុងតែប្រឈមមុខនឹងសម្ពាធ កាន់តែខ្លាំងឡើង ពីសមភាគីអឺរ៉ុបរបស់គាត់ ដើម្បីផ្ដល់ការអនុញ្ញាត ដល់ការនាំចេញរថក្រោះ Leopard ផលិត នៅក្នុងប្រទេសអាល្លឺម៉ង បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះ លោក បែន វ៉ាលឡេស (Ben Wallace) រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានរិះគន់ដល់សកម្មភាពស្ទាក់ស្ទើររបស់ក្រុងប៊ែរឡាំង នៅក្នុងការបញ្ជូនរថក្រោះប្រយុទ្ធ ផលិត ដោយអាល្លឺម៉ង់ ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយនឹងការរិះគន់នោះ ប្រមុខការពារជាតិរូបនេះ បានជំរុញឲ្យលោក អូឡាហ្វ សូលហ្ស៍ ផ្ដល់ការអនុញ្ញាតដល់ការនាំចេញរថក្រោះដ៏ទំនើបរបស់អាល្លឺម៉ង់ ទៅជួយដល់ក្រុងកៀវ។ លើសពីនេះទៅទៀត លោករដ្ឋមន្រ្ដី ថែមទាំងបានអះអាង ថា ប្រសិនបើក្រុងប៊ែរឡាំង បើកភ្លើងខៀវ នឹងមានប្រទេស ចំនួន១៤ ដែលប្រើប្រាស់រថក្រោះ Leopard នឹងបញ្ជូនរថចម្បាំង ប្រភេទនេះ ទៅជួយដល់អ៊ុយក្រែន។

ការជំរុញរបស់បណ្ដាប្រទេសជាសម្ពន្ធមិត្ត នឹងក្លាយជាសម្ពាធមួយ ធ្លាក់មកលើរដ្ឋមន្រ្ដីក្រសួងការពារជាតិថ្មីរបស់អាល្លឺម៉ង ទើបនឹងលេចឈ្មោះ កាលពីថ្ងៃអង្គារ គឺលោក បូរីស ពីស្ដូរូស (Boris Pistorius) ជាមួយនឹងជម្រើសដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់កៅអីនៅទំនេរនេះ ក្រោយពេលលោកស្រីរដ្ឋមន្រ្ដី គ្រីស្ទីន ឡាមប៊្រីច (Christine Lambrecht) បានប្រកាសលាលែង ពីតំណែង កាលពីប៉ុន្មានថ្ងៃមុននេះ។

ក្រុមមេដឹកនាំ និង រដ្ឋមន្រ្ដីជាច្រើនប្រទេស រួមមាន ហ្វាំងឡង់ដ៍ លីទុយអានី ប៉ូឡូញ និង ចក្រភពអង់គ្លេស បានបន្លឺសំឡេងរបស់ពួកគេ ទាមទារកាន់តែខ្លាំងឡើង ជំរុញឲ្យក្រុងប៊ែរឡាំង ឆ្លើយបំភ្លឺ អំពីការអនុញ្ញាតនូវការនាំចេញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ សម្រាប់បញ្ជូនទៅជួយដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែតស៊ូ ប្រយុទ្ធនឹងទាហានរុស្ស៊ី។

លោក អេនហ្សេ ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញ បានរំឭកដល់អ្នកស្តាប់ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ថា ក្រុងវ៉ាសាវី បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីផ្គត់ផ្គងរថក្រោះប្រយុទ្ធ Leopard ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ចំនួន១៤គ្រឿង សម្រាប់បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែប៉ូឡូញ ត្រូវការការយល់ព្រម ពីក្រុងប៊ែរឡាំង សម្រាប់ការនាំចេញរថក្រោះ ប្រភេទនេះ ដោយសារតែអាល្លឺម៉ង់ ជាអ្នកផលិត និង ជាអ្នកកាន់អាជ្ញាប័ណ្ណនាំចេញ។

លោកប្រធានាធិបតី ឌូដា បានបញ្ជាក់ ថា «យើងនៅតែមានក្ដីសង្ឃឹម ហើយយើងកំពុងតែព្យាយាម រៀបចំនូវកិច្ចគាំទ្រដ៏ធំ សម្រាប់អ៊ុយក្រែន។ យើងសង្ឃឹម ថា ក្រុមហ៊ុនផលិតរថក្រោះទាំងអស់របស់លោកខាងលិច ដូចជា អាល្លឺម៉ង់ ក៏នឹងចូលរួម នៅក្នុងរឿងនេះផងដែរ បើតាមគំនិតរបស់ខ្ញុំ គឺល្អ ល្អខ្លាំងណាស់….។

ទន្ទឹមគ្នានេះ លោក ប៉េកកា ហាអាវីស្ដូ (Pekka Haavisto) រដ្ឋមន្រ្ដីក្រសួងការបរទេសហ្វាំងឡង់ដ៍ ក៏បានថ្លែងជាដដែលៗ អំពីសុច្ឆន្ទៈរបស់ក្រុងហែលស៊ីងគី (Helsinki) នៅក្នុងការបញ្ជូនក្រោះប្រយុទ្ធ Leopard ជាច្រើនគ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន។

ប្រមុខការទូតហ្វាំងឡង់ដ៍ រូបនេះ បានសង្កត់ធ្ងន់ ថា «យើងសង្ឃឹម ថា ការសម្រេចចិត្ត ដើម្បីផ្តល់រថក្រោះ Leopard នឹងក្លាយជាការពិត ព្រោះក្រុងហែលស៊ីងគី ពិតជាបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការចូលរួមចំណែករបស់ខ្លួន នៅក្នុងកិច្ចគាំទ្រ ជួយដល់អ៊ុយក្រែន។

ស្របគ្នានេះ លោក វីតាលី គ្លីតស្កូ (Vitali Klitschko) ចៅហ្វាយក្រុងកៀវ និង ជាអតីតកីឡាករប្រដាល់អាជីពទម្ងន់ធ្ងន់របស់អ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា គាត់បានជួបពិភាក្សាគ្នាជាមួយនឹងលោក រ៉ូប៊ឺត ហាបែក (Robert Habeck) អធិការបតីរង និង ជារដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ជុំវិញការផ្ទេរគ្រឿងសឹកចម្បាំងទាំងនេះរួចមកហើយដែរ៕

វិធី៥យ៉ាង ព្យាបាលរបួសនៅពេលបាក់បែកស្នេហា កុំឲ្យនឹកគេខ្លាំងពេក

0

នៅ​ពេល​ជួប​រឿង​ឈឺ​ចាប់ បែក​បាក់​ស្នេហា ​មនុស្ស​ស្រី​ណា​ក៏​យំ​ដែរ និង​ថែម​ទាំង​មាន​អារម្មណ៍​ថា​ខុស​ចំពោះ​សង្សារ​ទៀត​ផង។ ​តែ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​អាច​កាត់​ចិត្ត​​បាន​តាម​រយៈ​វិធី​សាស្រ្ត​ខាង​ក្រោម៖

 

១. ពង្រឹង​ខ្លួន​ឯង

​ព្យាយាម​ធ្វើ​ខ្លួន​ឯង​ឲ្យ​រឹង​មាំ​តាម​លទ្ធភាព​ដែល​អាច​​ទៅ​រួច ​ហើយ​ពេល​ទំនេរ​គួរ​ឆ្លៀត​ដើរ​លេង​ខ្លះ ​ដើម្បី​ឲ្យ​អារម្មណ៍​មាន​ផាសុកភាព​ឡើង​វិញ។

២. ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា ​ពេល​នេះ​អ្នក​កំពុង​ធ្វើ​បាន​​ល្អ​បំ​ផុត​ហើយ

​​យ៉ាង​ហោច​ណាស់ ​អ្នក​ក៏​បាន​ដក​ស្រង់​បទ​ពិសោធន៍​ពី​រឿង​ទាំង​នេះ ​ ទោះ​ជា​វា​មិន​ងាយ​ស្រួល​ក៏​ដោយ។ ​តែ​អ្នក​ក៏​​មិន​បាច់​ត្រូវ​ប្រថុយ​​ត្រូវ​ខូច​ចិត្ត​ម្តង​ទៀត​នោះ​ដែរ ​ដោយសារ​​តែ​​នៅ​ពេល​នេះ ​អ្នក​​​ដឹង​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​រឿង​មួយ​ល្អ​បំ​ផុត​ហើយ។

៣. ​​​កុំ​ដាក់​ទោស​ចំពោះ​ខ្លួន​ឯង

យ៉ាង​ណា​ក៏​ដោយ ​គួរ​ក្រឡេក​មើល​ពិភព​លោក​​នេះ​ក្នុង​ផ្លូវ​វិជ្ជមាន​ និង​រៀន​បំភ្លេច​អតីត​មិត្ត​ប្រុស​ម្តង​​បន្តិច​ៗ។ ​ធ្វើ​ខ្លួន​ជា​មនុស្ស​រឹង​មាំ ​ចាត់​ទុក​ថា​នេះ​ជា​មេរៀន​ដែល​ត្រូវ​ចង​ចាំ​​​ តែ​ប៉ុណ្ណឹង​ទៅ​​បាន​ហើយ។

៤. ​អត់​ធ្មត់

​​កា​​រ​ឈឺ​ចាប់​មួយ​នេះ ​មិន​ខុស​ពី​កាំ​បិត​កាប់​សាច់​​របស់​អ្នក​នោះ​ទេ ​ដូច្នេះ​​សូម​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​បាន​សម្រាក ​ហើយ​បើ​ចង់​យំ​ ​ត្រូវ​តែ​យំ​ឲ្យ​អស់​ចិត្ត​ចុះ។ ទោះ​ជា​ត្រូវ​​ប្រើ​ពេល ​៣ -​៤ ​ខែ​ដើម្បី​កាត់​ចិត្ត​ក៏​ដោយ ​តែ​សុំ​កុំ​បណ្តោយ​ឲ្យ​ខ្លួន​ឯង​ប្រើ​ពេល​អស់​ដល់​ទៅ​មួយ​ជីវិត។

៥. ​​កុំ​ស្តី​បន្ទោស​ខ្លួន​ឯង

នៅ​ពេល​​ត្រូវ​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ឯង​ស្រលាញ់ ​នរណា​ក៏​ឈឺ​ចិត្ត និង​មាន​អារម្មណ៍​មិន​ល្អ​កើត​ឡើង​ដែរ។ ​អ្នក​ក៏​ប្រហែល​មាន​​អារម្មណ៍​ថា ​​ខ្លួន​ឯង​មិន​​ល្អ​​គ្រប់​គ្រាន់ ​​​រហូត​​មក​អង្គុយ​ក្រៀម​ក្រំ ​ឈឺ​ចិត្ត​ម្នាក់​ឯង។ ​តែ​អ្នក​មិន​ត្រូវ​គិត​បែប​នេះ​ទេ ជួន​កាល​ដោយសារ​តែ​អ្នក​និង​គាត់​មិន​​មែន​ជា​គូ​ព្រេង​នឹង​គ្នា ​ដូច្នេះ​កម្ម​ដែល​ជំពាក់​គ្នា​បាន​ត្រឹម​ប៉ុណ្ណឹង ​​ដូច្នេះ​ហើយ​គួ​រតែ​ទុក​ពេល​ដល់​ខ្លួន​ឯង​ជាមួយ​មនុស្ស​ដែល​គេ​ស្រលាញ់​អ្នក​វិញ ​ទើប​ជា​រឿង​ល្អ​៕

មុខកាន់តែចាស់ ដោយសារចូលចិត្តធ្វើរឿងយ៉ាប់ៗទាំងនេះពេក

0

ស្នាម​ជ្រួញ ​រួម​ទាំង​ការ​ចាស់​មុន​អាយុ គឺ​​ងាយ​នឹង​កើត​ឡើង​ណាស់​សម្រាប់​នារី​គ្រប់​រូប។ ​មូល​ហេតុ​ ដោយសារ​កត្តា​ផ្សេង​ៗ​ដែល​ពិបាក​ដោះ​ស្រាយ។ ​យ៉ាង​ណា​ក្តី ​មាន​វិធី​ល្អៗ​មួយ​ចំនួន​ដើម្បី​​ការពារ ​កុំ​ឲ្យ​ហួស​ពេល​បាន។ ដូច្នេះ ​អ្នក​ត្រូវ​បញ្ចប់​ទម្លាប់​អាក្រក់​មួយ​ចំនួន​ខាង​ក្រោម​៤ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​។​

១. វក់នឹងមើលទូរសព្ទរាប់ម៉ោង

​ការ​ញៀន​ជាមួយ​នឹង​បណ្តាញ​សង្គម គឺ​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជ្រួញ ពិសេសការ​សម្លឹង​មើល​ទូរសព្ទ​រាប់​ម៉ោង​ដោយ​មិន​ធ្វើ​ចលនា​ ក​បន្តិច​សោះ។ ​ស្បែក​នៅ​ជុំ​វិញ​ក ​រួម​ទាំង​ចង្កា​ងាយ​យារ​ធ្លាក់​ផង​ដែរ។ ​លើស​ពី​នេះ ​សូម្បី​ស្មា​ក៏​រង​នូវ​សម្ពាធ​ដែល​យូរ​ទៅ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​គឺ ​ការ​ចុក​រោយ​អស់​កម្លាំង។ ​ដូច្នេះ បើ​អ្នក​មិន​ចង់​មាន​ក​ជ្រួញ ​ឈឺចាប់​ស្មា រួម​ទាំង​ចង្កា​ជ្រួញ​​ទេ ​គួ​រ​​តែ​កុំ​មើល​ទូរសព្ទ​យូរ​ម៉ោង​ពេក ​។ ​អ្នក​គួរ​ឧស្សាហ៍​ធ្វើ​ចលនា​ក ​ដោយ​ការ​ងាក​ចុះ​ឡើង ឬ​ឈ្លី ដើម្បី​ឲ្យ​សាច់​ដុំ​មាន​ចលនា​ឡើង​វិញ។

២. បើក​ភ្នែក​ឡើង​មិន​ទាន់ ​ស្រវា Contact lenses មក​ពាក់

សម្រាប់​អ្នក​ដែល​​មាន​បញ្ហា​មីញ៉ូប​ជិត ហើយ​មិន​ចង់​ពាក់​វ៉ែន​តា ​ពួក​គេ​បាន​ជ្រើស​រើស​យក​ការ​ពាក់ Contact lenses។ ​យ៉ាង​ណា​ក៏​ដោយ វា​ក៏​ងាយ​នឹង​លេច​ស្នាម​ជ្រួញ​នៅ​​ក្រោម​ភ្នែក​ផង​ដែរ។ ​លើស​ពី​នេះ ​បើ​អ្នក​ឧស្សាហ៍​អេះ​ភ្នែក​ញឹក​ញាប់ វា​ក៏​នឹង​ផ្តល់​ទុក្ខ​ទោស​ដូច​គ្នា។

 

៣. ​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្បែក

ស្បែក​ស្ងួត មក​ពី​កង្វះ​​ជាតិ​សំណើម​​ដែល​នេះ​ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ងាយ​ជ្រួញ​ផង​ដែរ។ ​ដូច្នេះ​ហើយ ​នារី​ដែល​មាន​ស្បែក​ស្ងួត ​ឆាប់​ជ្រួញ​ជាង​នារី​មាន​ស្បែក​ឡើង​ប្រេង។ ​​ហេតុ​នេះ ​នារី​ៗ​ទាំង​អស់​គួរ​តែ​ងាក​មក​ចិញ្ចឹម​ស្បែក​ដោយ​បន្ថែម​ជីវជាតិ និង​ជាតិ​ទឹក​ដល់​ស្បែក ដូច​ជា​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ប្រើ​ផលិត​ផល​ដែល​ជួយ​ផលិត​សំណើម​ដល់​ស្បែក ​និង​អាហារ​មាន​វីតាមីន។ ​នៅ​ពេល​ស្បែក​មាន​សំណើម វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​បាន​មួយ​ផ្នែក​ធំ​ផង​ដែរ។

៤. ​មិន​ចេះ​ធ្វើ​មុខ​ឲ្យ​​សប្បាយ​រីក​រាយ

មុខ​ក្រញ៉ូវ យំ​​មិន​ឈប់ ​ស្រ្តេស សុទ្ធ​តែ​ជា​កត្តា​ដែល​ងាយ​ឲ្យ​ស្បែក​មើល​ទៅ​ចាស់​មុន​អាយុ។ ​ដោយសារ​តែ​កត្តា​ផ្លូវ​ចិត្ត រួម​ទាំង​អារម្មណ៍​ខាង​ក្នុង​ដែល​អ្នក​មាន ​វា​បង្ហាញ​​ចេញ​ក្រៅ​មក​ទាំង​អស់ ដូច្នេះ​ស្បែក​មុខ​របស់​អ្នក​ក៏​ងាយ​នឹង​រង​ឥទ្ធិពល ទៅ​ជា​ងាយ​ជ្រួញ​បំ​ផុត។ ​ដូច្នេះ​បើ​អ្នក​មិន​ចង់​ឆាប់​ចាស់​មុន​អាយុ​ទេ ​គួរ​តែ​កាត់​បន្ថយ​ការ​បញ្ចេញ​អារម្មណ៍​អស់​ៗ​តាម​រយៈ​ទឹក​មុខ​ទៀត ​បញ្ឈប់​ស្រ្តេស ​នឹង​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​​មុន​មិន​ខាន៕

រដ្ឋមន្ត្រីការបរទេសអាមេរិកគ្រោងទៅទស្សនកិច្ចនៅចិនជាលើកដំបូងក្នុងរយៈពេលជាង ៤ ឆ្នាំ បន្ទាប់ពីចិនបើកប្រទេស

0

បរទេស៖ លោក Anthony Blinken ដែលជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គ្រោងនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង នៅដើមខែកុម្ភៈនេះ បន្ទាប់ពីប្រទេសចិនបានបើកប្រទេសឡើងវិញកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិនឱ្យដឹងថា បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនដែលដឹកនាំដោយ “Politico” បង្ហាញថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken គ្រោងរៀបចំដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំងប្រទេសចិន ចន្លោះពីថ្ងៃទី៥ ដល់ទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣ដើម្បីជួប ជាមួយលោក Qin Kang ដែលជារដ្ឋមន្ត្រីការបរទេសចិនថ្មី ដែលទើបតែឡើងកាន់តំណែងកាលពីចុងឆ្នាំមុន។

បន្ថែមពីនោះអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានលើកឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រទេសចិននឹងស្វាគមន៍ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken យ៉ាងកក់ក្ដៅ ហើយពេលនេះខ្លួនកំពុងរក្សាការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិកលើការរៀបចំពាក់ព័ន្ធ ខណៈ មកដល់ពេលនេះភ្នាក់ងារនៃភាគីទាំងសងខាង កំពុង សម្របសម្រួលជាបន្តបន្ទាប់លើភារកិច្ចពាក់ព័ន្ធនឹងការទស្សនៈកិច្ចនាថ្ងៃខាងមុខ។

ទោះជាយ៉ាងណាបើយោងទៅតាមរបាយការណ៍ដែលចេញមក បានបញ្ជាក់ថាប្រសិនបើដំណើរទស្សនកិច្ចរបស់លោក Blinken ពិតជាបានកើតឡើងនាថ្ងៃខាងមុននេះមែន វានឹងក្លាយជាដំណើរផ្លូវការទៅកាន់ទីក្រុងប៉េកាំង ជាលើកដំបូង ក្នុងរយៈពេលជាងបួនឆ្នាំដែលអ្នកការទូតលេខមួយមកពីក្រុង វ៉ាស៊ីនតោន ចាប់តាំងពី ខែតុលា ឆ្នាំ ១០១៨ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ធ្លាប់បានជួបជាមួយលោក Wang Yi ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់បក្សកុម្មុយនិស្តនៃប្រទេសចិន៕ ប្រភព៖ Dailynews

 

ជួយចិញ្ចឹមស្បែកឲ្យភ្លឺថ្លាពីខាងក្នុងដោយបន្លែ ផ្លែឈើ៥មុខ ផ្ទុកជាតិខូឡាជែនច្រើនមិនធម្មតា

0

នៅ​ពេល​និយាយ​​ពី​ខូ​ឡា​ជែន ​មនុស្ស​គ្រប់​គ្នា​ប្រាកដ​ជា​គិត​ទៅ​ដល់​​សារធាតុ​ដែល​ជួយ​ដល់​ស្បែក​ឲ្យ​ភ្លឺ​ថ្លា ​ស្អាត ​និង​ក្មេង​ជាង​វ័យ​មិន​ខាន។ ​តាម​ពិត​ខូ​ឡា​ជែន​មិន​មែន​មាន​តែ​ក្នុង​ថ្នាំ​ដែល​គេ​លក់​តាម​អន​ឡាញ​ទេ ​នៅ​ក្នុង​ផ្លែ​ឈើ ​និង​បន្លែ​ក៏​មាន​ដែរ ព្រម​ទាំង​ងាយ​ស្រួល​ទិញ​ថែម​ទៀត​ផង។ ​ក្នុង​​នោះ​មាន​ដូច​ជា៖

១. ​សណ្តែក​ខៀវ​

​ជា​ទូ​ទៅ ​​សណ្តែក​​ខៀវ​ផ្តល់​​វីតាមីន​ដល់​រាង​កាយ ចំនួន ៣៧​% , ​Fiber ១៥ % ​និង​ ​ផូ​ស្វាត ៨ % ។ ​កាន់​តែ​សំខាន់​នោះ ​វា​ជួយ​ចិញ្ចឹម​ដល់​កោសិកា​ស្បែក ​ព្រម​ទាំង​សម្បូរ​ដោយ​ជីវជាតិ​ខ្ពស់​ក្នុង​ការ​ទ្រ​ទ្រង់​រាង​កាយ។

២. ​ម្ទេស​ហា​វៃ

​រវាង​ម្ទេស​ហា​វែ​ពណ៍​ក្រហម ​លឿង ​និង​បៃ​តង ​ទាំង​៣​នេះ​សុទ្ធ​តែ​មាន​គុណ​ប្រយោជន៍​ខុស​គ្នា។ ​ចំពោះ​ម្ទេស​ហា​វៃ​ពណ៍​ក្រហម ​និង​លឿង​ផ្ទុក​វីតាមីន C ​​ព្រម​ទាំង Beta caroteneច្រើន​ជាង ​ពណ៍​បៃ​តង ។ ​ចំណែក​ម្ទេស​ហា​វៃ​ពណ៍​បៃ​តង​វិញ ​ផ្ទុក​វីតាមីន A ​​ក្នុង​ការ​ជួយ​រក្សា​ស្បែក​​ឲ្យ​រឹង​មាំ ​ព្រម​ទាំង​ភ្នាស​សរីរាង្គ​ឲ្យ​រឹង​មាំ​ផង​ដែរ។

៣. ​​ម្រះ

ថ្វី​ដ្បិត​តែ​វា​មាន​រស​ជាតិ​ល្វី​ង​​ក៏​ពិត​មែន ​តែ​​ម្រះ​សម្បូរ​ដោយ​វី​តាមីន C ​ច្រើន​ជាង​បន្លែ​ដ​ទៃ​។ ​ក្រៅ​ពី​នេះ ​វា​ក៏​ផ្ទុក​ជាតិ Fiber ​និង ​ Lutein ​​ដែល​ជា​​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ​ក្នុង​ក្រុម carotenoids ​​ផង​ដែរ។ ​​​ម្រះ​​ក៏​ជួយ​ការ​ពារ​ការ​បំ​ផ្លាញ​កោសិកា​ពី​រ៉ាឌីកាល់​សេរី ​ដែល​បណ្តាល​មក​ពី​​ថាម​ពល​មេ​តា​បូ​លី​សឹម​ក្នុង​រាង​កាយ ​ដែល​វា​ជា​មុខ​ងារ​សំខាន់​ក្នុង​ការ​ក្សា​​ជួយ​កែវ​ភ្នែក​ឲ្យ​ភ្លឺ​ថ្លា​ល្អ​។

៤. ​ផ្លែ​ត្របែក

​​ផ្លែ​ឈើ​មួយ​មុខ​នេះ ​សម្បូរ​ដោយ​វីតាមីន C ​ច្រើន​ជាង​៦​ដង​នៅ​ក្នុង​ផ្លែ​ក្រូច និង​១៨​ដង ​ច្រើន​​ជាង​នៅ​ក្នុង​ផ្លែ​ម្នាស់។ ​បន្ថែម​​ពី​នេះ ​​វា​ត្រូវ​បាន​គេ​វិភាគ​ឃើញ​ថា​មាន​បរិមាណ​​ជីវជាតិ​យ៉ាង​​ច្រើន​ក្នុង​ផ្លែ​ត្រ​បែក ​ពិសេស​ពី​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដ៏​លើស​លប់​ច្រើន​ជាង​ផ្លែ​ឈើ​ផ្សេង​ៗ។ ​តែ​ដើម្បី​ទទួល​បាន​​វីតាមីន​ពេញ​បរិបូរណ៍​​ពី​ផ្លែ​ត្របែក ​អ្នក​គួរ​ពិសារ​ទាំង​សម្បក​ទើប​ល្អ​។

៥. ​​ផ្លែ​គូ​លែន

​ផ្លែ​ឈើ​រស​ជាតិ​ផ្អែម​មួយ​នេះ ​ក៏​សម្បូរ​ដោយ​វីតាមីន C ​​រួម​ទាំង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​​ផង​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ​ដោយសារ​ផ្លែ​ឈើ​នេះ​ផ្ទុក​ជាតិ​ស្ករ​ច្រើន ​ដូច្នេះ​អ្នក​មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ​ក្នុង​មួយ​ថ្ងៃ​។

ចាំក្មេងស្រីសកម្មជនបរិស្ថានដ៏ល្បីនៅអឺរ៉ុបម្នាក់នេះទេ ពេលនេះនាងត្រូវបានប៉ូលិសអាល្លឺម៉ង់ឃាត់ខ្លួនហើយ

0

បែរឡាំង៖ សកម្មជនការពារបរិស្ថានដ៏លេចធ្លោរម្នាក់ គឺកញ្ញា ហ្គ្រេតតា ធុនបឺគ (Greta Thunberg) ត្រូវបានប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួន ក្នុងពេលដឹកនាំការធ្វើបាតុកម្មតវ៉ាមួយ ប្រឆាំងនឹងការពង្រីកអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅក្នុងភូមិ លូតហ្សេរ៉ាត់ ( Lützerath) នៃភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។​

នេះគឺជាលើកទី២ហើយ ដែលកញ្ញា Greta Thunberg ត្រូវបានប៉ូលិសអាល្លឺម៉ង់ចាប់ឃុំខ្លួនជាបណ្ដោះអាសន្ន ដោយកាលពីថ្ងៃអាទិត្យកន្លងទៅសកម្មជនរូបនេះក៏ត្រូវបានប៉ូលិស ចាប់ខ្លួនផងដែរ និងលើកទី២ គឺនៅថ្ងៃអង្គារសប្ដាហ៍នេះ។ បើតាមប៉ូលិសអាល្លឺម៉ង់ ក្រុមបាតុករដឹកនាំដោយកញ្ញា Greta Thunberg បានសម្រុកចូលទៅក្នុងតំបន់អណ្ដូងរ៉ែ ដោយ ទម្លុះរនាំងការពារ ហើយប៉ូលិសក៏បានព្រមានឱ្យក្រុមបាតុករចាកចេញផងដែរ តែក្រុមបាតុករបានបដិសេធ ជាហេតុបង្ខំឱ្យប៉ូលិសប្រើកម្លាំងបាយនាំខ្លួនបាតុករចេញពី កន្លែងគ្រោះថ្នាក់ និងឃុំខ្លួនពួកគេជាបណ្ដោះអាសន្ន។

អ្នកនាំពាក្យប៉ូលិសអាល្លឺម៉ង់ លោក គ្រីស្ដូហ្វ ហ៊ូល (Christof Hüls) បានទទួលស្គាល់ថានៅក្នុងចំណោមបាតុករដែលត្រូវបានឃាត់ខ្លួន ក៏មានកញ្ញា Greta Thunberg ផងដែរ។ លោក ហ៊ូល បានគូសបញ្ជាក់ដូច្នេះថា «យើងដឹងថាគាត់ជានរណា ប៉ុន្តែគាត់មិនអាចទទួលបានការមើលថែ VIP នោះទេ»។ លោកបន្ថែមថាសកម្មជន Greta Thunberg មិនបាន ប្រើកម្លាំងបាយប្រឆាំងនឹងប៉ូលិសឡើយ។

គួរបញ្ជាក់ថា កញ្ញា Greta Thunberg និងបាតុករដែលត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានដោះលែងវិញហើយ នៅល្ងាចថ្ងៃដដែលនោះតែម្ដង៕