ធ្លាប់រងនូវពាក្យសម្តីមាក់ងាយរើសអើងគ្រប់សព្វមិនលើកឡើងសូម្បីតែពណ៌សម្បុរប៉ុន្តែពេលនេះ អ៊ិន លក្ខិណា បានបង្ហាញថានាងអាចជម្នះពាក្យសម្តីទាំងអស់នោះហើយជីវិតរបស់នាងគឺនាងជាអ្នកកំណត់។ បច្ចុប្បន្ននេះ លក្ខិណា ជាបវរកញ្ញាមានប្រជាប្រិយភាពមួយរូបជាពិសេសមានការងារជាច្រើននៅឯប្រទេសវៀតណាម។

បន្ទាប់ពីក្លាយជា Miss Cosmo Cambodia 2024 និងបានឈានដល់ចំណាត់ថ្នាក់១០នាក់ចុងក្រោយនៅលើឆាកអន្តរជាតិកេរ្តិ៍ឈ្មោះរបស់ អ៊ិន លក្ខិណា កាន់តែខ្ពស់ត្រដែតជាងមុនថែមទាំងមានក្រុមហ៊ុនគ្រប់គ្រងនៅឯប្រទេសវៀតណាមថែមទៀតដើម្បីជួយសម្រួលការងាររបស់នាងនៅទីនោះ។ ថ្មីៗនេះ លក្ខិណា ក៏បានក្លាយជាមុខមាត់បវរកញ្ញាខ្មែរមួយរូបដែលបង្ហាញខ្លួនក្នុងកម្មវិធី Fashion Show ជាមួយនឹងរ៉ូបរាត្រីស្រមោលសដ៏ស្រស់ស្អាត។

មានឱកាសស្ទើរតែមិនលោះពេលនៅឯក្រៅប្រទេសនេះ អ៊ិន លក្ខិណា បានបង្ហាញនៅក្នុងវីដេអូមួយដែលកន្លងមកនេះនាងធ្លាប់ទទួលរងនូវពាក្យសម្តីមាក់ងាយជាច្រើនប៉ុន្តែនាងមិនឱ្យពាក្យសម្តីទាំងនោះកំណត់ជីវិតរបស់នាងបាននោះទេ។ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា អ៊ិន លក្ខិណា បាននិយាយនៅក្នុងវីដេអូថា មានមនុស្សមួយចំនួនបាននិយាយឱ្យនាងថាមិនសមធ្វើជាបវរកញ្ញា ម៉ូដែល ហើយនាងបានឆ្លងកាត់រឿង Bully ជាច្រើន។ លក្ខិណា ថានាងធ្លាប់រងការរើសអើងពណ៌សម្បុរ រូបសម្រស់ រួមទាំងចំណេះដឹង ប៉ុន្តែនាងអាចជម្នះពាក្យសម្តីទាំងអស់នោះបាន។
Miss Cosmo Cambodia 2024 បន្ថែមថា មកទល់សព្វថ្ងៃនេះនាងទទួលបានមេរៀន និងរឹងមាំហើយក៏មិនសូវខ្វល់នឹងពាក្យសម្តីទាំងនោះដូចគ្នា។
ការតស៊ូរបស់ អ៊ិន លក្ខិណា ត្រូវបានអ្នកតាមដានវិស័យបវរកញ្ញាមើលឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់នាងដោយឆ្លងកាត់ការប្រកួតជាបន្តបន្ទាប់រហូតមានឱកាសតំណាងប្រទេសចំនួន២ដងហើយបានសាងប្រជាប្រិយភាពដូចសព្វថ្ងៃនេះ។ លើសពីនេះទៅទៀត អ៊ិន លក្ខិណា ហាក់ដូចជាមិនទាន់អស់មហិច្ឆតារបស់ខ្លួននោះទេ ខណៈមានដំរួយមួយចំនួនដែលហាក់បង្ហាញថារូបនាងនឹងចូលប្រកួតលើវិស័យនេះម្តងទៀត៕










