បរទេស៖ លោក Anthony Blinken ដែលជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គ្រោងនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង នៅដើមខែកុម្ភៈនេះ បន្ទាប់ពីប្រទេសចិនបានបើកប្រទេសឡើងវិញកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិនឱ្យដឹងថា បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនដែលដឹកនាំដោយ “Politico” បង្ហាញថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken គ្រោងរៀបចំដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំងប្រទេសចិន ចន្លោះពីថ្ងៃទី៥ ដល់ទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣ដើម្បីជួប ជាមួយលោក Qin Kang ដែលជារដ្ឋមន្ត្រីការបរទេសចិនថ្មី ដែលទើបតែឡើងកាន់តំណែងកាលពីចុងឆ្នាំមុន។

បន្ថែមពីនោះអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានលើកឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រទេសចិននឹងស្វាគមន៍ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken យ៉ាងកក់ក្ដៅ ហើយពេលនេះខ្លួនកំពុងរក្សាការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិកលើការរៀបចំពាក់ព័ន្ធ ខណៈ មកដល់ពេលនេះភ្នាក់ងារនៃភាគីទាំងសងខាង កំពុង សម្របសម្រួលជាបន្តបន្ទាប់លើភារកិច្ចពាក់ព័ន្ធនឹងការទស្សនៈកិច្ចនាថ្ងៃខាងមុខ។

ទោះជាយ៉ាងណាបើយោងទៅតាមរបាយការណ៍ដែលចេញមក បានបញ្ជាក់ថាប្រសិនបើដំណើរទស្សនកិច្ចរបស់លោក Blinken ពិតជាបានកើតឡើងនាថ្ងៃខាងមុននេះមែន វានឹងក្លាយជាដំណើរផ្លូវការទៅកាន់ទីក្រុងប៉េកាំង ជាលើកដំបូង ក្នុងរយៈពេលជាងបួនឆ្នាំដែលអ្នកការទូតលេខមួយមកពីក្រុង វ៉ាស៊ីនតោន ចាប់តាំងពី ខែតុលា ឆ្នាំ ១០១៨ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ធ្លាប់បានជួបជាមួយលោក Wang Yi ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់បក្សកុម្មុយនិស្តនៃប្រទេសចិន៕ ប្រភព៖ Dailynews