Home Blog Page 1811

ការផលិតទំនិញតាមរោងចក្ររបស់វៀតណាមកើនឡើង

0

ប្រទេសវៀតណាម ៖ ការផលិតទំនិញក្នុងផ្នែកឧស្សាហកម្ម និងការនាំចេញរបស់វៀតណាមបានកើនឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះមួយផ្នែកដោយសារចំនួនការលក់ស្បែកជើងកើនឡើង ។ ការផលិតកើនឡើងនេះជាសញ្ញាបង្ហាញថា តម្រូវការទំនិញវៀតណាមបានងើបឡើងវិញក្នុងពិភពលោក ។

ទោះយ៉ាងណា អ្នកគ្រប់គ្រងនៅតាមបណ្តារោងចក្រលើកឡើងថា តម្រូវការទំនិញវៀតណាមនៅលើពិភពលោកមិនច្បាស់លាស់ ហើយការផលិតទូរស័ព្ទស្មាតហ្វូន និងឧបករណ៍ទូរស័ព្ទដៃបានធ្លាក់ចុះ បើទោះជាការនាំចេញទូរស័ព្ទស្មាតហ្វូនកើនឡើងក្តី ។

ការិយាល័យស្ថិតិជាតិបញ្ជាក់ថា ការនាំចេញទំនិញរបស់វៀតណាមបានកើនឡើង១១% នៅខែកុម្ភៈ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ហើយការផលិតទំនិញក្នុងផ្នែកឧស្សាហកម្មកើនឡើង៣,៦% ក្នុងរយៈពេលដូចគ្នា ។ ការផលិតទំនិញកើនឡើងនៅខែកុម្ភៈនេះ គឺក្រោយពីការផលិតទំនិញបានធ្លាក់ចុះ៨% នៅខែមករា ឆ្នាំ២០២៣ ដូច្នេះ ការផលិតទំនិញតែងធ្លាក់ចុះជាធម្មតានៅថ្ងៃឈប់សម្រាកចូលឆ្នាំវៀតណាម ។

ទោះយ៉ាងណា ការផលិតទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នៅវៀតណាមបានធ្លាក់ចុះជិត១០% រីឯការផលិតឧបករណ៍ទូរស័ព្ទដៃក៏បានធ្លាក់ចុះជិត១៥%ដែរ ។ ជាមួយគ្នានេះ ការនាំចេញទូរស័ព្ទស្មាតហ្វូនបានកើនឡើង១៤,៧% ។

ចំណែកការផលិតស្បែកជើងវិញបានកើនឡើងជិត១៩% នៅខែកុម្ភៈ ឆ្នាំ២០២៣ ហើយការនាំចេញកើនឡើង៤,១% ក្រោយពីបានធ្លាក់ចុះខ្លាំងនៅខែមករា ។ ទោះយ៉ាងណា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៣ ការនាំចេញស្បែកជើងបានធ្លាក់ចុះ១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ។

ការនាំចេញទំនិញវៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅខែកុម្ភៈ ឆ្នាំ២០២៣ ស្មើនឹងទឹកប្រាក់២៥,៨៨ពាន់លានដុល្លារអាមេរិក ក្រោយពីធ្លាក់ចុះ២១,៣% នៅខែមករា ។ រីឯការនាំចូលទំនិញបានធ្លាក់ចុះប្រមាណ៦,៧% ៕ ប្រភព ៖ AEC connect

ប្រវត្តិនៃទិវានារីអន្តរជាតិ៨មីនា

0

ការក្រោកឡើងតវ៉ាប្រឆាំងរបស់កម្មការិនីនៅក្នុងរោងចក្រទាំងអស់ នឹងការកេងប្រវ័ញ្ច ការគៀបសង្កត់ ការជំរិតទារប្រាក់ ការរំលោភបំពានផ្សេងៗពីនិយោជកនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក បានក្លាយទៅជាប្រវត្តិសាស្ត្ររបស់ពិភពលោក។ ជីវភាពកម្មករស្ត្រីនៅទីក្រុងឈីកាហ្គោ វាមិនខុសពីទាសករប៉ុន្មានទេ ព្រោះគេត្រូវធ្វើការ ១២-១៥ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែទទួលបានប្រាក់ខែតិចណាស់ ហើយចំពោះស្ត្រីមានផ្ទៃពោះជារឿយៗត្រូវបានគេបណ្តេញចេញ។

ក្រោយមកក្រោមការដឹកនាំរបស់លោក Clara Zetkin (Clara Zetkin) ដែលជាអ្នកដឹកនាំកម្មកររោងចក្រតម្បាញជនជាតិអាល្លឺម៉ង់ គាត់បានក្រោកឡើងដើម្បីប្រឆាំងដោយធ្វើកូដកម្មនៅថ្ងៃទី៨ ខែមីនា ឆ្នាំ ១៩០៧ ដើម្បីទាមទារឱ្យនិយោជកកាត់បន្ថយម៉ោងធ្វើការពី ១២ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃមកត្រឹម ៨ ម៉ោងក្នុងមួយថ្ងៃ និងការលើកកម្ពស់សុខុមាលភាពនៅក្នុងរោងចក្រ ព្រមទាំងការផ្តល់សិទ្ធិបោះឆ្នោតដល់ស្ត្រី ។ នៅក្នុងការទាមទារនោះ ទោះបីជាមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនក៏ដោយ ប៉ុន្តែវាបានទទួលបានការគាំទ្រពីស្ត្រីជាច្រើននៅលើពិភពលោក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjMAiklFAGvfRYscauQZsmTnQfz0biSb2GjiVioSlBoUsh2vx-jYAH4YRwHfJW4m-fJ4D9g0QFmkhZls4I3_Cqovnr-zkcrDLNvPycY_QDiwd5ANsQEPAYdIiE4yoLcNlw5AzPtcavaqA-dZX_FH6k4kEsCOUqDmv2Wa96eRW4ZDIWV4i-LhZhWOy0yg/s1200/915711-83885-mnzhdsvqiq-1520418786.JPG

ទោះយ៉ាងណាក៏ដោយបីឆ្នាំក្រោយមក នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១០ ការទាមទាររបស់ស្ត្រីត្រូវតំណាងដុយស្ត្រីមកពី ១៨ ប្រទេសដើម្បីចូលរួមសមាជលើកទី ២ នៃស្ត្រីសង្គមនិយមនៅទីក្រុង Copenhagen ។ កិច្ចប្រជុំត្រូវបានប្រកាសពីការទាមទាររបស់កម្មការិនី ដោយកាត់បន្ថយម៉ោងធ្វើការមកត្រឹម ៨ម៉ោងក្នុងមួយថ្ងៃ សិក្សា៨ម៉ោង សម្រាក៨ម៉ោង និងកំណត់ប្រាក់ឈ្នួលពលកម្មរបស់ស្ត្រីស្មើនឹងប្រាក់ឈ្នួលពលកម្មរបស់បុរស។

លើសពីនេះទៀតការការពារសុខុមាលភាពរបស់ស្ត្រី និងពលកម្មកុមារតាមការស្នើសុំរបស់លោក Clara Zatkin នៅក្នុងកិច្ចប្រជុំ ក៏ត្រូវបានអនុម័តដោយបានប្រកាសនៅថ្ងៃទី ៨ ខែមីនា ថាជាទិវាសិទ្ធិនារីអន្តរជាតិចាប់តាំងពីពេលនោះមក។ ក្នុងឆ្នាំ២០២៣នេះ គឺជាខួបទី១១២ហើយ ។

តើស៊ុតគួររក្សាទុកក្នុងទូទឹកកកដែលឬទេ?

0

យោងតាមអ្នកជំនាញបាននិយាយថា ការរក្សាស៊ុតទុកក្នុងទូទឹកកកនឹងរក្សាបាននៅគុណភាពខ្ពស់និងភាពស្រស់ល្អ ប៉ុន្តែមិនគួរយកស៊ុតទៅដាក់នៅមាត់ទ្វារនៃទូទឹកកកឡើយ។ តាមការពិត នេះមិនមែនជាកន្លែងត្រឹមត្រូវសម្រាប់ទុកស៊ុតនោះទេ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ទ្វារទូទឹកកកគឺជាផ្នែកដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលសីតុណ្ហភាពរាល់ពេលដែលអ្នកបើកវា។ នេះជាដើមហេតុជំរុញឱ្យបាក់តេរីលូតលាស់ និងធ្វើឱ្យការការពាររបស់ស៊ុតចុះខ្សោយ បង្កើនហានិភ័យនៃការឆ្លងមេរោគបាក់តេរី។


ដូច្នេះ យោងតាមអ្នកជំនាញ ប្រជាជនគួរតែទុកស៊ុតនៅក្នុងផ្នែកដ៏ជ្រៅនៃទូទឹកកក ហើយសីតុណ្ហភាពគួរតែមានស្ថេរភាពនៅក្រោម ២០ អង្សាសេជានិច្ច។ ម្យ៉ាងវិញទៀត ការទុកស៊ុតនៅក្នុងទូទឹកកកគឺប្រសើរជាងទុកវានៅខាងក្រៅ។ ប៉ុន្តែស៊ុតដែលរក្សាទុកក្នុងទូទឹកកកនឹងរក្សាបាននូវគុណភាព និងភាពស្រស់របស់វាបានយូរ ។


ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រនៃការរក្សាទុកនេះក៏មានគុណវិបត្តិផងដែរ ព្រោះស៊ុតអាចស្រូបយកក្លិន និងរសជាតិពីអាហារផ្សេងទៀតនៅក្នុងទូទឹកកក។ ដូច្នេះមនុស្សគួរដាក់ស៊ុតក្នុងប្រអប់ ហើយអាហារដែលមានក្លិនខ្លាំងគួរបិទបាំង ដើម្បីកុំឱ្យប៉ះពាល់ដល់រសជាតិស៊ុត ។

ទាក់ទងនឹងឥទ្ធិពលអាហារូបត្ថម្ភ វេជ្ជបណ្ឌិត ឌុយ បាននិយាយថា ស៊ុតជាមធ្យមផ្តល់ ៧៨កាឡូរី។ ប្រូតេអ៊ីន ៦,៥ ក្រាម; ខ្លាញ់ ៥,៥ ក្រាម; និង០,៥ ក្រាមនៃកាបូអ៊ីដ្រាត។
លើសពីនេះទៀត ស៊ុតក៏មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា វីតាមីន A, folate, វីតាមីន B៥, វីតាមីន B១២, វីតាមីន B២ រួមជាមួយនឹងផូស្វ័រ កាល់ស្យូម និងស័ង្កសី។

ស៊ុតមានកូលេស្តេរ៉ុលខ្ពស់ ប៉ុន្តែកូលេស្តេរ៉ុលក្នុងស៊ុតមិនមែនជាមូលហេតុនៃកូលេស្តេរ៉ុលក្នុងឈាមខ្ពស់នោះទេ។ ការប្រើស៊ុតគឺជាវិធីល្អក្នុងការបង្កើន HDL ដែលជាកូលេស្តេរ៉ុលល្អដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺផ្សេងៗទៀត។

យោងតាមការសិក្សាជាច្រើន ការទទួលទានស៊ុតពីរគ្រាប់ក្នុងមួយថ្ងៃរយៈពេលប្រាំមួយសប្តាហ៍បង្កើនកម្រិត HDL ដល់ទៅ 10%។ ប្រភព៖Vn Express

ថៃលើកកម្ពស់តួនាទីស្ត្រីជាកម្លាំងជំរុញការអភិវឌ្ឍប្រទេស

0

ប្រទេសថៃ ៖ ក្នុងថ្ងៃទិវានារីអន្តរជាតិ ៨ មីនា ប្រចាំឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជូនពរដល់ស្ត្រីថៃ ក៏ដូចជាអ្នកធ្វើការផ្នែកអភិវឌ្ឍន៍ស្ត្រីទាំងអស់តាមរយៈស្ថានីយទូរទស្សន៍ ដោយលោកលើកឡើងថា ស្ត្រីជាកម្លាំងជំរុញមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយអង្គការសហប្រជាជាតិបានប្រកាសថា នៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវានារីអន្តរជាតិ ដើម្បីឱ្យប្រទេសជាសមាជិកទូទាំងពិភពលោកបានយល់ដឹងពីតម្លៃ សារៈសំខាន់ ការគោរពសិទ្ធិស្ត្រី រួមទាំងការអភិវឌ្ឍការងារផ្សេងៗដើម្បីបង្កើតឱ្យមានសមភាពសង្គមសម្រាប់ស្ត្រី ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលបានផ្តល់ភាពសំខាន់ក្នុងការបង្កើតឱកាសដល់ពលរដ្ឋគ្រប់រូប គ្រប់វ័យ ជាពិសេសបំផុត គឺស្ត្រី ខណៈស្ត្រីមានចំនួនជាងពាក់កណ្តាលនៃពលរដ្ឋទាំងអស់របស់ថៃ ។ លើសពីនេះ រដ្ឋាភិបាលបានទទួលស្គាល់ពីសក្តានុពលរបស់ស្ត្រី គឺជាកម្លាំងជំរុញមួយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងផ្នែកជាច្រើន ។ ដូច្នេះ រដ្ឋាភិបាលបានលើកកម្ពស់តួនាទីស្ត្រីឱ្យមានចំណែករួមក្នុងសង្គម ក៏ដូចជាផ្សព្វផ្សាយគ្រប់វិស័យទាំងអស់ឱ្យផ្លាស់ប្តូរអាកប្បកិរិយាចំពោះតួនាទីស្ត្រី ដោយគោរពសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ។

 

ក្នុងការរៀបចំទិវានារីអន្តរជាតិ ៨ មីនា ប្រចាំឆ្នាំ២០២៣ ប្រទេសថៃបានផ្តោតលើគំនិតថា «កម្លាំងរបស់ស្ត្រីនិងក្មេងស្រី បានរួមគ្នាបង្កើតការច្នៃប្រឌិត និងបច្ចេកវិទ្យាឆ្ពោះទៅរកសមភាពយេនឌ័រប្រកបដោយនិរន្តរភាព» ដើម្បីឱ្យស្ត្រីថៃទាំងអស់មានចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, លើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ប្រកបដោយនិរន្តរភាព ព្រមទាំងចូលរួមធ្វើឱ្យថៃឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតនៅត្រឹមឆ្នាំ២០២៧ ។

ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជូនពរទៅកាន់ស្ត្រីទាំងអស់ក្នុងប្រទេសថា ៖ «សូមឱ្យស្ត្រីថៃទាំងឡាយ ក៏ដូចជាអ្នកធ្វើការងារផ្នែកអភិវឌ្ឍន៍ស្ត្រីជួបតែសេចក្តីសុខ ចម្រុងចម្រើន មានសុខភាពរឹងមាំទាំងផ្លូវកាយនិងចិត្ត និងសម្រេចបំណងប្រាថ្នាគ្រប់ៗគ្នា» ៕ ប្រភព ៖ khaosod

សមត្ថកិច្ចចម្រុះចុះឆែកឆេរ រកឃើញសាច់សត្វជាង ២តោន សង្ស័យខូចគុណភាព នៅខណ្ឌដង្កោ

0

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យទីតាំងស្តុក និងលក់ចែកចាយផលិតផលអំពីសាច់សត្វមួយកន្លែង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានរកឃើញ បេះដូងជ្រូក, អណ្ដាតជ្រូក, ជើងមាន់, ពោះវៀនជ្រូក, ស្លឹកត្រចៀកកជ្រូក, ទាបង្កក, ស្លាបមាន់, សាច់គោ សរុបចំនួន ២.២៦៦គីឡូក្រាម។

បន្ទាប់ពីរកឃើញ សមត្ថកិច្ចបានធ្វើការកាត់យកផ្នែកខ្លះនៃផ្ទាំងសាច់ទៅពិនិត្យនៅមន្ទីរពិសោធន៍ និងបិទសៀលលើទូរផលិតផលបង្កកទាំងនោះមួយរយៈសិន រង់ចាំលទ្ធផលនៃការវិភាគចេញពីមន្ទីរពិសោធន៍ជាស្ថាពរ និងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់។

ក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងដោយ ក្រុមការងារអន្តរាគមន៍បង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម៕

ជប៉ុននឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដដល់មនុស្សចាស់

0

ប្រទេសជប៉ុន ៖ ក្រសួងសុខាភិបាលប្រទេសជប៉ុនបានសម្រេចចិត្តចាប់ផ្តើមគម្រោងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ដោយផ្តោតទៅលើក្រុមមនុស្សចាស់ ក្រោយពីជប៉ុនទើបបានពង្រីកគម្រោងចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនដោយមិនចាំបាច់ចំណាយប្រាក់ រហូតដល់ខែមីនា ឆ្នាំ២០២៤ ។

ក្រុមមន្ត្រីជំនាញមកពីក្រសួងសុខាភិបាលជប៉ុនបានប្រជុំពិភាក្សាគ្នារឿងពេលវេលា និងព័ត៌មានលម្អិតអំពីការចាក់វ៉ាក់សាំងនេះ ។ ក្នុងនោះវ៉ាក់សាំងដែលមានប្រសិទ្ធភាពអាចការពារជំងឺកូវីដបំលែងពីពូជអូមីក្រុង គេនឹងយកមកចាក់ឱ្យពលរដ្ឋនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ហើយក្រុមគោលដៅដំបូង គឺមនុស្សចាស់, អ្នកមានបញ្ហាសុខភាព ឬមានជំងឺប្រចាំកាយ និងមនុស្សចាស់កំពុងរស់នៅកន្លែងថែទាំមនុស្សចាស់ជរា ។ បន្ទាប់មក នឹងមានការវាយតម្លៃពីការបំលែងពូជមេរោគ និងកត្តាផ្សេងៗ ដើម្បីកំណត់ ឬជ្រើសរើសប្រភេទវ៉ាក់សាំងដែលត្រូវយកមកចាក់ឱ្យពលរដ្ឋនៅខែកញ្ញា ឆ្នាំ២០២៣ ។

សម្រាប់ពលរដ្ឋមានជំងឺធ្ងន់ធ្ងរ ពួកគេនឹងទទួលបានការចាក់វ៉ាក់សាំងចំនួន២ដង/១ឆ្នាំ ក្នុងនោះការចាក់ម្ជុលទី១ នឹងធ្វើឡើងនៅខែឧសភា ហើយម្ជុលទី២ នឹងធ្វើឡើងនៅខែកញ្ញា ខណៈក្រុមពលរដ្ឋផ្សេងទៀតអាចទៅចាក់វ៉ាក់សាំងបានចាប់ពីខែកញ្ញា តទៅ ។

ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញក្រសួងសុខាភិបាលនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដុសជំរុញ ដើម្បីការពារជំងឺកូវីដបំលែងពីអូមីក្រុងទៅលើក្រុមកុមារអាយុចន្លោះពី៥ឆ្នាំ ទៅ១១ឆ្នាំ នៅថ្ងៃទី៨ ខែមីនា ប៉ុន្តែពួកគេត្រូវតែទទួលបានការចាក់វ៉ាក់សាំងលើកចុងក្រោយ យ៉ាងតិចរយៈពេល៣ខែ ៕ ប្រភព ៖ TNN World

កុំភ្លេច! ល្ងាចនេះកម្ពុជា ជួបមីយ៉ាន់ម៉ា បើកឆាកវគ្គជម្រុះពានរង្វាន់ AFC U20 Woman’s Asian Cup 2024

0

ភ្នំពេញ៖ កុំភ្លេចគាំទ្រកីឡាយើងទាំងអស់គ្នា ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិនារី U20 មីយ៉ាន់ម៉ា នាវេលាម៉ោង ៤ល្ងាចនេះ នៅកីឡដ្ឋាន Smart RSN រាជធានីភ្នំពេញ។

ការប្រកួតនេះគឺជាជំនួបបើឆាកពូល G នៃវគជម្រុះជុំទី១ ពានរង្វាន់ AFC U20 Woman’s Asian Cup 2024 នៅប្រទេសអ៊ុយបេគីស្ថាន។

នេះគឺជាការប្រកួតដំបូងក្នុងពូល G ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលមានបេក្ខភាពប្រកួតប្រជែង ៣ក្រុម សុទ្ធតែជាក្រុមក្នុងតំបន់អាស៊ាន រួមមានក្រុមម្ចាស់ផ្ទះកម្ពុជា, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ។ ការប្រកួតគ្រោងធ្វើឡើងពីថ្ងៃទី០៨-១២ ខែមីនានេះ ដោយប្រើរូបមន្ដប្រកួតវិលជុំ ១ជើង ខណៈក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងឡើងវគ្គបន្ដ ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតបញ្ចប់ពូល ក្រុមជម្រើសជាតិនារី U20 កម្ពុជា នឹងត្រូវជួបម៉ាឡេស៊ី នាថ្ងៃទី១០ ខែមីនា មុនជំនួបចុងក្រោយ រវាងមីយ៉ាន់ម៉ា និងម៉ាឡេស៊ី នាថ្ងៃទី១២ ខែមីនា ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោនតែមួយគត់ ៕

ក្រសួងសាធារណការ ប្រមូលថវិកាបានជិត ៥៥លានដុល្លារ ពីការលក់ផ្លាកលេខពិសេស រយៈពេល៣ឆ្នាំ

0

ភ្នំពេញ៖ រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការលក់ផ្លាកលេខរថយន្តពិសេស បានចំនួនសរុប ១១៨,០៥២លេខ និងទទួលបានចំណូលសរុបចំនួន ២១៨,៥៣៣,០៧០,៨០០រៀល ស្មើនឹង ៥៤,៦៣៣,២៦៧ដុល្លារ។ នេះបើយោងតាមការឲ្យដឹងពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានថ្លែងថា តាមរយៈការបន្ថែមនូវការផ្តល់ជម្រើសនេះ បច្ចុប្បន្នប្រជាពលរដ្ឋមានសិទ្ធិអាចជ្រើសលេខចុះបញ្ជីពិសេសណាមួយដែលខ្លួនពេញចិត្ត សម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា “លេខពិសេសផ្ទាល់ខ្លួន លក់បាន១៦,១៣២លេខ បានចំណូលថវិកា ២៨លានដុល្លារ និងលេខពិសេសខេត្ត-ក្រុង គឺលក់បាន ១០១,៩២០លេខ បានថវិកាប្រហែល២៥លានដុល្លារ ក្នុងរយៈពេលដែលយើងដាក់ឱ្យប្រើប្រាស់នេះ”។

លោក ស៊ុន ចាន់ថុល បានបន្តថា រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាចំណូលពីការលក់លេខចុះបញ្ជីរថយន្តនេះមួយចំណែក ជូនទៅមូលនិធិកាត់បន្ថយភាពក្រីក្រ និងមួយចំណែកទៀតបង់ចូលថវិកាជាតិ៕

កំពូលអាគារទាំង១០ដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោកក្នុងឆ្នាំ ២០២៣

0

បរទេស៖ បច្ចុប្បន្នសំណង់អគារកំពុងរីកចម្រើនខ្លាំងឡើងៗនឹងកំពុងសាងសង់ជាបន្តបន្ទាប់ ហើយអាគារដែលខ្ពស់ស្កឹមស្កៃ បានរីកដុះដាលកាន់តែច្រើនឡើងៗ ជាពិសេសនៅពាសពេញតំបន់អារ៉ាប់ និងអាស៊ី ។ ខាងក្រោមនេះ គឺជាអគារខ្ពស់ៗជាងគេទាំង១០ នៅលើពិភពលោក ៖
១.អគារ បឺច កាលីហ្វា (Burj Khalifa)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១០ ដែលមានកម្ពស់ «៨២៨ម៉ែត្រ» និង១៦៣ជាន់ (១ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

២.អគារ មើដេកា ១១៨ (Merdeka 118)។ អគារនេះ ត្រូវគេរំពឹងថានឹងសាងសង់រួច នៅមុនដំណាច់ឆ្នាំ២០២២ នេះដែលមានកម្ពស់ «៦៧៨.៩ម៉ែត្រ» និង១១៨ជាន់ (៥ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី។

៣.អគារ សៀងហៃថូវើ (Shanghai Tower)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១៥ ដែលមានកម្ពស់ «៦៣២ម៉ែត្រ» និង១២៨ជាន់ (៥ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងសៀងហៃ នៃប្រទេសចិន។

៤.អគារ អាប្រាច់ អាល់បាអ៊ីត ខ្លក់ថូវើ (Abraj Al-Bait Clock Tower)។ អគារនេះត្រូវបានសងសង់រួច នៅឆ្នាំ២០១២ ដែលមានកម្ពស់ «៦០១ម៉ែត្រ» និង១២០ជាន់ (៣ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងមិចកា នៃប្រទេសអារ៉ាប៊ីសាអូឌីត។

៥.អគារ ភីងអាន អ៊ីនធើណាសិនណាល់ ហ្វាយណាន់ សេនធើ (Ping An International Finance Center)។ អគារនេះត្រូវបានសាងសង់រួច នៅឆ្នាំ២០១៧ ដែលមានកម្ពស់ «៥៩៩.១ម៉ែត្រ» និង១១៥ជាន់ (៥ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងសិនចិន នៃប្រទេសចិន។

៦.អគារ ឡូតតេ វើលថាវវើ (Lotte World Tower)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១៧ ដែលមានកម្ពស់ «៥៥៤.៥ម៉ែត្រ» និង១២៣ជាន់ (៦ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងសេអ៊ូល នៃកូរ៉េខាងត្បូង។

៧. អគារ វាន់ វើល ត្រេដ សេនធើ (One World Trade Center)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១៤ ដែលមានកម្ពស់ «៥៤១.១ម៉ែត្រ» និង៩៤ជាន់ (៥ជាន់ក្រោមដី) ហើយស្ថិតនៅនៅទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិក។

៨.អគារ ក្វាងចូវ ហ្វាយណាន់ សេនធើ (Guangzhou CTF Finance Center)។ អគារនេះត្រូវបានសាងសង់រួច នៅឆ្នាំ២០១៦ ដែលមានកម្ពស់ «៥៣០ម៉ែត្រ» និង១១១ជាន់ (៥ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងក្វាងចូវ នៃប្រទេសចិន។

៩.អគារ ធានជីន ហ្វាយណាន់ សេនធើ (Tianjin CTF Finance Center)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១៩ ដែលមានកម្ពស់ «៥៣០ម៉ែត្រ» និង៩៧ជាន់ (៤ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងធានជីន នៃប្រទេសចិន។

១០.អគារ ស៊ីធីក ថាយវើ ឬ ឆាយណា ហ៊្សុន (CITIC Tower/China Zun)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១៨ ដែលមានកម្ពស់ «៥២៧.៧ម៉ែត្រ» និង១០៩ជាន់ (៨ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងប៉េកាំង នៃប្រទេសចិន។ ប្រភព៖magicbricks

អូស្ត្រាលីបារម្ភពីបញ្ហាភ្លើងឆេះព្រៃដោយសារអាកាសធាតុក្តៅខ្លាំង

0

ប្រទេសអូស្ត្រាលី ៖ មន្ត្រីអូស្ត្រាលីបានដាស់តឿនពីភ្លើងឆេះព្រៃនៅភាគខាងកើតប្រទេស ក្រោយពីប្រទេសនេះមានភ្លៀងធ្លាក់ខ្លាំង និងជួបគ្រោះទឹកជំនន់ម្តងហើយម្តងទៀតក្នុងរយៈពេល២ឆ្នាំកន្លងមក ។ លើសពីនេះ ប្រទេសអូស្ត្រាលីមានអាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យសីតុណ្ហភាពនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងស៊ីដនីផងដែរបានកើនឡើងខ្ពស់ ។

New South Wales ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនបំផុតនៅអូស្ត្រាលីបានជូនដំណឹងថា បច្ចុប្បន្ននេះ គេបានប្រទះឃើញមានភ្លើងឆេះព្រៃនៅទូទាំងរដ្ឋចំនួន៣៣កន្លែង ក្នុងនោះ១២កន្លែងមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បានទេ ។ រីឯសាលារៀនរដ្ឋចំនួន៥កន្លែងត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ដោយគេហាមដុតអ្វីផ្សេងៗនៅក្នុងបរិវេណសាលា ដើម្បីទប់ស្កាត់កុំឱ្យភ្លើងឆេះរាលដាលទៅកាន់ទីកន្លែងផ្សេងទៀត ។

ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ អាជ្ញាធរអូស្ត្រាលីមិនបានដាស់តឿនបន្ថែមទៀតទេសម្រាប់ភ្លើងឆេះព្រៃ២កន្លែង ប៉ុន្តែក្រោយមក អាជ្ញាធរចេញមកប្រកាសថា មានភ្លើងឆេះព្រៃនៅចំណុចទាំងពីរនេះម្តងទៀត ។

មន្ត្រីឧតុនិយមអូស្ត្រាលីបានព្យាករណ៍អាកាសធាតុថា សីតុណ្ហភាពនឹងកើនឡើងរហូតដល់៣០អង្សារសេ ប៉ុន្តែអាកាសធាតុបានល្អប្រសើរឡើងចាប់ពីថ្ងៃទី៧ ខែមីនា តទៅ ។ មន្ត្រីឧតុនិយមបញ្ជាក់ថា ប្រទេសអូស្ត្រាលីមានអាកាសធាតុក្តៅ និងហួតហែង ព្រមទាំងគ្របដណ្តប់ដោយខ្យល់បក់ខ្លាំង គឺជាមូលហេតុបណ្តាលឱ្យកើតភ្លើងឆេះព្រៃ ។

ទោះយ៉ាងណា តំបន់ជាច្រើនស្ថិតនៅភាគខាងកើតអូស្ត្រាលី រួមទាំងទីក្រុងស៊ីដនីផងដែរ បានប្រឈមមុខនឹងអាកាសធាតុក្តៅបំផុតក្នុងរយៈពេល២ឆ្នាំកន្លងមក ដោយមានសីតុណ្ហភាពខ្ពស់រហូតដល់ជាង៤០អង្សារសេ ។ លើសពីនេះ នៅជាយក្រុងស៊ីដនីបានប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំងជាប្រវត្តិសាស្ត្រ គឺស្មើ៤០,១អង្សារសេ ដែលគេចាត់ទុកថា ជាអាកាសធាតុក្តៅបំផុត ខណៈទីក្រុងផ្សេងៗរបស់អូស្ត្រាលីក៏មានអាកាសធាតុក្តៅខ្លាំងដែរ និងមានសីតុណ្ហភាពជិតស្មើ៤១អង្សារសេ ៕

ប្រភព ៖ TNN World