ភ្នំពេញ៖ រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការលក់ផ្លាកលេខរថយន្តពិសេស បានចំនួនសរុប ១១៨,០៥២លេខ និងទទួលបានចំណូលសរុបចំនួន ២១៨,៥៣៣,០៧០,៨០០រៀល ស្មើនឹង ៥៤,៦៣៣,២៦៧ដុល្លារ។ នេះបើយោងតាមការឲ្យដឹងពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានថ្លែងថា តាមរយៈការបន្ថែមនូវការផ្តល់ជម្រើសនេះ បច្ចុប្បន្នប្រជាពលរដ្ឋមានសិទ្ធិអាចជ្រើសលេខចុះបញ្ជីពិសេសណាមួយដែលខ្លួនពេញចិត្ត សម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា “លេខពិសេសផ្ទាល់ខ្លួន លក់បាន១៦,១៣២លេខ បានចំណូលថវិកា ២៨លានដុល្លារ និងលេខពិសេសខេត្ត-ក្រុង គឺលក់បាន ១០១,៩២០លេខ បានថវិកាប្រហែល២៥លានដុល្លារ ក្នុងរយៈពេលដែលយើងដាក់ឱ្យប្រើប្រាស់នេះ”។

លោក ស៊ុន ចាន់ថុល បានបន្តថា រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាចំណូលពីការលក់លេខចុះបញ្ជីរថយន្តនេះមួយចំណែក ជូនទៅមូលនិធិកាត់បន្ថយភាពក្រីក្រ និងមួយចំណែកទៀតបង់ចូលថវិកាជាតិ៕