ប្រទេសអូស្ត្រាលី ៖ មន្ត្រីអូស្ត្រាលីបានដាស់តឿនពីភ្លើងឆេះព្រៃនៅភាគខាងកើតប្រទេស ក្រោយពីប្រទេសនេះមានភ្លៀងធ្លាក់ខ្លាំង និងជួបគ្រោះទឹកជំនន់ម្តងហើយម្តងទៀតក្នុងរយៈពេល២ឆ្នាំកន្លងមក ។ លើសពីនេះ ប្រទេសអូស្ត្រាលីមានអាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យសីតុណ្ហភាពនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងស៊ីដនីផងដែរបានកើនឡើងខ្ពស់ ។

New South Wales ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនបំផុតនៅអូស្ត្រាលីបានជូនដំណឹងថា បច្ចុប្បន្ននេះ គេបានប្រទះឃើញមានភ្លើងឆេះព្រៃនៅទូទាំងរដ្ឋចំនួន៣៣កន្លែង ក្នុងនោះ១២កន្លែងមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បានទេ ។ រីឯសាលារៀនរដ្ឋចំនួន៥កន្លែងត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ដោយគេហាមដុតអ្វីផ្សេងៗនៅក្នុងបរិវេណសាលា ដើម្បីទប់ស្កាត់កុំឱ្យភ្លើងឆេះរាលដាលទៅកាន់ទីកន្លែងផ្សេងទៀត ។

ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ អាជ្ញាធរអូស្ត្រាលីមិនបានដាស់តឿនបន្ថែមទៀតទេសម្រាប់ភ្លើងឆេះព្រៃ២កន្លែង ប៉ុន្តែក្រោយមក អាជ្ញាធរចេញមកប្រកាសថា មានភ្លើងឆេះព្រៃនៅចំណុចទាំងពីរនេះម្តងទៀត ។

មន្ត្រីឧតុនិយមអូស្ត្រាលីបានព្យាករណ៍អាកាសធាតុថា សីតុណ្ហភាពនឹងកើនឡើងរហូតដល់៣០អង្សារសេ ប៉ុន្តែអាកាសធាតុបានល្អប្រសើរឡើងចាប់ពីថ្ងៃទី៧ ខែមីនា តទៅ ។ មន្ត្រីឧតុនិយមបញ្ជាក់ថា ប្រទេសអូស្ត្រាលីមានអាកាសធាតុក្តៅ និងហួតហែង ព្រមទាំងគ្របដណ្តប់ដោយខ្យល់បក់ខ្លាំង គឺជាមូលហេតុបណ្តាលឱ្យកើតភ្លើងឆេះព្រៃ ។

ទោះយ៉ាងណា តំបន់ជាច្រើនស្ថិតនៅភាគខាងកើតអូស្ត្រាលី រួមទាំងទីក្រុងស៊ីដនីផងដែរ បានប្រឈមមុខនឹងអាកាសធាតុក្តៅបំផុតក្នុងរយៈពេល២ឆ្នាំកន្លងមក ដោយមានសីតុណ្ហភាពខ្ពស់រហូតដល់ជាង៤០អង្សារសេ ។ លើសពីនេះ នៅជាយក្រុងស៊ីដនីបានប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំងជាប្រវត្តិសាស្ត្រ គឺស្មើ៤០,១អង្សារសេ ដែលគេចាត់ទុកថា ជាអាកាសធាតុក្តៅបំផុត ខណៈទីក្រុងផ្សេងៗរបស់អូស្ត្រាលីក៏មានអាកាសធាតុក្តៅខ្លាំងដែរ និងមានសីតុណ្ហភាពជិតស្មើ៤១អង្សារសេ ៕

ប្រភព ៖ TNN World