Home ព័ត៌មានអន្តរជាតិ កំហឹងមួយពេល៖ បុរសម្នាក់ប្រឈមមុខនឹងទោសប្រ.ហារជីវិត គ្រាន់តែបញ្ចេញមតិនៅហ្វេសប៊ុក

កំហឹងមួយពេល៖ បុរសម្នាក់ប្រឈមមុខនឹងទោសប្រ.ហារជីវិត គ្រាន់តែបញ្ចេញមតិនៅហ្វេសប៊ុក

1282
0

នៅក្នុងយុគសម័យឌីជីថល គ្រាន់តែការចុចប៊ូតុងមួយប៉ក់នៅលើទូរស័ព្ទដៃ ក៏អាចផ្លាស់ប្តូរវាសនារបស់មនុស្សម្នាក់បានដែរ។ នេះជារឿងរ៉ាវដ៏សែនសោកសៅ និងគួរឲ្យតក់ស្លុតមួយរបស់លោក Anojan Sivarasa ដែលជាពលករចំណាកស្រុកជនជាតិស្រីលង្កា អាយុ ២៤ ឆ្នាំ រូបនេះកំពុងរង់ចាំការប្រហារជីវិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែសារខមមិនមួយនៅលើ Facebook។ នេះបើតាមសារព័ត៌មាន BBC News ចេញផ្សាយកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះ។

រឿងរ៉ាវបានចាប់ផ្តើមឡើងបន្ទាប់ពីមានការវែកញែកយ៉ាងក្តៅគគុកតាមអនឡាញជុំវិញជម្លោះសាសនានៅក្នុងស្រុកកំណើតរបស់លោក។ ក្នុងអារម្មណ៍ខឹងសម្បារមួយពព្រិចភ្នែក លោក Anojan បានសរសេរខមមិនមួយតបតវិញ ដែលមានខ្លឹមសារប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សាសនាឥស្លាម។ ទោះបីជាលោកបានដឹងខ្លួនភ្លាមៗ លុបខមមិននោះចោល និងបានចេញវីដេអូសុំទោសជាសាធារណៈយ៉ាងណាក៏ដោយ ក៏វាហួសពេលទៅហើយ។ មានគេបានថតរូបភាពអេក្រង់ (Screenshot) រក្សាទុកជាភស្តុតាង ហើយរាយការណ៍ទៅអាជ្ញាធរអារ៉ាប៊ីសាអូឌីត រហូតឈានដល់ការចាប់ខ្លួនរូបលោកនៅក្នុងខែកក្កដា ឆ្នាំ ២០២៦។

អ្វីដែលធ្វើឲ្យមហាជនរឹតតែរន្ធត់ចិត្តនោះ គឺការប្រែប្រួលនៃទោសទណ្ឌរបស់លោក។ ដំបូងឡើយ តុលាការបានផ្តន្ទាទោសរូបលោកឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣ លានរីយ៉ាល់។ ប៉ុន្តែ ព្រះរាជអាជ្ញាមិនសុខចិត្ត ហើយបានប្តឹងតវ៉ាសុំឲ្យកាត់ក្តីឡើងវិញក្រោមច្បាប់ឥស្លាម (Sharia law)។ ជាលទ្ធផល តុលាការឧទ្ធរណ៍បានសម្រេចប្តូរទោសទៅជា «ការប្រ.ហារជីវិត» ពីបទប្រមាថសាសនា។

បច្ចុប្បន្ន ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្ស និងរដ្ឋាភិបាលស្រីលង្កា។ ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake រួមជាមួយមេដឹកនាំសាសនាជាច្រើន រូប កំពុងប្រឹងប្រែងធ្វើអន្តរាគមន៍តាមផ្លូវទូតយ៉ាងសកម្ម ដើម្បីស្នើសុំការប្រោសប្រណី និងការលើកលែងទោសពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត។

សូមរំលឹកថា ករណីនេះមិនមែនជាលើកទីមួយនោះទេ ដោយប្រទេសអារ៉ាប៊ីសាអូឌីតធ្លាប់បានផ្តន្ទាទោសប្រហារជីវិត និងដាក់ពន្ធនាគារជាច្រើនឆ្នាំលើមនុស្សជាច្រើននាក់រួចមកហើយ ដោយសារតែការបង្ហោះ ឬបញ្ចេញមតិលើបណ្តាញសង្គមដូចជា៖ លោក Mohammad al-Ghamdi (ឆ្នាំ ២០២៣) ត្រូវបានកាត់ទោសប្រហារជីវិត ដោយសារតែការរិះគន់រដ្ឋាភិបាលនៅលើ X (Twitter) និង YouTube។ បន្ថែមពីនេះ សកម្មជន និងពលរដ្ឋផ្សេងទៀតត្រូបានវស្ថាប័នអំណាចកាត់ទោសឲ្យជាប់ពន្ធនាគាររាប់សិបឆ្នាំ ពីបទបញ្ចេញមតិនយោបាយ ឬប៉ះពាល់ដល់សាសនា។

រឿងរ៉ាវរបស់លោក Anojan គឺជាមេរៀនដ៏ជូរចត់ និងជាការដាស់តឿនមួយដ៏ធំធេងសម្រាប់ពួកយើងទាំងអស់គ្នាអំពី «ការប្រើប្រាស់បណ្តាញសង្គម»។ ពេលខ្លះ អារម្មណ៍មួយមួយភ្នែក ឬការបញ្ចេញមតិដោយខ្វះការប្រុងប្រយ័ត្ននៅលើពិភពអ៊ីនធឺណិត អាចបំផ្លាញអនាគត និងជីវិតរបស់យើងទាំងស្រុង ដោយមិនអាចកែខៃបានឡើយ។ បន្ថែមពីនេះ វាក៏បានបង្ហាញជាផ្នែកមួយនៃវិធានការផ្លូវច្បាប់ដ៏តឹងរ៉ឹងបំផុតរបស់អារ៉ាប៊ីសាអូឌីត ទៅលើសេរីភាពនៃការបញ្ចេញមតិលើអ៊ីនធឺណិតផងដែរ៕