ករណីផ្លូវច្បាប់ពាក់ព័ន្ធនឹងតារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែតជាស្វាមី កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជនបន្ទាប់ពីមានពាក្យបណ្តឹងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមនិងការទាមទារសំណងជាទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាម៉េរិក។
ភាពចម្រូងចម្រាសនេះបានកើតឡើងដោយនៅថ្ងៃទី២ ខែតុលា តារាចម្រៀង យក់ ថិតរដ្ឋា បានចេញលិខិតជូនដំណឹងពីមេធាវីដោយប្រកាសសម្រេចបោះបង់ការងារជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ឌីអរ អារ៉ូម៉ា DR AROMA (CAMBODIA) CO., LTD។ ការបោះបង់ក្នុងនាមជា BA ក្រុមហ៊ុននេះអ្នកនាង យក់ ថិតរដ្ឋា បានអះអាងថារយៈពេលប៉ុន្មានខែចុងក្រោយមកនេះ ក្រុមហ៊ុនមិនដែលបានផ្តល់អត្ថប្រយោជន៍ជូនដូចដែលក្រុមហ៊ុនបានសន្យាផ្តល់អត្ថប្រយោជន៍ផ្សេងៗ។ .png)
បន្ទាប់ពីម្ចាស់បទ «ភ្លើង» ចេញលិខិតជូនដំណឹងរួមស្រាប់តែខាងក្រុមហ៊ុន ឌីអរ អារ៉ូម៉ា ដែលមានលោក វាសនា ខេមរិន្ទ តំណាងក្រុមហ៊ុនបានធ្វើការបំភ្លឺពាក់ព័ន្ធនឹងករណីនេះព្រមទាំងដាក់ពាក្យបណ្តឹងអ្នកនាង យក់ ថិតរដ្ឋា និងស្វាមី ព្រមទាំងបក្សពួកពីបទ បរិហារកេរ្តិ៍ជាសាធារណៈដែលប្រព្រឹត្តកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៦ រហូតដល់បច្ចុប្បន្ន។ ក្នុងពាក្យបណ្តឹងនេះក្រុមហ៊ុនបានទាមទារសំណងការខូចខាត និងសំណងជំងឺចិត្ត ២០ម៉ឺនដុល្លារអាម៉េរិក។
តាមពាក្យបណ្តឹងដែលបានបង្ហាញក្រុមហ៊ុនបានលើកឡើងថាកន្លងមកលោក ឃុំ ប៉ុណ្ណាដែត បានយកផលិតផលរបស់ក្រុមហ៊ុនទៅលក់បន្តហើយបន្ទាប់មកលោក ឃុំ បុណ្ណាដែត លោកស្រី យក់ ឋិតរដ្ឋា និងភាគីក្រុមហ៊ុនបានឯកភាពគ្នារៀបចំកិច្ចព្រមព្រៀងស្តីពីការធ្វើជាតំណាងទូតសុច្ឆន្ទៈរវាងក្រុមហ៊ុននិងលោកស្រី យក់ ឋិតរដ្ឋា។ .jpg)
តាមការអះអាងរបស់ក្រុមហ៊ុនគោលបំណងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់លោកស្រី យក់ ឋិតរដ្ឋា និងផ្សព្វផ្សាយផលិតផលដែលលោក ឃុំ បុណ្ណាដែត យកទៅលក់បន្ត។ ក្រុមហ៊ុនបានអះអាងថាកិច្ចព្រមព្រៀងនេះ មិនមានលក្ខខណ្ឌអត្ថប្រយោជន៍ដែលក្រុមហ៊ុនត្រូវប្រគល់ឱ្យលោកស្រី យក់ ឋិតរដ្ឋា ដូចការលើកឡើងរបស់ភាគីម្ខាងនោះទេ។ ក្រុមហ៊ុនក៏បានចោទប្រកាន់ថា ការបង្ហោះ និងការចែករំលែកព័ត៌មានមួយចំនួនតាមបណ្តាញសង្គម មានខ្លឹមសារបំផ្លើស និងធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំចំពោះក្រុមហ៊ុន។ .jpg)
សម្រាប់ពេលនេះសាធារណជនកំពុងរង់ចាំមើលការវិវត្តបន្តនៃសំណុំរឿង ជាពិសេសជុំវិញ ការទាមទារសំណងចំនួន ២០ម៉ឺនដុល្លារ និងជំហានផ្លូវច្បាប់បន្ទាប់របស់ភាគីពាក់ព័ន្ធ៕










