Vinmart បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍សោកស្តាយ បន្ទាប់ពីនាងបានបើកចិត្តទម្លាយពីរបួសផ្លូវចិត្តដែលធ្លាប់កើតឡើងតាំងពីតូចដោយសារការត្រូវគេ ប៊ូលី (Bully) និងពាក្យសម្តីដែលធ្វើឱ្យនាងឈឺចាប់។

វេលាម៉ោង៣ជាងទៀបភ្លឺឈានចូលថ្ងៃទី៦ ខែតុលា កញ្ញា Vinmart បានបង្ហោះវីដេអូមួយក្នុងសភាពទឹកភ្នែករលីងរលោងដោយសារតែពាក្យសម្តីប៊ូលីបានប៉ះទង្គិចផ្លូវចិត្តនាង។ ពីក្មេងស្រីអាយុ១៥ឆ្នាំចេញទៅកែសម្ផស្សនៅកូរ៉េដោយសារតែសម្តីរបស់អ្នកដទៃម្ចាស់ Mart រូបនេះបានបង្ហាញថាផ្លូវចិត្តរបស់នាងគឺទន់ជ្រាយ ហើយមិនមែនជាការធ្វើទីផ្សារដូចមតិមួយចំនួនអគតិលើនាងឡើយ។

Vinmart បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា កាលពីនៅក្មេងនាងធ្លាប់ជួបប្រទះការប៊ូលីពីអ្នកដទៃ។ នៅពេលធំឡើងនាងគិតថាខ្លួនបានក្លាយជាមនុស្សរឹងមាំ ហើយរឿងរ៉ាវទាំងនោះក៏បានកន្លងផុតទៅហើយ។ ប៉ុន្តែនៅពេលការរិះគន់និងពាក្យសម្តីបែប Bully កើតឡើងម្តងទៀត នាងទើបដឹងថា របួសពីអតីតកាលនៅតែមានឥទ្ធិពលលើអារម្មណ៍របស់នាង។ នាងបានលើកឡើងថាក្មេងស្រីម្នាក់ដែលធ្លាប់ត្រូវគេ Bully កាលពីមុន នៅតែមានវត្តមាននៅក្នុងខ្លួននាង។.png)
កញ្ញា ក៏បានផ្ញើសារទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមថា ពាក្យមួយឃ្លា ឬ Comment មួយ ដែលអ្នកសរសេរដោយគិតថាគ្រាន់តែជារឿងលេងសើច អាចមានន័យខុសគ្នាទាំងស្រុងសម្រាប់អ្នកដែលទទួលវា។ នាងបានបញ្ជាក់ថា ពាក្យសម្តីទាំងនោះបានធ្វើឱ្យរបួសចាស់ ដែលនាងបានព្យាយាមលាក់ និងព្យាបាលអស់រយៈពេលជាច្រើនឆ្នាំ បើកឡើងវិញ។

និយាយទាំងទឹកភ្នែក Vinmart បានបង្ហាញថា ការយំ និងការបង្ហាញពីការឈឺចាប់ មិនមែនជារឿងដែលនាងត្រូវខ្មាសអៀនឡើយ។ នាងចង់ឱ្យមនុស្សគ្រប់គ្នាយល់ថា នៅពីក្រោយគណនីបណ្តាញសង្គម និងអេក្រង់នីមួយៗ គឺជាមនុស្សពិតម្នាក់ដែលមានបេះដូង និងអារម្មណ៍។ ជាមួយគ្នានេះ នាងបានរំលឹកថាមនុស្សម្នាក់អាចចំណាយពេលត្រឹមតែប៉ុន្មានវិនាទី ដើម្បីសរសេរពាក្យមួយឃ្លាប៉ុន្តែពាក្យនោះអាចបន្សល់ស្នាមនៅក្នុងចិត្តរបស់អ្នកដទៃបានយូរជាងអ្វីដែលយើងនឹកស្មាន។
ការបើកចិត្តរបស់ Vinmart ត្រូវបានមើលឃើញថា ជាការរំលឹកដល់អ្នកប្រើប្រាស់បណ្តាញសង្គម ឱ្យគិតឱ្យបានច្បាស់មុននឹងបញ្ចេញពាក្យសម្តី ព្រោះពាក្យដែលយើងគិតថា «គ្រាន់តែជាការលេងសើច» អាចក្លាយជារបួសដ៏ជ្រៅសម្រាប់មនុស្សម្នាក់ទៀត។ Vinmart ក៏បានបង្ហាញដែរថារូបនាងធ្លាប់ទទួលរងនូវពាក្យសម្តី ប៊ូលី ជាច្រើនដូចជា សំឡេងដូចប្រុស ជើងសុទ្ធតែរោម មុខចាស់ជាងអាយុ និងពាក្យសម្តីផ្សេងទៀតហើយនាងបានឮនិងឃើញទាំងក្នុងអេក្រង់និងក្រៅអេក្រង់ដូច្នេះហើយពាក្យសម្តីទាំងប៉ុន្មាននៅតែឮពេញត្រចៀករបស់នាង៕










