ព្រំដែនឡើងកម្តៅខ្លាំង! ព្រះសង្ឃ រួមជាមួយទាហានថៃ បាននាំគ្នាឈ្លានពានចូលមកដោតទង់ជាតិថៃលើទឹកដីខ្មែរទាំងបំពាន នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈកម្ពុជាបានចេញលិខិតតវ៉ាយ៉ាងដាច់អហង្ការ ដោយប្រើប្រាស់ផែនទីប្រវត្តិសាស្ត្របារាំង-សៀម វាយបក និងទាមទារឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានឯកតោភាគីនេះបន្ទាន់។
_____________.jpg)
ខែបុណ្យខែទាន ក្នុងនាមជាប្រទេសដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាជាធំដូចគ្នា ព្រះសង្ឃថៃមិនត្រឹមតែមិនសន្សំកុសល និងផ្សាយមេត្តាធម៌រក្សាសន្តិភាពនោះទេ តែបែរជាលូកដៃចូលកិច្ចការលោកីយ៍ រួមគំនិតជាមួយកងកម្លាំងប្រដាប់អាវុធ ទន្រ្ទានបំពានលើទឹកដីខ្មែរយ៉ាងគឃ្លើន និងសាងបាបកម្មយ៉ាងធ្ងន់ធ្ងរ។ ជុំវិញសកម្មភាពនេះ ក្រសួងការបរទេសកម្ពុជា កំពុងចេញមុខវាយបក និងតវ៉ាយ៉ាងដាច់អហង្ការលើឆាកការទូតអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីជាតិ។.jpg)
យោងតាមលិខិតតវ៉ាចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលាតត្រដាងថា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ អមដំណើរដោយព្រះសង្ឃថៃ បានធ្វើសកម្មភាពលើកដំឡើងទង់ជាតិរបស់ប្រទេសថៃ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាលកម្ពុជាបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើនេះ ដោយចាត់ទុកថាជា «ការបន្តរំលោភបំពានជាបន្តបន្ទាប់ដោយខុសច្បាប់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា» តាមបណ្តោយខ្សែបន្ទាត់ព្រំដែន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល កម្ពុជាបានបង្ហាញភស្តុតាងច្បាប់អន្តរជាតិយ៉ាងរឹងមាំ ដោយបញ្ជាក់ថាតំបន់ច្រកទ្វារអន្តរជាតិថ្មដា គឺជាដែនអធិបតេយ្យរបស់កម្ពុជាទាំងស្រុង ផ្អែកលើផែនទីខ្សែព្រំដែនខ្នាត ១:២០០,០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងបារាំង និងសៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ទង្វើរបស់ថៃបានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ និងស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឆ្នាំ២០២៥។ ហេតុនេះ កម្ពុជាប្រកាសមិនទទួលស្គាល់ដាច់ខាតនូវការទាមទារទឹកដីឯកតោភាគី និងបានទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះភ្លាមៗ ព្រមទាំងដកទង់ជាតិចេញដើម្បីរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ។
គួរបញ្ជាក់ថា សកម្មភាពរួមដៃគ្នារវាងព្រះសង្ឃ និងទាហានថៃក្នុងការដោតទង់ជាតិលើដីខ្មែរលើកនេះ មិនត្រឹមតែជារឿងខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏រងការរិះគន់យ៉ាងចាស់ដៃពីពុទ្ធសាសនិកជនថាជាទង្វើខុសឆ្គងនឹងធម៌វិន័យ និងជាអំពើបាបកម្មក្នុងខែបុណ្យទាន ដែលនាំមកនូវផលក្តៅក្រហាយដល់ប្រជាជាតិទាំងពីរ។ ជំហរដ៏រឹងមាំរបស់ក្រសួងការបរទេសខ្មែរ តាមរយៈការប្រើប្រាស់ភស្តុតាងផែនទីប្រវត្តិសាស្ត្រ បានបង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាប្រកាន់ខ្ជាប់នូវសន្តិវិធី ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យភាគីណាមួយមកបំពានខ្សែបន្ទាត់ព្រំដែន និងអធិបតេយ្យភាពជាតិឡើយ៕










