ក្តៅដូចបាយពុះ! អង្គការ Miss Universe បានចេញលិខិតជាផ្លូវការដោយប្រកាសនៅលើបណ្តាញសង្គមអ៊ីនស្រ្តាក្រាមថាកម្មសិទ្ធិប្រកួតដែលរៀបចំឡើងដោយ ណាវ៉ាត់ មានដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី និង សិង្ហបុរី ដោយបវរកញ្ញាតំណាងឱ្យប្រទេសទាំងនេះមិនមានសិទ្ធិក្នុងការប្រកួតនៅឯប្រទេស ព័រតូរីកូ នាពេលខាងមុខនេះឡើយ។

នៅថ្ងៃទី១៨ ខែកញ្ញា បណ្តាញសង្គម Miss Universe បានចេញឯកសារប្រកាសមួយបញ្ជាក់អំពីជំហររបស់ខ្លួនពាក់ព័ន្ធនឹងសិទ្ធិ Franchise និងការផ្តល់អាជ្ញាបណ្ណប្រើប្រាស់ម៉ាក Miss Universe នៅក្នុងប្រទេសមួយចំនួន។ តាមឯកសារ JKN Universe LLC អះអាងថា Miss Universe Eastern Pte. Ltd. មិនមែនជាអង្គភាពដែលមានអាជ្ញាបណ្ណ ឬសិទ្ធិស្របច្បាប់ក្នុងការផ្តល់ ឬផ្ទេរសិទ្ធិប្រតិបត្តិការលើម៉ាក Miss Universe នៅក្នុងប្រទេសណាមួយឡើយ។ ដូច្នេះ កិច្ចព្រមព្រៀង ឬការរៀបចំផ្សេងៗដែលធ្វើឡើងតាមរយៈអង្គភាពនេះត្រូវបាន JKN Universe LLC ចាត់ទុកថាមិនមានសុពលភាព។

ក្នុងសេចក្តីប្រកាសនេះក៏បានចោទ ណាវ៉ាត់ ថាបានផ្សព្វផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងកិច្ចការរបស់ Miss Universe Organization ដែលអង្គការអះអាងថាមិនត្រូវបានផ្ទៀងផ្ទាត់ និងមានព័ត៌មានមិនពិត ឬបំភាន់។ JKN Universe LLC បានបដិសេធចំពោះសេចក្តីថ្លែងការណ៍ទាំងនោះ និងបានបញ្ជាក់ថា ខ្លួនរក្សាសិទ្ធិចាត់វិធានការតាមផ្លូវច្បាប់។

អ្វីដែលជាចំណុចក្តៅគគុកនៅក្នុងវិស័យបវរកញ្ញាចក្រវាលគឺថា Franchise ដែលត្រូវបានរៀបចំតាមរយៈ ណាវ៉ាត់ អ៊ីសារ៉ាក្រៃស៊ីល ឬអង្គភាពពាក់ព័ន្ធរួមមាន Miss Universe Thailand, Miss Universe Indonesia, Miss Universe Vietnam, Miss Universe Laos, Miss Universe Malaysia និង Miss Universe Singapore ដោយអ្នកតំណាងប្រទេសដែលស្ថិតក្រោមការរៀបចំទាំងនេះ នឹងមិនមានសិទ្ធិចូលរួមក្នុងការប្រកួត Miss Universe លើកទី៧៥ ដោយសារតែអង្គការមិនទទួលស្គាល់ការរៀបចំ Franchise ដែលបានលើកឡើងខាងលើ៕
Home តារាជាតិ ស្ថាប័ន Miss Universe ប្រកាសថាតំណាងថៃនិងប្រទេសមួយចំនួនទៀតកាន់ដោយតាណាវ៉ាត់ មិនមានសិទ្ធិចូលរួមប្រកួត









