តារាចម្រៀង អាយរីស បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងឆាប់រហ័សបន្ទាប់ពីទម្លាក់ Cover បទចិនមួយដែលមានតង់សំឡេងខ្ពស់ហើយក៏មិនមានមនុស្សច្រើនទេដែលអាចបកស្រាយបទនេះបាន។ ទោះយ៉ាងណាទន្ទឹមនឹងការសរសើរទៅលើទឹកដមសំឡេងខ្ពស់ អាយរីស បានប្រឈមនឹងមតិមួយចំនួនដោយអ្នកលេងបណ្តាញសង្គមថាសំលៀកបំពាក់របស់នាងមិនត្រូវនឹងបរិយាកាសបទចម្រៀង ខណៈមតិខ្លះទៀតប្រឆាំងនឹងការ Cover នេះ។

ខ្សែភាពយន្តចិន «និស្ស័យស្នេហ៍ឋានសួគ៌» ឬAshes of Love បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចងចាំដោយសារតែរឿងភាគដែលសម្តែងដោយ Yang Zi និង Deng Lun ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងទាំងក្នុងស្រុកនិងក្រៅស្រុក។ លើសពីនេះទៅទៀត បទចម្រៀង «Upward to the Moon» នៅក្នុងរឿងនេះក៏ទទួលបាននូវប្រជាប្រិយភាពដូចគ្នា។

បទចិនដែលមានតង់ខ្ពស់ត្រូវបានតារាចម្រៀង អាយរីស Cover ជាភាសាខ្មែរដោយផលិតកម្ម GenMusix បានដាក់ចំណងជើងថា «ក្រោមដួងព្រះច័ន្ទ »។ ក្រោយទម្លាក់បទ Cover កាលពីថ្ងៃទី២១ កញ្ញា សំឡេងរបស់ អាយរីស បានទាក់ទាញទស្សនិកជនយ៉ាងឆាប់រហ័ស។ 
មតិមួយចំនួនបានកោតសរសើរនូវទឹកដមសំឡេងខ្ពស់របស់ អាយរីស ខណៈកន្លងមកតារាចម្រៀងរូបនេះតែងតែទទួលបានការសរសើរពីការ Cover បទចម្រៀងជាច្រើនពីបរទេសដែលបង្ហោះនៅលើទិកតុករបស់ខ្លួន។ មិនត្រឹមតែសាធារណជនប៉ុណ្ណោះទេសូម្បីតែតារាចម្រៀងមួយចំនួនក៏បង្ហាញការពេញចិត្តនូវការ Cover របស់ អាយរីស ក្នុងរឿង «និស្ស័យស្នេហ៍ឋានសួគ៌»។
ទោះបីជាទទួលបាននូវការសរសើរពីមតិភាគច្រើន ប៉ុន្តែ អាយរីស ក៏ប្រឈមនឹងមតិអវិជ្ជមានមួយចំនួន។ អ្នកលេងបណ្តាញសង្គមបាននិយាយថាបទគេដែលល្បីគឺដឹងតែមានការ Cover ហើយ ខណៈមតិខ្លះទៀតសម្តែងការមិនពេញចិត្តទៅលើសំលៀកបំពាក់របស់ អាយរីស រហូតអ្នកខ្លះថាសំលៀកបំពាក់នេះសមនឹងទៅវត្តច្រើនជាង។ ពួកគេលើកឡើងថា បរិយាកាសនៅមាត់សមុទ្រ និងបទចម្រៀងនេះសមតែស្ថិតក្នុងរ៉ូបស្បៃវែងពណ៌ស្រាលៗ។

ទន្ទឹមនឹងមតិមួយចំនួនដែលប្រឆាំងនឹងការ Cover បទបរទេសទាំងផលិតកម្មនិង អាយរីស ផ្ទាល់បានបញ្ជាក់ថាក្រៅពីការ Cover រូបនាងក៏មានបទចម្រៀងផ្សេងទៀតដែលនាងជាម្ចាស់បទ ហើយនេះគ្រាន់តែជាផ្នែកមួយនៃ Project cover បទល្បីៗពីបរទេសប៉ុណ្ណោះ៕










