ស្នេហារវាងតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានមហាជនចាប់អារម្មណ៍ជាថ្មី បន្ទាប់ពី ជី ដេវីត បានបង្ហោះសារដ៏មានអត្ថន័យបង្ហាញពីការស្រលាញ់ ការដឹងគុណ និងការប្តេជ្ញាចិត្តចង់បន្តរក្សាទំនាក់ទំនងជាមួយភរិយារហូតដល់ចុងបញ្ចប់នៃជីវិត។
តាមរយៈវីដេអូមួយដែល ជី ដេវីត បានបង្ហោះនៅយប់ថ្ងៃទី១៦ ខែកញ្ញា លោកបានសរសេរថា «អ្វីដែលពួកយើងបានសន្យានាថ្ងៃចាស់ ឥឡូវក៏បានសម្រេចហើយនាថ្ងៃថ្មីនេះ សូមបន្តរក្សាគ្នារហូតដល់ពេលវេលាចុងក្រោយនៃជីវិត»។ សារខ្លីមួយនេះបានបង្ហាញពីអត្ថន័យនៃការរួមដំណើររបស់អ្នកទាំងពីរ ដែលបានស្គាល់ ស្រលាញ់ និងនៅក្បែរគ្នាអស់រយៈពេលប្រមាណ១០ឆ្នាំដោយឆ្លងកាត់ទាំងពេលវេលារីករាយនិងឧបសគ្គជាច្រើននៅក្នុងឆាកជីវិតរបស់ពួកគេ។ 
ការរួមដំណើររបស់ ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានអ្នកគាំទ្រចាត់ទុកថាជារឿងរ៉ាវស្នេហាតារាដែលមានរយៈពេលយូរនិងកាន់ដៃគ្នាយ៉ាងរឹងមាំ មានភាពស្មោះត្រង់ចំពោះគ្នានិងមានការគាំទ្រពីសំណាក់មហាជនជាច្រើន បើទោះបីជាការចាប់ផ្តើមដំបូងៗរបស់ពួកគេត្រូវប្រឈមនឹងការមិនពេញចិត្តនិងរិះគន់ពីអ្នកមួយចំនួនក្តី។
រយៈពេល១០ឆ្នាំជាមួយគ្នាអ្នកទាំងពីរបានបន្តបង្កើតអនុស្សាវរីយ៍ និងកសាងគ្រួសារជាមួយគ្នាដោយទទួលបានចំណងដៃកូនប្រុសម្នាក់។ តារាចម្រៀងទាំងពីររូបក៏បានបង្កើតម៉ាកយីហោផ្ទាល់ខ្លួនទាំងសាប៊ូ ទឹកអប់ គ្រឿងសម្អាង រួមទាំងចុងក្រោយនេះក៏បានបើកម៉ាតជាមួយគ្នានិងកំពុងពេញនិយមពីសំណាកមិត្តយុវវ័យ។
ឆ្លងកាត់នូវឧបសគ្គរាប់មិនអស់ប៉ុន្តែមិនឈប់ស្រលាញ់ឬបង់បោះចោលគ្នាដោយនៅតែតស៊ូជាមួយគ្នានេះ ជី ដេវីត និង ទេព បូព្រឹក្ស ក៏បានបុកគ្រឹះកសាងផ្ទះធំជាមួយគ្នាដើម្បីជាចំណងដៃទុកបន្តឱ្យកូនប្រុសរបស់ពួកគេផងដែរ៕










