លោក វ៉ាត វ៉ាន់ បានបញ្ចេញសំណេរមួយដោយជំរុញឱ្យបវរកញ្ញានិងបុរសឯកឬនរណាឱ្យតែតំណាងប្រទេសកម្ពុជាលើអន្តរជាតិគួរពង្រឹងភាសាអង់គ្លេសដោយលោកមើលឃើញថា ការទំនាក់ទំនង ការឆ្លើយសំណួរ និងសកម្មភាពជាច្រើនទៀតត្រូវការភាសាបរទេសដើម្បីពន្យល់គេជាចាំបាច់។ ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានមើលឃើញថាការលើកឡើងបែបនេះមិនខុសនោះទេ ប៉ុន្តែកុំឱ្យសារតែចំណុចមួយនេះមករារាំងដំណើរហើយកុំអនុញ្ញាតឱ្យពាក្យសម្តីរបស់អ្នកណាម្នាក់មកឆក់យកក្តីស្រមៃរបស់អ្នកឱ្យសោះ។
នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា លោក វ៉ាត វ៉ាន់ ដែលទស្សនិកជនស្គាល់ថាជាសិល្បករតុបតែងមុខជាមួយនឹងរូបភាពជាច្រើនរួមទាំងប្រាសាទ បាននិយាយជំរុញឱ្យបវរកញ្ញានិងបុរសឯកពង្រឹងភាសាអង់គ្លេសរបស់ខ្លួនដើម្បីមានភាពងាយស្រួលនៅពេលចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ លោកបានសរសេរថា«បើអាចជួយយកពេលរៀនភាសារអង់គ្លេសផង ទាំងបវរកញ្ញា ទាំងបុរសឯក ឬអ្នកណាក៏ដោយឱ្យតែតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ ឬជាតិក៏ដោយ។ យើងទៅតំណាងកម្ពុជាមិនត្រឹមតែយកភាសារយើងទៅទេ តែភាសារអង់គ្លេសជាអ្វីដែលគេទំនាក់ទំនងគ្នាទូទៅ និងការបង្ហាញការតស៊ូមតិមួយដែលជាឥទ្ធិពលនៃសម្លេងរបស់យើងម្នាក់ៗ។ បើយើងខ្វះអ្វី យកពេល ចំណាយទៅលើការរៀន បង្វឹកបន្ថែម កុំអាងតែសម្រស់ និងសមត្ថភាពផ្សេងៗ ភ្លេចរឿងមួយដែលសំខាន់ ដែលយើងអាចយកសម្លេងយើងទៅតំណាងអោយបានល្អបំផុត»។

លោក បាននិយាយថាវាមិនយឺតពេលក្នុងការរៀបនោះទេហើយអ្នកដែលខ្លាំងពិតប្រាកដ អាចតំណាងប្រទេសទាំងមូលបាន ត្រូវតែមានទាំងព្រម។ លោក វ៉ាត វ៉ាន់ បានពន្យល់ទៀតថា ការធ្វើបទបង្ហាញ សំនួរចម្លើយ ក៏ត្រូវការភាសារអន្តរជាតិ។ លើសពីនេះការ ពន្យល់ពិភពលោកឱ្យដឹងការពិតពីប្រវត្តិសាស្រ្ត ឬតស៊ូមតិនឹងសៀមក៏ត្រូវការភាសារអន្តរជាតិ ទំនាក់ទំងគ្នាទូទៅនឹងជនជាតិផ្សេងៗក៏ត្រូវការភាសារអន្តរជាតិ រួមទាំងសកម្មភាពជាច្រើនទៀត។
ការលើកឡើងរបស់ វ៉ាត វ៉ាន់ ត្រូវបាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបវរកញ្ញាមួយរូបចាប់អារម្មណ៍នៅការលើកឡើងរបស់លោក។ ទោះយ៉ាងណារូបនាងមើលឃើញថាការដែលពង្រឹងភាសាបន្ថែមគឺជារឿងល្អ ប៉ុន្តែក៏កុំឱ្យចំណុចមួយនេះមករារាំងដណ្តើម ខណៈបវរកញ្ញាដែលមិនចេះភាសាក៏ជោគជ័យមិនតិចដែរ។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកការបង្ហោះខាងលើដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «និយាយក្នុងនាមជាបវកញ្ញាមិនពូកែអង់គ្លេស បើស្តាប់មកវាពិតជាអត់ខុសទេក្នុងការរិះគន់រឿងភាសាតែក៏កុំឱ្យភាពខ្វះខាតមួយចំណុចក្លាយជារឿងរារាំងដំណើររបស់អ្នកទាំងអស់គ្នាដែលមិនពូកែភាសាតែចង់ក្លាយជាបវកញ្ញាឬបុរសឯក។ សាច់រឿងនៃដំណើរជីវិតអ្នកទាំងអស់គ្នានិងភាពតស៊ូទើបជារឿងសំខាន់បំផុតក្នុងការបំផុសគំនិតរបស់មនុស្សគ្រប់គ្នាក្នុងការតាមដានបវកញ្ញា ខ្ញុំជឿថាអ្នកណាក៏ចង់ល្អគ្រប់ដប់ក្នុងក្រសែភ្នែកគេដែរតែធាតុពិតនៃជីវិតគឺវាមិនអាច បើមើលពិភពលោកឱ្យបានទូលំទូលាយក្នុងការពិតទៅបវកញ្ញដែរមិនចេះភាសាក៏ជោគជ័យមិនតិចដែរ»។
.png)
អតីតលំដាប់រងទី២ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ លើកឡើងទៀតថា «កុំអនុញ្ញាតឱ្យពាក្យសម្តីរបស់អ្នកណាម្នាក់មកឆក់យកក្តីស្រមៃរបស់អ្នកឱ្យសោះ។ ចូរខិតខំកែលម្អចំណុចខ្សោយរបស់ខ្លួនឯង ប៉ុន្តែកុំឱ្យពាក្យសម្តីរបស់ពួកគេមករារាំងដំណើរឆ្ពោះទៅមុខរបស់អ្នក»។ ជាមួយនឹងការលើកឡើងខាងលើនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បន្ថែមដោយការលើកទឹកចិត្តឱ្យសិក្សាបន្ថែមប្រសិនជាមានពេលហើយការដែលនាងនិយាយខាងលើមិនមែនចង់បង្អាក់ក្នុងការរៀនភាសាទេគ្រាន់តែចង់ផ្តល់កំលាំងចិត្តដល់អ្នកដែលស្ទើរភាសាតែ មានឆន្ទៈ៕










