អ្នកនាង Mealyann Nita Saing បានបង្ហើបពីបទពិសោធន៍ផ្ទាល់ខ្លួនថាកាលពីនៅវ័យក្មេងនាងធ្លាប់មានអារម្មណ៍ខ្មាសអៀនចំពោះសាវតារជាជនជាតិខ្មែរ និងមិនចង់បង្ហាញខ្លួនថាជាខ្មែរឡើយ ដោយសារបានជួបប្រទះការមើលងាយ និងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាម៉េរិក។ ប៉ុន្តែនៅពេលធំដឹងក្តីនិងស្វែងយល់កាន់តែច្រើនអំពីឫសគល់របស់ខ្លួន គំនិតទាំងនោះក៏បានផ្លាស់ប្តូរទាំងស្រុង។

ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកវីដេអូរបស់ Mealyann Nita Saing ដែលលើកឡើងអំពីវិស័យបវរកញ្ញា ហើយក្នុងនោះអ្នកនាងក៏បានសារភាពរឿងមួយចំនួនដែលអ្នកគាំទ្រពុំបានដឹងពីមុនឡើយ។ ក្នុងនាមជាមនុស្សដែលកើតនិងធំធាត់ឡើងនៅអាម៉េរិក Mealyann Nita Saing បានសារភាពថាដំបូងឡើយខ្លួនមានភាពអៀនខ្មាសដែលមានឈាមជ័រជាខ្មែរ មិនសូវជាចង់បង្ហាញថាខ្លួនឯងជាខ្មែរនោះទេ។

ភាពខ្មាសអៀនពីសាវតារបស់ខ្លួនបែបនេះ Mealyann បានបង្ហាញថាដោយសារតែនៅអាម៉េរិកមានការរើសអើងជាតិសាសន៍ ពួកគេមើលមកថាយើងតូចទាប ដោយអាម៉េរិកពិបាកស្រាប់ទៅហើយប៉ុន្តែជាជនជាតិខ្មែរនៅអាម៉េរិកទៀតកាន់តែពិបាកដោយពួកគេគិតថា យើងជាក្មេងទំនើង ឬរស់នៅតំបន់អនាធិបតេយ្យ ហើយនាងបានបញ្ជាក់ថានាងមិនមែនជាមនុស្សប្រភេទនោះទេ។
.png)
អ្នកតំណាងកម្ពុជាប្រកួត Miss Asia Pacific International 2025 បានបន្តទៀតថាបន្ទាប់ពីធំដឹងក្តីហើយចាប់ផ្តើមរៀនរាំរបាំបុរាណខ្មែរប្រមាណជា១០ឆ្នាំហើយបទពិសោធន៍ទាំងនោះបានធ្វើឱ្យនាងឥឡូវនេះមានមោទនភាពខ្លាំងណាស់ក្នុងនាមជាជនជាតិខ្មែរ។ លើសពីនេះទៅទៀត Mealyann ក៏មានបំណងចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សទូទៅឱ្យដឹងថាខ្មែរជានរណា ដូច្នេះនាងបានផ្លាស់ប្តូរពីភាពខ្មាសអៀនក្នុងការធ្វើជាជនជាតិខ្មែរទៅជាការមានមោទនភាពវិញ។

ដូច្នេះរឿងរ៉ាវរបស់ Mealyann មិនត្រឹមតែជាការប្រែប្រួលពីភាពខ្មាសអៀនទៅជាមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងពីដំណើរស្វែងរកអត្តសញ្ញាណ និងការទទួលស្គាល់ឫសគល់របស់ខ្លួនផងដែរ។
គួរឱ្យដឹងថា Mealyann Nita Saing គឺបេក្ខនារីក្នុងចំណោម TOP5 នៃ Miss Universe Cambodia 2024 ហើយបន្ទាប់មកត្រូវបានជ្រើសរើសជាតំណាងកម្ពុជាទៅប្រកួត Miss Asia Pacific International 2025 នៅហ្វីលីពីនដោយឈានចូលដល់ TOP30 នៃការប្រកួតនិងបានឈ្នះពានរង្វាន់មួយចំនួន៕










