តារារ៉េប វណ្ណដា និង ស្រីស្អាត ឡូរីន បង្ហាញសញ្ញាកាន់តែច្បាស់ចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរក្រោយពីមានការសង្ស័យថាពួកគេជានាគ្នាវិញក្រោយឃ្លាតឆ្ងាយពីគ្នាមួយរយៈ។ពេលនេះក៏មានរូបភាពចែកចាយនៅលើអ៊ីនធឺណិតដែលគេជឿងថា វណ្ណដា និង ឡូរីន បានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីជាមួយគ្នាវិញ។ ទោះបីជារូបភាពនោះមិនច្បាស់ខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែអ្នកគាំទ្របង្ហាញការសប្បាយចិត្តឡើងវិញ ខណៈអ្នកខ្លះឌឺដងទៅកាន់អ្នកធ្លាប់វែកញែករិះគន់ពួកគេកន្លងមក។
ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការសង្ស័យជាច្រើនថា ឡូរីន និង វណ្ណដា អាចមានទំនាក់ទំនងជាមួយគ្នាឡើយវិញបន្ទាប់ពីអ្នកគាំទ្រឃើញអ្នកទាំងពីរស្ថិតនៅប្រទេសឥណ្ឌូនេស៊ី និងរូបភាពដែលចាត់ទុកថាស្ថិតនៅទីតាំងតែមួយ។ បន្ទាប់ពីឃើញសញ្ញានេះហើយបានធ្វើឱ្យអ្នកគាំទ្រចាប់ផ្តើមមានការសង្ស័យរួមទាំងសន្និដ្ឋានថា ឡូរីន និងវណ្ណដា គឺទៅប្រទេសឥណ្ឌូនេស៊ីជាមួយគ្នា។
ដើមឡើយ វណ្ណដា បានបង្ហាញឱ្យទស្សនិកជនឃើញថាលោកចេញទៅបំពេញការងារនៅបាលីជាមួយនឹងក្រុមការងារដោយគេឃើញមានសិល្បករផ្សេងទៀតដូចជា យូហៃ រ៉េត ស៊ូហ្សាណា និង Jay X។ ក្រោយមកគេបានឃើញ ឡូរីន បង្ហោះវីដេអូនិងរូបភាពរីករាយជាមួយនឹងអាហារនិងទិដ្ឋភាពនៅទីនោះ។
ការសង្ស័យរបស់ទស្សនិកជនកាន់តែច្បាស់ជាងមុននៅពេលនរណាម្នាក់បានចែករំលែករូបភាពមួយនៅលើបណ្តាញសង្គមដោយរូបភាពនេះគេជឿថាគឺជា វណ្ណដា និង ឡូរីន បានវិលត្រឡប់មកពីក្រៅប្រទេសហើយស្ថិតនៅព្រលានយន្តនៅខ្មែរជាមួយគ្នា។
បន្ទាប់ពីឃើញរូបភាពនេះហើយ អ្នកលេងបណ្តាញសង្គមជាច្រើនជាពិសេសអ្នកគាំទ្ររបស់គូស្នេហ៍នេះបានបង្ហោះសំណេរថា វណ្ណដា និង ឡូរីន ត្រូវគ្នាហើយ។ មតិមួយផ្នែកបានបង្ហាញការសប្បាយចិត្តរបស់ខ្លួនដែលពួកគេបានឃើញគូស្នេហ៍នេះវិលមកសកម្មភាពដូចមុន។ មតិខ្លះទៀតក៏បានផ្លែផ្កាទៅកាន់មនុស្សមួយចំនួនដែលកន្លងមកនេះវែកញែករិះគន់ទាំង វណ្ណដា និង ឡូរីន នៅពេលទំនាក់ទំនងរបស់ពួកគេរង្គោះរង្គើ។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០២៦ មហាជនមានការសង្ស័យថាចំណងស្នេហ៍របស់ វណ្ណដា និង ឡូរីន មានការប្រេះស្រាំក្រោយអ្នកទាំងពីរបង្ហោះសារសេដរៀងខ្លួននិងរក្សាគម្លាតពីគ្នាអស់រយៈពេលជាច្រើនខែ។ ទោះយ៉ាងណាមកទល់ពេលនេះ គូស្នេហ៍នេះបង្ហាញខ្លួនជាមួយគ្នាឡើងវិញដែលបំបាត់ពាក្យចចាមអារ៉ាមនិងរឿងរ៉ាវចម្រូងចម្រាសនាកន្លងមកនេះ៕










