Home ព័ត៌មានជាតិ UNESCO បញ្ចេញភស្តុតាងថៃបំផ្លា.ញប្រាសាទព្រះវិហារ ចំពេលកម្ពុជាប្ដឹងទៅ UN បន្ថែម

UNESCO បញ្ចេញភស្តុតាងថៃបំផ្លា.ញប្រាសាទព្រះវិហារ ចំពេលកម្ពុជាប្ដឹងទៅ UN បន្ថែម

333
0

តាមរយៈរបាយការណ៍កម្រាស់ ១០៤ ទំព័រដ៏មានទម្ងន់ អង្គការ UNESCO បានលាតត្រដាងនូវរូបថត និងភស្តុតាងមិនអាចប្រកែកបាន ពីការខូចខាតប្រាសាទព្រះវិហាររហូតដល់ ៥៦២ កន្លែង ដែលបង្កឡើងដោយយោធាថៃ ចំពេលដែលតំណាងអចិន្ត្រៃយ៍កម្ពុជា បានបន្តដាក់ពាក្យបណ្តឹងបន្ថែមទៅកាន់អង្គការសហប្រជាជាតិ (UN) ជុំវិញល្បិចកលលួចពង្រាយទ័ព និងព័ទ្ធរបងលួសបន្លាខុសច្បាប់របស់ថៃនៅលើដីជាក់ស្ដែង។
_____________
ល្ខោនបោកប្រាស់របស់យោធាថៃជិតដល់ពេលត្រូវសាររោងហើយ! ពេលនេះថៃប្រឈមមុខនឹងសម្ពាធអន្តរជាតិធ្ងន់ធ្ងរ ក្រោយ UNESCO ទម្លាយរបាយការណ៍ ១០៤ ទំព័រ លាតត្រដាងវិនាសកម្មដ៏ធំធេងនៃប្រាសាទព្រះវិហារ។ ក្នុងពេលជាមួយគ្នានោះផងដែរ តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានបន្តដាក់ពាក្យបណ្តឹងតវ៉ាផ្លូវការទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅចំពោះមុខសហគមន៍អន្តរជាតិ ជុំវិញសកម្មភាពឈ្លានពាន និងការលួចពង្រាយកម្លាំងប្រដាប់អាវុធខុសច្បាប់របស់យោធាថៃនៅតាមបន្ទាត់ព្រំដែន។

យោងតាមរបាយការណ៍បេសកកម្មរួមរបស់អង្គការ UNESCO និង ICOMOS កម្រាស់ ១០៤ ទំព័រ ដែលទើបតែត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅលើគេហទំព័រមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក បានបង្ហាញភស្តុតាងជាអក្សរ និងរូបថតជាក់ស្តែងយ៉ាងច្បាស់លាស់ពីទំហំខូចខាតយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារ ដែលបង្កឡើងដោយការវាយប្រហារប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ក្រុមអ្នកជំនាញអន្តរជាតិបានកត់ត្រាទីតាំងរងការបំផ្លិចបំផ្លាញរហូតដល់ទៅ ៥៦២ កន្លែង (១៤២ តំបន់ពីការវាយប្រហារខែកក្កដា និង ៤២០ តំបន់ពីការវាយប្រហារខែធ្នូ) ដែលបណ្តាលឱ្យជញ្ជាំង និងសំណង់ថ្មបុរាណធ្លាក់រាយប៉ាយលើដី ព្រមទាំងបន្សល់ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជុំវិញប្រាសាទ។ អង្គការ UNESCO-ICOMOS បានវាយតម្លៃថា ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក កំពុងស្ថិតក្រោមស្ថានភាព «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាក់ស្តែង» ដែលត្រូវការពង្រាយវិធានការសង្គ្រោះ និងជួសជុលបន្ទាន់បំផុត។

ស្របពេលជាមួយគ្នានេះ កម្ពុជាបានប្រើប្រាស់កណ្តាប់ដៃការទូតយ៉ាងម៉ឺងម៉ាត់នៅលើឆាកអន្តរជាតិ នាទីក្រុងហ្សឺណែវ ដើម្បីឆ្លើយតបទៅនឹងល្បិចកលរបស់ភាគីថៃដែលបានលួចចល័តទ័ព ព័ទ្ធរបងលួសបន្លា និងសាងសង់ប៉ុស្តិ៍យាមយោធាដោយឯកតោភាគី នៅតំបន់ព្រំដែនអូរស្មាច់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសជំហរដាច់ខាតរបស់រដ្ឋាភិបាលកម្ពុជាទៅកាន់ UN ថា បទឈប់បាញ់មិនអាចក្លាយជាអាជ្ញាប័ណ្ណសម្រាប់ថៃបន្តរំលោភយកដីខ្មែរឡើយ។ ជាងនេះទៅទៀត កម្ពុជាបានរុញរឿងនេះទៅជាវិបត្តិ «វិមាត្រសិទ្ធិមនុស្ស» លើឆាកអន្តរជាតិ ព្រោះទង្វើរបស់យោធាថៃបានប្រើអាវុធគំរាមកំហែង និងរារាំងប្រជាពលរដ្ឋខ្មែរជាង ២០,០០០ នាក់ មិនឱ្យវិលត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅលើដីធ្លីស្របច្បាប់របស់ពួកគេឡើយ។ សកម្មភាពរំលោភបំពានរបស់ថៃនេះ ក៏ត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍របស់លោក Thomas Andrews មន្ត្រីជំនាញពិសេសរបស់ UN ផងដែរ។

ការផ្សំគ្នារវាងរបាយការណ៍បកអាក្រាតរបស់អង្គការ UNESCO និងចំណាត់ការផ្លូវច្បាប់របស់កម្ពុជានៅ UN នាពេលនេះ គឺជាយុទ្ធសាស្ត្រការទូតដ៏មានប្រៀបដាច់ខាតក្នុងការបំបាក់ល្បិចកលលាបពណ៌បង្វែរដានរបស់ភាគីថៃ។ ភស្តុតាងអន្តរជាតិទាំងពីរទិសដៅនេះ បានបង្ហាញឱ្យពិភពលោកមើលឃើញកាន់តែច្បាស់ពី «ចរិតលក្ខណៈរំលោភបំពាន និងការបំផ្លិចបំផ្លាញ» របស់យោធាថៃ ទាំងលើសម្បត្តិវប្បធម៌មនុស្សជាតិ និងលើសិទ្ធិសេរីភាពពលរដ្ឋស្លូតត្រង់៕