ឡាវ៖ អាជ្ញាធរខេត្តហ្លួងណាំថា បានប្រកាសស្នើសុំជំនួយបរិច្ចាគជាថវិកា និងស្បៀងអាហារពីសាធារណជនជាបន្ទាន់ ក្រោយគ្រោះទឹកជំនន់ឆាប់រហ័សបានវាយប្រហារភាគខាងជើងឡាវយ៉ាងចាស់ដៃ បំផ្លាញភូមិករជាង ៥០ និងកាត់ផ្តាច់ផ្លូវថ្នល់ ស្ពាន ព្រមទាំងបណ្តាញអគ្គិសនីទាំងស្រុង។
______________ 
ទប់ទល់លែងជាប់ហើយ! អាជ្ញាធរខេត្តហ្លួងណាំថា របស់ឡាវប្រកាសស្នើសុំជំនួយបរិច្ចាគពីសាធារណជនជាបន្ទាន់ ទាំងវិស័យក្នុងស្រុក និងក្រៅស្រុក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ក្រោយមហន្តរាយទឹកជំនន់ឆាប់រហ័ស និងការបាក់ដី បានវាយប្រហារយ៉ាងសាហាវបំផុតនៅភាគខាងជើងនៃប្រទេស។ ស្ថានភាពដ៏អាក្រក់នៃគ្រោះធម្មជាតិនៅដើមខែកញ្ញា ឆ្នាំ២០២៦ នេះ បានបង្ខំឱ្យរដ្ឋបាលខេត្តចេញលិខិតអំពាវនាវមនុស្សធម៌ជាប្រញាប់ ព្រោះតែទំហំនៃការបំផ្លិចបំផ្លាញមានកម្រិតធ្ងន់ធ្ងរហួសពីការគ្រងទប់ទល់។

យោងតាមសេចក្ដីរាយការណ៍ពី The Laotian Times ជំនន់ទឹកភ្លៀងដ៏ជោកជាំដែលបានធ្លាក់ចុះមកយ៉ាងគំហុក បានបង្កការលិចលង់យ៉ាងដំណំដល់ខេត្តចំនួន ៣ នៅភាគខាងជើងប្រទេសឡាវ គឺខេត្តហ្លួងណាំថា ខេត្តឧត្តមសៃ និងខេត្តហ្លួងប្រាបាង។ នៅក្នុងនោះ ខេត្តហ្លួងណាំថា គឺជាតំបន់ដែលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងគេ ដោយជំនន់ភក់បានវាយប្រហារចំភូមិករជាង ៥០ ភូមិ និងជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាង ២,៤០០ គ្រួសារ។ មិនតែប៉ុណ្ណោះ ទឹកជំនន់ក៏បានហូរចូលលិចលង់ផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចពិសេស Boten Daen Ngam ដែលស្ថិតនៅក្បែរច្រកទ្វារព្រំដែនឡាវ-ចិន ថែមទៀតផង។

មហន្តរាយធម្មជាតិនេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចក្នុងតំបន់ ដោយសារតែផ្លូវជាតិសំខាន់ៗ និងស្ពានជាច្រើនត្រូវបានទឹកហូរកាត់ដាច់ទាំងស្រុង។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញអគ្គិសនីត្រូវបានកាត់ផ្តាច់ ធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់ដែលកំពុងស្នាក់នៅតាមមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្ន ប្រឈមនឹងការខ្វះខាតស្បៀងអាហារ ទឹកបរិភោគសុវត្ថិភាព ថ្នាំសង្គ្រោះ ភួយ និងតង់ស្នាក់នៅយ៉ាងខ្លាំង។ ការណ៍នេះហើយ ទើបអាជ្ញាធរឡាវទទូចសុំការចូលរួមចំណែកជាថវិកា និងសម្ភារៈឧបត្ថម្ភពីសាធារណជន ដើម្បីយកទៅបម្រើឱ្យកិច្ចការសង្គ្រោះបឋម និងជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។
.jpg)
ជារួមមក គ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងជើងប្រទេសឡាវពេលនេះ គឺជារលកវិបត្តិមនុស្សធម៌ដ៏ធំមួយ ដែលទាមទារឱ្យមានការចូលរួមសង្គ្រោះជាបន្ទាន់ពីសាធារណជន។ ស្របពេលដែលប្រទេសជិតខាងកំពុងជួបទុក្ខលំបាក បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅក្នុងស្រុក ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា ចំពោះការប្រែប្រួលអាកាសធាតុ ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ ឬគ្រោះទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងតំបន់ដែលខ្លួនរស់នៅ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕









