លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ ពេលនេះបានដឹងលទ្ធផលទូទាំងប្រទេសហើយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងនោះតារាចម្រៀង កែវ ទិត្យផល្លី ដែលជាបេក្ខជនម្នាក់នៅក្នុងការប្រលងក៏បានដឹងលទ្ធផលដូចគ្នាដោយនាងទទួលបាននិន្ទេស B។ មុននឹងការប្រកាសជាផ្លូវការ កែវ ទិត្យផល្លី ធ្លាប់បានចេញវីដេអូដោយរំពឹងថានាងនឹងអាចទទួលបានចំណាត់ថ្នាក់នេះដោយសារតែភ្លាត់ស្នៀតលើវិញ្ញាសាមួយចំនួន។

នៅថ្ងៃទី១ ខែកញ្ញា ក្រសួងអប់រំបានប្រកាសនៅលើបណ្តាញសង្គមអំពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៦ ដោយក្នុងនោះនិទ្ទេស A មានចំនួន ២ ០២២នាក់ និទ្ទេស B មានចំនួន ៨ ៨៤៨នាក់ និទ្ទេស C មានចំនួន ២៣ ៤២២ នាក់ និទ្ទេស D មានចំនួន ៤៤ ៨៦៩នាក់ និងនិទ្ទេស E មានចំនួន ៤៦ ៨១៤នាក់។ លទ្ធផលនៅទូទាំងប្រទេសត្រូវបានប្រកាសនៅថ្ងៃទី២ កញ្ញានេះ។
.png)
នៅព្រឹកនេះផងដែរនៅលើបណ្តាញសង្គមមានការចែករំលែកពីទិដ្ឋភាពរបស់ កែវ ទិត្យផល្លី និងឪពុកម្តាយ ទៅស្តាប់លទ្ធផលនៅឯសាលាហើយរូបនាងគឺទទួលបាននិទ្ទេស B។ ទោះបីជាលទ្ធផលនេះអាចនឹងមានការខកចិត្ត ប៉ុន្តែតារាចម្រៀងវ័យក្មេងរូបនេះក៏ធ្លាប់បានបង្ហាញថារូបនាងអាចនឹងទទួលបាននិទ្ទេសនេះបន្ទាប់ពីមានការផ្តល់កម្លាំងចិត្តជាច្រើនថានាងនឹងទទួលបាននិទ្ទេស A។

បន្ទាប់ពីប្រលងបាក់ឌុបរួចនៅថ្ងៃទី១២ ខែសីហា កែវ ទិត្យផល្លី បានចេញវីដេអូមួយដោយនិយាយថានាងអាចនឹងទទួលបានត្រឹមតែនិទ្ទេស B ប៉ុណ្ណោះ ឬអាចធ្លាក់ដល់និទ្ទេស C ដោយសារតែលំហាត់មួយចំនួននាងពុំដែលឃើញសោះឡើយ។
ការរំពឹងទុកនេះបានក្លាយជាការពិតហើយ កែវ ទិត្យផល្លី ពិតជាដឹងពីសមត្ថភាពរបស់ខ្លួនឯងទើបនាងហ៊ាននិយាយដើម្បីកុំឱ្យអ្នកគាំទ្ររបស់នាងមានការខកចិត្តនៅពេលដែលរំពឹងទុកខ្ពស់លើនាងតែមិនអាចសម្រេចបាន។ យ៉ាងណាលទ្ធផលនេះក៏បញ្ជាក់ថា កែវ ទិត្យផល្លី ពិតជាបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ៕










