ក្រោយផ្ទុះការវែកញែក និងការរិះគន់យ៉ាងច្រើនពីសំណាកមហាជនរួមទាំងគំរាមលែងគាំទ្រតទៅទៀតជុំវិញវីដេអូឃ្លីបដែលចាប់បានគូដណ្តឹងលួចមានស្រីតារាចម្រៀង ប៉ាច គីមមួយ និង សយ រតនៈ បានចេញមុខសូមទោស និងបកស្រាយថា ឈុតដែលកំពុងក្លាយជាប្រធានបទនៃការវែកញែកនោះជាផ្នែកមួយនៃ MV ។ អ្នកទាំងពីរថែមទាំងអះអាងថាគ្មានបំណងបំពុលសង្គមឡើយ។

នៅយប់ថ្ងៃទី១ ខែកញ្ញា ប៉ាច គីមមួយ និង សយ រតនៈ បានចេញមកបញ្ជាក់ព្រមៗគ្នាដោយអ្នកទាំងពីរនិយាយថាវីដេអូដែលបានបង្ហោះគឺជាឈុតមួយក្នុង MV ដែលត្រូវបានយកមកផ្សព្វផ្សាយជាមុន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន មុនពេលបទចម្រៀងចេញផ្សាយជាផ្លូវការ។ តារាចម្រៀងទាំងពីររូបបានបញ្ជាក់ថា មិនមានចេតនា ឬបំណងចង់បំពុលសង្គម ឬធ្វើឱ្យមហាជនយល់ច្រឡំនោះឡើយ។

យ៉ាងណាក្តីការបង្ហោះឃ្លីបរបស់ ប៉ាច គីមមួយ ដែលចាប់បានគូដណ្តឹងរបស់ខ្លួនមានស្រី បានបង្កឱ្យមានការរិះគន់ និងមតិផ្សេងៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយអ្នកគាំទ្របានសម្ដែងការមិនពេញចិត្ត។
.png)
ដោយទទួលស្គាល់ពីផលប៉ះពាល់ដែលបានកើតឡើង ប៉ាច គីមមួយ និង សយ រតនៈ បានបង្ហាញការសោកស្ដាយ និងសុំអភ័យទោសចំពោះមហាជន និងអ្នកគាំទ្រទាំងអស់ដែលការបង្ហោះវីដេអូនោះបានធ្វើឱ្យមានការមិនសប្បាយចិត្ត ឬយល់ច្រឡំ។
សយ រតនៈ និង គីមមួយ បានបញ្ជាក់ថា «ពួកយើងក៏មានការសោកស្ដាយ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនដែលជាទស្សនិកជនទាំងអស់។ ជាថ្មីម្ដងទៀតយើងខ្ញុំសុំទោសរាល់កំហុសឆ្គងដែលបានកើតមានឡើងផងចុះ»។.png)
ជាមួយនឹងការបកស្រាយខាងលើនេះ ប៉ាច គីមមួយ និង សយ រតនៈ នៅតែទទួលបានការរិះគន់ច្រើនដដែល ខណៈអ្នកមួយចំនួនបានបង្ហាញសកម្មភាពឈប់គាំទ្រ ខណៈអ្នកខ្លះទៀតក៏លើកឡើងថាប្រសិនជាការសម្តែងហេតុអ្វីមិនដាក់បញ្ជាក់ថាជាការសម្តែងទៅ ទុកឱ្យទស្សនិកជនយល់ច្រឡំធ្វើអ្វី៕










