Home ព័ត៌មានជាតិ សូមប្រុងប្រយ័ត្ន! កម្ពុជានឹងទទួលរងឥទ្ធិពលពីព្យុះ ដូលហ្វីន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែសីហា

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងទទួលរងឥទ្ធិពលពីព្យុះ ដូលហ្វីន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែសីហា

89
0

ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា នៅថ្ងៃទី២៨ ខែកក្ដដា នេះ បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ដោយព្រមានពីបាតុភូតភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦។

ការប្រែប្រួលអាកាសធាតុនេះ កើតឡើងបន្ទាប់ពីប្រព័ន្ធសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវឌ្ឍទៅជាព្យុះទី១៣ ដែលមានឈ្មោះផ្លូវការថា «ដូលហ្វីន» (Dolphin) T2613។ ទោះជាយ៉ាងណា អ្នកព្យាករណ៍អាកាសធាតុបានបញ្ជាក់ថា ប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះទេ ប៉ុន្តែព្យុះនេះបានបង្កើនឥទ្ធិពលយ៉ាងខ្លាំងដល់របបខ្យល់មូសុងនិរតី។ ឥទ្ធិពលនេះបានទាញនាំសំណើមឆ្លងកាត់សមុទ្រអាន់ដាម៉ាន់ ឈូងសមុទ្របេងហ្គោល សមុទ្រចិនខាងត្បូង និងអាងទន្លេមេគង្គ ដែលប៉ះពាល់ដល់ស្ថានភាពធាតុអាកាសនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អជ្ញាធរបានព្យាករណ៍ពីស្ថានភាពធាតុអាកាសខុសៗគ្នាទៅតាមតំបន់ភូមិសាស្ត្រសំខាន់ៗទាំងបី៖

១.តំបន់វាលទំនាប៖
បណ្តាខេត្តរួមមាន បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០%។

២.តំបន់ខ្ពង់រាប និងជួរភ្នំ៖ ភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ត្រូវបានព្យាករណ៍ថានឹងគ្របដណ្តប់លើផ្ទៃដី ៥០% នៃតំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រមទាំងតំបន់ជួរភ្នំក្រវ៉ាញ និងជួរភ្នំដងរែក។

៣.តំបន់ឆ្នេរ និងលំហសមុទ្រ៖ តំបន់ឆ្នេរ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ភ្នំបូកគោ មានឱកាសខ្ពស់ជាងគេក្នុងការមានភ្លៀងធ្លាក់ ដោយគ្របដណ្តប់រហូតដល់ ៧០% នៃផ្ទៃដី។ នៅលើផ្ទៃសមុទ្រ រលកសមុទ្រត្រូវបានរំពឹងថានឹងមានកម្ពស់មធ្យមចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,៧៥ ម៉ែត្រ។

ហេតុដូចនេះ សូមសាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះភ្លាមៗ។ អ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក គប្បីមានការប្រុងប្រយ័ត្នបន្ថែមក្នុងអំឡុងសប្តាហ៍នេះ។
បន្ថែមពីនេះ មន្ត្រីជំនាញបានបញ្ជាក់ថា ក្រុមការងារឧតុនិយមនឹងបន្តតាមដានគន្លងផ្លូវដើររបស់ព្យុះ «ដុលហ្វីន» យ៉ាងយកចិត្តទុកដាក់ និងផ្តល់ព័ត៌មានបន្តបន្ទាប់ ប្រសិនបើមានការប្រែប្រួលណាមួយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDeKoPMOtG8fakoVdH7CD2TPOCoPvV3NbtWOTPpKbze1HvgXGNfJZUKVa2raYFJSnOdSeSDa8-DyE5-99FMiPfqK-Pf1y1bysx2211PGouO-iWq-VL8lIEP3zCrfjB_XCdZqBnqSysAM8h6bSynbdjgtL4z9ZqWVB5ek0hq4nGvroQ7I9nwYSyte_n0Bc/s720/photo_2026-07-28_13-34-48.jpg