ឱកាសមកដល់ហើយ សម្រាប់អ្នកស្រមៃចង់ក្លាយជាអវកាសយានិក! NASA ត្រូវការអ្នកស្ម័គ្រចិត្តទៅរស់នៅលើភពអង្គារសិប្បនិម្មិត បើទោះជាអ្នកមិនមែនជាអវកាសយានិកអាជីពក៏ដោយ ដើម្បីចូលរួមក្នុងបេសកកម្មសាកល្បងពិសេសមួយ ដោយការស្នាក់នៅលើភពអង្គារសិប្បនិម្មិតបង្កើតឡើងដោយបច្ចេកវិទ្យា 3D-Printing រយៈពេល ១ឆ្នាំពេញ។ អ្នកនឹងទទួលបានបទពិសោធន៍ដូចអវកាសយានិកពិតៗ ចាប់តាំងពីការដើរលើលំហរអាកាស ដាំដុះបន្លែ រហូតដល់ដោះស្រាយបញ្ហាប្រឈមក្នុងលំហ។ នេះជាការសិក្សាពីផលប៉ះពាល់ផ្លូវចិត្ត និងរាងកាយ មុនពេលពួកគេបញ្ជូនមនុស្សទៅកាន់ភពអង្គារ ពិតប្រាកដ។

អង្គការ NASA បានប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តដែលក្លាហានដើម្បីចូលរួមបំពេញបេសកកម្មស្នាក់នៅលើភពអង្គារសិប្បនិម្មិត ដោយតម្រូវឱ្យអ្នកស្ម័គ្រចិត្តចំនួន ៤នាក់ ត្រូវស្នាក់នៅ និងបំពេញការងារក្នុងកន្លែងដែលបង្កើតឡើងដោយបច្ចេកវិទ្យា 3D-Printing នៅមជ្ឈមណ្ឌលអវកាស «Johnson Space Center» ក្នុងទីក្រុង Houston រដ្ឋ Texas រយៈពេល ១ឆ្នាំពេញ ដូចអវកាសយានិកពិតៗ ព្រមទាំងកាត់ផ្តាច់ការទំនាក់ទំនងជាមួយក្រុមគ្រួសារនៅខាងក្រៅ។.jpg)
គម្រោងរយៈពេលវែងនេះ មានឈ្មោះថា «Moon and Mars Exploration Analog» នឹងចាប់ផ្តើមនាខែសីហា ឆ្នាំ២០២៧ គឺជាការរួមបញ្ចូលគ្នារវាងគម្រោង Hera និង Chapea របស់អង្គការ NASA។ អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើសទាំងអស់នឹងត្រូវបំពេញការងារផ្សេងៗ ដូចជា ធ្វើត្រាប់តាមការដើរក្នុងលំហលើភពអង្គារ, ដាំដុះបន្លែសម្រាប់បរិភោគបន្ថែម និងថែទាំកន្លែងស្នាក់នៅ។
.jpg)
ក្នុងអំឡុងពេលនេះ ក្រុមអ្នកស្រាវជ្រាវនឹងប្រមូលទិន្នន័យសុខភាព និងសមត្ថភាពបំពេញការងាររបស់អ្នកស្ម័គ្រចិត្តគ្រប់រូប ដើម្បីជួយឱ្យអង្គការ NASA អាចវាយតម្លៃ និងសាកល្បងប្រព័ន្ធ Hardware បច្ចេកវិទ្យា និងប្រព័ន្ធផ្សេងទៀត ដែលត្រូវបានបង្កើតឡើងសម្រាប់ការស្នាក់នៅលើអវកាសរយៈពេលវែងរបស់អវកាសយានិក។ បន្ទាប់មក ទិន្នន័យទាំងនេះនឹងត្រូវបញ្ជូនទៅឱ្យអវកាសយានិកសម្រាប់យកទៅប្រើប្រាស់ក្នុងការត្រៀមខ្លួនបំពេញបេសកកម្មនៅភពផ្សេងៗនាថ្ងៃអនាគត ដូចជា៖ ផែនការតាំងទីលំនៅលើឋានព្រះចន្ទ តាមរយៈបេសកកម្ម «Artemis»។.jpg)
លក្ខខណ្ឌជ្រើសរើស គឺតឹងរ៉ឹង និងមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹងអវកាសយានិកពិតប្រាកដ ដូចជា៖
-ជនជាតិអាមេរិក ឬជនបរទេសដែលមានកាតបៃតង (Green Card)
-មានអាយុចន្លោះពី ៣០ ទៅ ៥៥ឆ្នាំ
-កម្ពស់មិនលើសពី ១,៨៧ម៉ែត្រ
-ស្ទាត់ជំនាញភាសាអង់គ្លេស
-មិនជក់បារី និងត្រូវតែប្រឡងជាប់ការពិនិត្យសុខភាពរាងកាយ និងចិត្តសាស្ត្រកម្រិតខ្ពស់របស់ NASA។.jpg)
សូមបញ្ជាក់ថា អ្នកស្ម័គ្រចិត្តនឹងទទួលបានប្រាក់ឧបត្ថម្ភ ប៉ុន្តែចំនួនជាក់លាក់នឹងដឹងក្នុងអំឡុងពេលចូលសម្ភាសន៍។ កន្លងមក អង្គការ NASA បានបង្កើតគម្រោងស្រដៀងគ្នានេះ ដោយផ្តល់ប្រាក់ឧបត្ថម្ភប្រមាណ ៦០,០០០ដុល្លារអាមេរិក សម្រាប់រយៈពេល ១ឆ្នាំ៕










