ពីនារីអាកាសចរណ៍ដ៏ស្រស់ស្អាតម្នាក់ដែលបម្រើការលើយន្តហោះ ពេលនេះ បានធ្លាក់ខ្លួនក្លាយជាអ្នកទោ.សជួញដូរគ្រឿងញៀនឆ្លងដែនយ៉ាងមិនគួរឱ្យជឿ! នារីអាកាសចរណ៍ជ.នជាតិថៃម្នាក់ អាយុ ២៦ ឆ្នាំ ត្រូវបានសមត្ថកិច្ចអូស្ត្រាលីឃាត់ខ្លួនភ្លាមៗ នៅអាកាសយានដ្ឋានអន្តរជាតិ Melbourne ក្រោយពីបែកការណ៍រឿងលួ.ចរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន លាក់ទុកក្នុងបាតកាបូប។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ នារីអាកាសចរណ៍រូបនេះបានធ្វើដំណើរតាមជើងហោះហើរអន្តរជាតិក្នុងនាមជាបុគ្គលិកបម្រើការលើយន្តហោះ។ ប៉ុន្តែនៅពេលឆ្លងកាត់ម៉ាស៊ីនស្កេន X-ray មន្ត្រីកងកម្លាំងការពារព្រំដែនអូស្ត្រាលី ហៅកាត់ថា (ABF) បានរកឃើញភាពមិនប្រក្រតីនៅលើកាបូបយួរដៃចំនួន ១២ របស់នាង។ ក្រោយការពិនិត្យយ៉ាងដិតដល់ មន្ត្រី ABF បានរកឃើញថ្នាំញៀនហេរ៉ូអ៊ីនទម្ងន់ជាង ១ គីឡូក្រាម ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ ៥០០,០០០ ដុល្លារអូស្ត្រាលី លាក់យ៉ាងជិតនៅបាតកាបូបទាំងនោះ។
ភ្លាមៗនោះ តុលាការអូស្ត្រាលីបានបដិសេធការស្នើសុំនៅក្រៅឃុំរបស់នាង ហើយបានកំណត់ឱ្យនាងឡើងតុលាការនៅទីក្រុងម៉ែលប៊នម្តងទៀត នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ។ បទល្មើសនាំចូល និងកាន់កាប់គ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំបែបនេះ អាចធ្វើឱ្យនាងប្រឈមមុខនឹងទោសជាប់ពន្ធនាគាររហូតដល់ ២៥ ឆ្នាំឯណោះ។
មន្ត្រី ABF បានបញ្ជាក់យ៉ាងច្បាស់ថា អូស្ត្រាលីនឹងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះបុគ្គលទាំងឡាយណាដែលហ៊ានយកតួនាទី និងអាជីពរបស់ខ្លួនមកធ្វើជាខែលដើម្បីរត់ពន្ធគ្រឿងញៀន។ គិតត្រឹមពេលនេះ ខាងភាគីអូស្ត្រាលីមិនទាន់បានបញ្ចេញឈ្មោះក្រុមហ៊ុនអាកាសចរណ៍ដែលជនល្មើសធ្វើការនៅឡើយទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់ថៃ ក៏មិនទាន់មានប្រតិកម្មណាមួយទេ គិតត្រឹមថ្ងៃចន្ទ ទី២៩ ខែមិថុនា ដោយសារសមត្ថកិច្ចអូស្ត្រាលីទើបតែផ្សព្វផ្សាយព័ត៌មាននេះនាព្រឹកថ្ងៃចន្ទ៕










