តារាកំប្លែង ពាក់មី បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីដាក់ពាក្យបណ្តឹងទៅកាន់គណនីហ្វេកប៊ុកមួយពីបទ ជេរប្រមាថនិងបរិហាកេរ្តិ៍ជាសាធារណៈដោយទាមទារសំណងចំនួន ១ម៉ឺន៥ពាន់ដុល្លារ។ ក្រោយមកម្ចាស់គណនី Pich Reachny Kanha បានចេញវីដេអូសូមទោសជាសាធារណៈនិងបាញ់លុយចំនួន១ពាន់ដុល្លារនៅកាន់មន្ទីរពេទ្យកុមារអង្គរតាមការចង់បានរបស់ដើមបណ្តឹង។ ទន្ទឹមនឹងរឿងរ៉ាវដ៏ក្តៅគគុកនេះតារាកំប្លែងពាក់មី នៅតែទទួលបានមតិប្រតិកម្មចម្រុះដដែល។
នៅល្ងាចថ្ងៃទី២៦ មិថុនា លោក ចែម ចាន់រ៉ា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់គណនី Pich Reachny Kanha ដោយបញ្ជាក់ថានេះគឺជាលើកទី១សម្រាប់លោក ក្នុងការប្តឹងប្តល់បែបនេះព្រមទាំងអះអាងថានឹងមានតទៅទៀត។ តារាកំប្លែងរូបនេះថាការរិះគន់កុំឱ្យហួសដល់ការជេរប្រមាថ ពីព្រោះជារឿងគ្រួសាររបស់លោកហើយអ្នកទាំងពីរមិនមានទំនាស់អ្វីជាមួយគ្នាឡើយ ខណៈបានតស៊ូជាមួយគ្នាតាំងពីធ្វើសំណង់។

ក្នុងការដាក់ពាក្យបណ្តឹងពីជេរប្រមាថនិងបរិហាកេរ្តិ៍ជាសាធារណៈ តារាកំប្លែងពាក់មី បានទាមទារចំនួន៣ចំណុចម្ចាស់គណនី ធ្វើការលុប និងបញ្ឈប់ រាល់ការផុសនិងខំមិនជេររូបលោកនិងក្រុមគ្រួសារទោះក្នុងទម្រង់ណាក៏ដោយដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសបុគ្គល និងអាជីវកម្មរបស់លោក។ ទី២ ធ្វើការសូមទោសលោកជាសាធារណៈ និង៣ សងសំណងការខូចខាត (ការខាតបង់ចំណូល ការប៉ះពាល់កិត្តិយស និងការប៉ះពាល់ផ្លូវចិត្ត) កម្រៃសេវាផ្លូវច្បាប់ និងការខាតបង់ពេលវេលាសរុបចំនួនមួយម៉ឺនប្រាំពាន់ដុល្លារអាម៉េរិក។
ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះបន្ទាប់ពីគណនីនេះបានបញ្ចេញមតិថា «គ្រួសារ ថោកទាប ដើម្បីតែលុយបង្កើតគំរូអាក្រក់ដល់សង្គម» និងការស៊ែរវីដេអូមួយទៀតដោយបានដាក់ចំណងជើងថា «គ្រួសារថោកទាប ដើម្បីតែលុយបង្កើតcontentជាគំរូអាក្រក់ដល់សង្គមដំបូង អាណិតប្រពន្ធតែ យូរៗទៅបង្ហាញពីភាពទន់ខ្សោយដើម្បីតែលុយមិនក៏បាន»។
.png)
ក្រោយពីបង្ហាញលិខិតបណ្តឹងនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិវែកញែកដោយមនុស្សមួយចំនួនក៏គាំទ្រដើម្បីកុំឱ្យប្រព្រឹត្តបែបនេះតទៅទៀតពីព្រោះជារឿងគ្រួសាររបស់គេខណៈមតិខ្លះទៀតបានបញ្ចេញមតិរិះគន់មកកាន់តារាកំប្លែងរូបនេះ។ តាមការបញ្ចេញមតិយោបល់ជាច្រើនតារាកំប្លែងពាក់មី បានឆ្លើយតបទៅកាន់គណនីមួយថាការដែលខ្លួនប្តឹងមិនមែនឱ្យគេសរសើរឡើង ប៉ុន្តែមិនអាចទ្រាំឱ្យគេជេរប្រមាណគ្រួសារលោកតាមអំពើចិត្តដែរ។
បន្ទាប់ពីរងបណ្តឹងដោយទាមទារសំណងចំនួន១ម៉ឺន៥ពាន់ដុល្លារ ម្ចាស់គណនី Pich Reachny Kanha បានចេញវីដេអូសូមទោសជាសាធារណៈបន្ទាប់ពីព្យាយាមសម្របសម្រួលជាមួយនឹងតារាកំប្លែង ពាក់មី។ ក្នុងការសូមទោសនេះម្ចាស់គណនីក៏បានបាញ់ទឹកប្រាក់ចំនួន១ពាន់ដុល្លារទៅកាន់មន្ទីរពេទ្យកុមារអង្គរទៅតាមការចង់បានរបស់ម្ចាស់បណ្តឹង ហើយនៅពេលរូបនាងធ្វើគ្រប់លក្ខខណ្ឌ តារាកំប្លែង ពាក់មី នឹងដកពាក្យបណ្តឹងសម្របសម្រួលបញ្ចប់ដោយសន្តិវិធី។.png)
វីដេអូរបស់ Pich Reachny Kanha បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបង្ហាញការយល់ចិត្តមកកាន់គណនីនេះ ខណៈគណនីខ្លះទៀតបានបង្ហាញការខឹងសម្បាររបស់ខ្លួនដោយប្លុកគណនីបណ្តាញសង្គមរបស់តារាកំប្លែង ពាក់មី ៕










