រឿងអាស្រូវពុករលួ.យក្នុងគម្រោងអាហារសាលារៀនរាប់ពាន់លានដុល្លារ និងការឡើងថ្លៃប្រេងសាំងយ៉ាងគំហុករហូតដល់ទៅ៣២% បានក្លាយទភជាដុំភ្លើងកំហឹងផ្ទុះឡើងរុញច្រានទីក្រុងហ្សាកាតាឱ្យធ្លាក់ចូលក្នុងភាពចលាចល និងការតវ៉ាយ៉ាងក្តៅគគុក។

យោងតាមប្រភពព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី បាតុកម្មដ៏ធំនេះបានផ្ទុះឡើងដើម្បីប្រឆាំងផ្ទាល់ទៅនឹងគោលនយោបាយរបស់ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចចិត្តដំឡើងថ្លៃប្រេងសាំងរហូតដល់ ៣២% ភ្លាមៗនៅក្នុងសប្តាហ៍នេះ។ ការឡើងថ្លៃយ៉ាងគំហុកនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនវណ្ណៈកណ្តាល និងអ្នកក្រីក្រ ស្របពេលដែលតម្លៃប្រាក់រូពី (Rupiah) របស់ឥណ្ឌូណេស៊ី បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ និងក្លាយជាអត្រាប្តូរប្រាក់ដែលខ្សោយជាងគេបំផុតប្រចាំឆ្នាំនៅក្នុងតំបន់អាស៊ី។
ក្រៅពីបញ្ហាប្រេងសាំង ក្រុមបាតុករបានលើកបដាទាមទារយ៉ាងដាច់អហង្ការឱ្យរដ្ឋាភិបាលលុបចោល «គម្រោងផ្ដល់អាហារឥតគិតថ្លៃនៅតាមសាលារៀន» របស់លោកប្រធានាធិបតី។ គម្រោងមហិច្ឆតានេះត្រូវបានគេរាយការណ៍ថា ត្រូវលេបត្របាក់កញ្ចប់ថវិការដ្ឋរាប់ពាន់លានដុល្លារ ប៉ុន្តែចុងក្រោយ បែរជារងការរិះគន់យ៉ាងចាស់ដៃជុំវិញរឿងអាស្រូវពុករលួយ និងថែមទាំងបង្កឱ្យមានករណីពុលអាហារដល់កុមារនៅតាមសាលារៀនទៀតផង។

ទន្ទឹមនឹងនេះ ក្រុមនិស្សិតក៏បានសម្តែងការមិនពេញចិត្តចំពោះការកើនឡើងនូវឥទ្ធិពល និងការចូលរួមរបស់កងទ័ពយោធានៅក្នុងកិច្ចការស៊ីវិល និងនយោបាយផងដែរ។ ដើម្បីទប់ទល់នឹងរលកបាតុកម្មដ៏ខ្លាំងក្លានេះ អាជ្ញាធរឥណ្ឌូណេស៊ីបានដាក់ពង្រាយកងកម្លាំងនគរបាល និងយោធាចម្រុះជាង ៤,០០០នាក់ រួមទាំងរបាំងការពារដែក និងឡានបាញ់ទឹក ដើម្បីរារាំងមិនឱ្យក្រុមបាតុករហែក្បួនទៅដល់តំបន់រង្វង់មូល Bundaran HI ដែលជាបេះដូងសេដ្ឋកិច្ច និងនយោបាយនៃទីក្រុងហ្សាកាតា។
ស្ថានភាពប្រឈមមុខដាក់គ្នានេះ បានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅជុំវិញទីតាំងតវ៉ា ខណៈដែលពិភពលោកកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ថា តើរដ្ឋាភិបាលក្រុងហ្សាកាតា នឹងប្រើប្រាស់ធុរកិច្ចនយោបាយ ឬកណ្តាប់ដៃដែកដើម្បីដោះស្រាយវិបត្តិមួយនេះដោយរបៀបណា៕










