«ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លា.ញជាតិ និងប្រមា.ថជាតិ»។

ស្រាយចម្ងល់មហាជន អំពីផលិតផលថៃមានលក់នៅលើទីផ្សារកម្ពុជាក្នុងរយៈពេលកន្លងមកសម្តេចបានបញ្ជាក់បែបនេះ បន្ទាប់ពីប្រទេសថៃបានបិទព្រំដែនផ្លូវគោកជាឯកតោភាគី ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ កន្លងមក។
នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារក្នុងហ្វេសប៊ុកផេកថា នៅពេលព្រំដែនគោកត្រូវបានបិទ មនុស្សមិនអាចឆ្លងកាត់បាន ទំនិញក៏មិនអាចឆ្លងកាត់បានដែរ។ សម្រាប់មនុស្ស និងទំនិញ ដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវអាកាស ជាពិសេសទំនិញ គឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថា ខុសច្បាប់ ឬត្រូវច្បាប់ ពីព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រ និងផ្លូវអាកាសតាមព្រលានយន្តហោះ ភាគីទាំងពីរ (កម្ពុជា-ថៃ) នៅតែដំណើរការជាធម្មតា។.jpg)
ហេតុនេះ ត្រូវប្រមូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ពីព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ និងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ ព្រោះទំនិញខ្លះផលិតនៅឆ្នាំ២០២៦ ក្រោយព្រំដែនគោកត្រូវបានបិទ១ឆ្នាំមុនមកម៉្លេះ ហេតុអ្វីមានលើទីផ្សារកម្ពុជា។
សម្តេចបានបន្ថែមទៀតថា ប្រសិនបើទំនិញនោះវាសល់ពិតមែន ក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់ គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួន ទាំងជាតិសាសន៍។

សូមរំឭកដែរថា សម្តេចបានបង្ហោះសារបែបនេះ បន្ទាប់ពីរកឃើញមន្ត្រីខិលខូច និងឈ្មួញទុច្ចរិតមួយចំនួន នាំចូលទំនិញថ្មីៗពីប្រទេសថៃតាមផ្លូវគោកជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី១០ ខែមិថុនា កម្លាំងសមត្ថកិច្ចជំនាញបានឡោមព័ទ្ធ និងពិនិត្យឃ្លាំងក្លាស្សេស្តុកសាច់បង្កកដ៏ធំមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរកឃើញសាច់សត្វបង្កកគ្រប់ប្រភេទ រួមទាំងជង្គង់មាន់ ស្លាបមាន់ ប្រហិតក្លាស្សេ និងគ្រឿងក្នុងរាប់រយតោន ដែលច្រកថង់ សង្ស័យមានប្រភពនាំចូលមកពីប្រទេសថៃ។
ថ្មីៗនេះ ក៏មានឈ្មួញខិលខូចលួចនាំចូលទុរេនពីប្រទេសថៃ ដែលជាមុខទំនិញត្រូវបានហាមឃាត់ ដោយយកមកបន្លំលក់ជាទុរេនខ្មែរនៅផ្សារភួពុយ ខេត្តបាត់ដំបង។ សកម្មភាពនេះមិនត្រឹមតែបំផ្លាញទំនុកចិត្តលើទីផ្សារទុរេនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេមើលឃើញថា គឺជាការក្បត់នឹងមនសិការជាតិ និងបំផ្លាញមុខមាត់ប្រទេសកម្ពុជា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន៕










