ជាអ្នកបង្កើតមាតិកាដ៏ជោគជ័យនៅក្នុងប្រទេសកម្ពុជា ហេង វិសាល និង ជា ស្រីនា បានបន្តដឹកដៃគ្នាទៅទទួលពានរង្វាន់នៅឯប្រទេសចិន។ កន្លងមកអ្នកទាំងពីរបានអមដំណើរគ្នាឈ្នះពានរង្វាន់ផ្សេងទៀតទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងសិង្ហបុរី។
នៅថ្ងៃទី១៣ ខែមិថុនា ជា ស្រីនា បានបង្ហោះរូបភាពនិងវីដេអូដ៏សែនរំភើបក្នុងការនាំឈ្មោះប្រទេសកម្ពុជាបង្ហាញនៅលើឆាកអន្តរជាតិជាមួយនឹងការទទួលពាននៅប្រទេសចិន។ អ្នកបង្កើតមាតិការូបនេះបានសរសេរថា «យើងកាន់ដៃគ្នាដើរតាមក្តីស្រមៃ ហើយតែងតែនាំយកឈ្មោះកម្ពុជាទៅជាមួយយើងគ្រប់ជំហាន។ ថ្ងៃនេះយើងទាំង ២ មានក្តីដឹងគុណ និងរីករាយយ៉ាងខ្លាំងដែលទទួលបានពានរង្វាន់ Stellar Creator Award នៅ Yunnan ប្រទេសចិន ក្នុងកម្មវិធី The 1st South Asia & Southeast Asia Online Content Creators Conference»។

ការទទួលពាននេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការអបអរសាទរមកកាន់គូស្វាមីភរិយាមួយគូនេះ។ អ្នកទាំងពីរតែងតែបង្ហាញពីភាពវិជ្ជមាន រស់នៅប្រកបដោយគុណធម៌ ជាគ្រួសារដែលពោរពេញទៅដោយសុភមង្គលរស់នៅថ្លៃថ្នូរនិងជាពលរដ្ឋល្អ រួមចំណែកជួយសង្គមជាច្រើន។
គួរឱ្យដឹងថា កន្លងមកអ្នកទាំងពីរបានដឹកដៃគ្នាទៅទទួលពាននៅប្រទេសផ្សេងទៀតដូចជា ពានរង្វាន់ «Asia’s Best Beauty » នៅប្រទេសកូរ៉េ ក្នុងឆ្នាំ២០២៤ និងនៅក្នុងឆ្នាំ២០២៣ ស្រីនា បានទទួលពាន beauty and health Influencers នៅក្នុងកម្មវិធី HOFS 2023 (Hall of fame in Singapore ) នៅឯប្រទេសសិង្ហបុរី។ ការទទួលបានពានជាបន្តបន្ទាប់នេះកាន់តែបញ្ជាក់ពីកេរ្តិ៍ឈ្មោះនិងស្នាដៃនៅរបស់អ្នកទាំងពីរនៅក្នុងប្រទេសកម្ពុជាដែលទទួលបាននូវកិត្តិយសលើវិស័យបង្កើតមាតិកា និងជា Influencers ៕










