តើទំនិញទាំងនេះធ្លាក់មកពីលើមេឃ ឬចូលតាមច្រកវេទមន្ត? នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌឫស្សីកែវ បានរកឃើញទំនិញមួយចំនួនដែលមានស្លាកបញ្ជាក់ថា ជាផលិតផលរបស់ថៃ និងមានកាលបរិច្ឆេទផលិតថ្មីៗ នៅក្នុងឃ្លាំងទំនិញខ្នាតធំចំនួន ២ កន្លែងដែលមានម្ចាស់តែមួយ។ ការរកឃើញនេះធ្វើបងប្អូនប្រជាពលរដ្ឋហួសចិត្ត និងងឿងឆ្ងល់ជាខ្លាំងថាទំនិញទាំងនេះលេចធ្លាយពីថៃចូលដល់ក្នុងក្រុងបែបនេះដោយរបៀបណា។

យោងតាមរបាយការណ៍ក្រោយចុះត្រួតពិនិត្យ នៅថ្ងៃទី១២ ខែមិថុនា សមត្ថកិច្ចបានសម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំងឃ្លាំងស្តុកទំនិញខ្នាតធំចំនួន ២កន្លែង ដែលមានម្ចាស់តែមួយ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ក្រោយរកឃើញការលួចលាក់ស្តុកទុកនូវមុខទំនិញ និងសាច់បង្កកជាច្រើនប្រភេទដែលទើបតែផលិតថ្មីៗ និងនាំចូលមកពីប្រទេសថៃដោយខុសច្បាប់។
.jpg)
ផ្អែកតាមរបាយការណ៍បឋមរបស់មន្ត្រីជំនាញ កាលពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានរកឃើញទំនិញបង្កកចម្រុះរួមមាន៖ ប្រហិតសាច់ក្តាម សាច់គោ សាច់បង្កង គ្រឿងសមុទ្រ និងគ្រឿងទេសជាច្រើនប្រភេទ សរុបចំនួន ១,២០៩កេស ដែលមានទម្ងន់រហូតដល់ទៅជាង ២១៨តោន (២១៨,៦៩៣ គីឡូក្រាម)។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ផលិតផលទាំងអស់នេះសុទ្ធសឹងតែជាទំនិញដែលទើបតែផលិតថ្មីៗចេញពីប្រទេសថៃ ដោយមានការវាយស្លាកសញ្ញាជាភាសាថៃ។ 
លើសពីនេះ មន្ត្រីជំនាញក៏បានរកឃើញការក្លែងបន្លំដោយប្រើប្រាស់សំបកវេចខ្ចប់វាយឡូហ្គោជាភាសាខ្មែរលើទំនិញថៃទាំងនោះ ដើម្បីបន្លំភ្នែកសាធារណជនក្នុងបរិបទដែលប្រជាជនកំពុងធ្វើពហិការមិនប្រើប្រាស់ទំនិញថៃទៀតផង។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ដែលពាក់ព័ន្ធនឹងទីតាំងឃ្លាំងទាំងនេះ យកទៅសាកសួរតាមនីតិវិធីច្បាប់។.jpg)
ការរកឃើញទំនិញថៃរាប់រយតោនចូលមកដល់កណ្តាលរាជធានីភ្នំពេញនេះ បានបង្កើតជាការរិះគន់យ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម។ ពលរដ្ឋជាច្រើនបានសម្តែងការហួសចិត្ត និងចោទសួរថា «ហេតុអ្វីបានជាព្រំដែនដីគោកត្រូវបានបិទជិតទៅហើយ តែទំនិញថៃថ្មីៗទាំងនេះនៅតែអាចហូរចូលមកស្តុកយ៉ាងច្រើនសន្ធឹកសន្ធាប់បានទៀត?»។
ជាមួយគ្នានេះ មហាជនបានអំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាល ឱ្យដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់មន្ត្រីព្រំដែន និងមន្ត្រីគយណាដែលមានការធ្វេសប្រហែស ឬឃុបឃិតបើកដៃឱ្យមានការរត់ពន្ធខុសច្បាប់ ព្រោះវាប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។
.jpg)
ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានចេញចំណាត់ការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានដាក់បញ្ជាដាច់ណាត់ឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសបណ្តាខេត្តជាប់ព្រំដែន បើកការស៊ើបអង្កេតទ្រង់ទ្រាយធំ និងបង្ក្រាបឱ្យដល់ឫសគល់នូវរាល់បណ្តាញរត់ពន្ធទំនិញខុសច្បាប់ពីប្រទេសថៃ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ត្រូវចាត់វិធានការតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង រួមទាំងការរឹបអូសទ្រព្យសម្បត្តិ និងត្រូវបង្ខំឱ្យអ្នកពាក់ព័ន្ធទៅធ្វើការងារកាតព្វកិច្ចនៅតាមតំបន់ព្រំដែនវិញ ដើម្បីជាការព្រមានដល់ក្រុមអាជីវករទុច្ចរិតទាំងឡាយ៕










