តារាចម្រៀង កែវ ច័ន្ទដាលីន បានធ្វើឱ្យទស្សនិកជនបញ្ចេញមតិសរសើរជាច្រើនបន្ទាប់ពីច្រៀងបទ Waka Waka របស់តារាចម្រៀងកូឡុំប៊ី Shakira ។ ផ្ទុយមកវិញសម្រាប់ សុខ សីឡាលីន ដែលជារៀមច្បង ដាលីន ត្រូវរងនូវមតិប្រតិកម្មចម្រុះក្រោយពីច្រៀងបទរបស់ Shakira ។

នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីកន្លងមកថ្មីៗនេះ សុខ សីឡាលីន ដែលទស្សនិកជនដឹងថាជាតារាចម្រៀងពូកែច្រៀងភាសាបរទេសបានលើកយកបទចម្រៀង «Dai Dai» របស់តារាចម្រៀង Shakira ដែលជាបទផ្លូវការរបស់ព្រឹត្តិការណ៍កីឡាពិភពលោក FIFA World Cup 2026។ ទោះយ៉ាងណា សម្រាប់ការបកស្រាយបទចម្រៀងដែលមានជាច្រើនភាសានិងកំពុងពេញនិយមនេះ សុខ សីឡាលីន ត្រូវរងនូវមតិប្រតិកម្មចម្រុះដោយមានទាំងការពេញចិត្តនិងការរិះគន់ពីអ្នកលេងបណ្តាញសង្គម។![]()
អ្នកទស្សនាមួយចំនួនបានបញ្ចេញមតិថាតារាចម្រៀង សុខ សីឡាលីន ច្រៀងអង់គ្លេសកាច់តុងខ្លាំងពេក។ ពួកគេបានខម្មិនថា «បើគាត់កុំកាច់តុងពេកហើយច្រៀងធម្មតាប្រហែលពីរោះខ្លាំង ព្រោះគាត់ច្រៀងពីរោះស្រាប់, សំឡេងតុងពេកស្ដាប់មិនចង់បាន , គាត់ធ្វើសំឡេងធំពេកទៅដូចប្រុសវិញ , ដល់តង់ជ្រុលពេកស្ដាប់មិនដឹងថាពីរោះត្រង់ណាទេ,ច្រៀងៗទៅចាំបាច់ខំធ្វើសម្លេងដូចគេឡើងងុល, គាត់ច្រៀងអង់គ្លេសអត់ពីរោះទេ»។

ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនទៀតបានចេញមតិការងារតារាចម្រៀងរូបនេះ។ ពួកគេបញ្ចេញមតិថាការច្រៀងរបស់ សុខ សីឡាលីន គឺឡូយហើយ ដោយមិនដឹងថាមូលហេតុអ្វីនៅតែមានអ្នកបញ្ចេញមតិរិះគន់ទៀត។ មិនត្រឹមតែប៉ុណ្ណោះអ្នកមួយចំនួនថែមទាំងលើកឡើងទៀតថា អ្នករិះគន់នោះបានដឹងឬអត់ថាតារាចម្រៀងរូបនេះច្រៀងនៅព្រះបរមរាជវាំង ខណៈ សុខ សីឡាលីន គឺពូកែច្រៀងភាសាបរទេសជាយូរមកហើយតាំងពីមិនទាន់មានបណ្ឌិត Facebook ។
គួរឱ្យដឹងថា សុខ សីឡាលីន គឺជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាសដោយឈរជើងលើវិថីសិល្បៈជាយូរឆ្នាំមកហើយ។ ក្រោយពីមានបទពិសោធន៍ច្រើនលើអាជីពតារាចម្រៀងរូបនេះក៏ក្តោបឱកាសធ្វើជាគណៈកម្មការក្នុងកម្មវិធីមួយចំនួនផងដែរ។ ក្រៅពីអាជីពសិល្បៈ សុខ សីឡាលីន គឺជាមន្ត្រីនគរបាលជាតិមួយរូប៕










