ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីនារីរម្នាក់បានចេញមុខអះអាងថា ខ្លួនបានកើតជំងឺមហារីក ដោយសារតែការប្រើប្រាស់ផលិតផលឡេលាបមុខ និងគ្រឿងសម្អាងដែលមានសារធាតុគីមីកាត់ខ្លាំង រហូតជាតិពុលទាំងនោះបានជ្រាបចូលទៅក្នុងខ្លួន បង្កជាផលវិបាកជាបន្តបន្ទាប់ រហូតឈានដល់ដំណាក់កាលកាចសាហាវនេះ។ ករណីនេះបានបង្កើតជាការជជែកដេញដោលយ៉ាងក្ដៅគគុក និងការចោទសួរយ៉ាងខ្លាំងពីមហាជនថា តើវាជាការណ៍ពិតឬ ដែលការលាបឡេ ឬថែរក្សាស្បែកតែពីខាងក្រៅ បែរជាអាចធ្វើឲ្យប៉ះពាល់ដល់សរីរាង្គខាងក្នុង និងបង្កជាជំងឺមហារីកបាននោះ?
.jpg)
យោងតាមការពន្យល់របស់ផ្នែកវិទ្យាសាស្ត្រ និងការអះអាងរបស់អ្នកជំនាញវេជ្ជសាស្ត្រ បានបង្ហាញថា ស្បែករបស់មនុស្សមិនមែនជារបាំងបិទជិតនោះទេ ប៉ុន្តែវាមានរន្ធញើស និងសរសៃឈាមតូចៗរាប់លាន ដែលអាចស្រូបយកសារធាតុគីមីចូលទៅក្នុងប្រព័ន្ធរបត់ឈាមបាន។
.jpg)
បន្ថែមលើនេះ យោងតាមការសិក្សាស្រាវជ្រាវផ្នែកជីវសាស្ត្រ និងជាតិពុលវិទ្យា (Toxicology) បានពន្យល់ថា ស្បែកមានដំណើរការមួយហៅថា «ការស្រូបទាញតាមស្បែក» (Dermal Absorption) ដែលអនុញ្ញាតឱ្យសារធាតុដែលមានទំហំម៉ូលេគុលតូចៗ អាចជ្រាបកាត់ស្រទាប់ការពារខាងលើ (Epidermis) រួចបន្តដំណើរទៅដល់ស្រទាប់ស្បែកពិត (Dermis) ដែលជាកន្លែងប្រមូលផ្ដុំដោយសរសៃឈាមបេះដូង និងសរសៃរាវទឹករងៃ។ នៅពេលសារធាតុគីមីកាចសាហាវហូរចូលទៅក្នុងចរន្តឈាមរត់ហើយ វានឹងត្រូវបញ្ជូនទៅកាន់សរីរាង្គស្កេនជាតិពុល គឺថ្លើម និងតម្រងនោម។ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា រាងកាយមនុស្សមិនមានអង់ស៊ីមសម្រាប់បំប្លែង ឬបន្សាបលោហៈធ្ងន់ដូចជាបារត ឬសារធាតុគីមីសិប្បនិម្មិតកម្រិតធ្ងន់នោះទេ ដែលជាហេតុធ្វើឱ្យសារធាតុពុលទាំងនោះទៅកកកុញ និងបំផ្លាញកោសិកាសរីរាង្គខាងក្នុងពីមួយថ្ងៃទៅមួយថ្ងៃ រហូតបង្កជាកោសិកាមហារីក ឬការខូចខាតសរីរាង្គទាំងស្រុងតែម្ដង។

អ្នកជំនាញផ្នែកសើស្បែក និងក្រសួងសុខាភិបាល តែងតែចេញសេចក្ដីព្រមានជាហូរហែអំពីគ្រឿងសម្អាង និងឡេលាយគ្មានច្បាប់អនុញ្ញាត។ នៅក្នុងផលិតផលខុសច្បាប់ទាំងនោះ ភាគច្រើនមានផ្ទុកសារធាតុគីមីហាមឃាត់ចំនួន ៣ មុខ ដែលជាឃាតករលាក់មុខរួមមាន៖ សារធាតុបារត (Mercury) ដែលជួយឲ្យស្បែកសលឿនខុសធម្មតា, សារធាតុអ៊ីដ្រូគីណូន (Hydroquinone) និងសារធាតុស្តេរ៉ូអ៊ីត (Corticosteroids) ដែលធ្វើឲ្យបាត់មុន និងឆាប់ស។

អ្នកជំនាញពន្យល់ថា ការប្រើប្រាស់សារធាតុទាំងនេះក្នុងរយៈពេលយូរ អាចបណ្ដាលឲ្យកើតជំងឺមហារីកស្បែក និងបង្កផលប៉ះពាល់ដល់មុខងារថ្លើម និងក្រពេញទីរ៉ូអ៊ីត។ ករណីធ្ងន់ធ្ងរនៅពេលវាចូលក្នុងចរន្តឈាម វានឹងទៅបំផ្លាញតម្រងនោម (ក្រលៀន) ធ្វើឲ្យខ្សោយតម្រងនោម ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងបង្កជាដំបៅក្រពះ ឬអតុល្យភាពអ័រម៉ូនពេលវាជ្រាបចូលទៅក្នុងខ្លួនក្នុងបរិមាណច្រើន។

សរុបសេចក្ដីមក ការអះអាងដែលថាការលាបឡេខាងក្រៅអាចបំផ្លាញសរីរាង្គខាងក្នុង គឺមានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ និងជាការពិត។ ករណីនារីខ្មែរខាងលើ គឺជាសារដាស់តឿនមួយដ៏មានតម្លៃសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ សុខភាព និងសម្រស់ត្រូវតែដើរទន្ទឹមគ្នា។ មុននឹងសម្រេចចិត្តលាបអ្វីមួយលើរាងកាយ ត្រូវប្រាកដថាផលិតផលនោះមានការទទួលស្គាល់ និងពិនិត្យត្រឹមត្រូវពីស្ថាប័នជំនាញ ដើម្បីកុំឲ្យខាតបង់ទាំងថវិកា និងត្រូវបាត់បង់ទាំងសុខភាពសរីរាង្គកាយ៕









