ភ្នំពេញ៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ក្រោមប្រធានបទ «ពុះពារឆ្លងវិបត្តិ» បានចេញសេចក្តីព្រ.មានថា ប្រជាជនកម្ពុជាប្រមាណ ១,១ លាននាក់ កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។ ស្ថានភាពនេះ កើតចេញពីសម្ពាធសេដ្ឋកិច្ចធំៗចំនួន ៣ ដែលកំពុងវាយប្រហារជីវភាពពលរដ្ឋក្នុងពេលដំណាលគ្នា ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីភាគីពាក់ព័ន្ធ។
យោងតាមការវិភាគរបស់ធនាគារពិភពលោក កត្តាជម្រុញដំបូងគឺការហក់ឡើងខ្លាំងនៃតម្លៃប្រេងឥន្ធនៈពិភពលោក ដែលបង្កឡើងដោយជម្លោះតំបន់មជ្ឈិមបូព៌ា ដែលបានរុញច្រានអត្រាអតិផរណានៅកម្ពុជាឱ្យហក់ឡើងដល់ ៥.៨ ភាគរយ គិតត្រឹមខែមេសា ឆ្នាំ២០២៦ នេះ។ ការកើនឡើងនៃថ្លៃថាមពល ដឹកជញ្ជូន ស្បៀងអាហារ និងជីកសិកម្ម បានកាត់បន្ថយអំណាចទិញរបស់គ្រួសារចំណូលទាបយ៉ាងធ្ងន់ធ្ងរ។ ធនាគារពិភពលោកបានប៉ាន់ស្មានថា ប្រសិនបើតម្លៃប្រេងបន្តកើនឡើងរហូតដល់ ៦០ ភាគរយ នោះការប្រើប្រាស់របស់គ្រួសារនឹងថយចុះ ៨ ភាគរយ ដែលនឹងរុញអត្រាភាពក្រីក្រឱ្យហក់ឡើងភ្លាមៗ។
.jpg)
ផ្អែកតាមរបាយការណ៍ដដែលនេះ កត្តាគន្លឹះទី២ គឺការធ្លាក់ចុះយ៉ាងគំហកនៃលំហូរទឹកប្រាក់ផ្ញើពីបរទេស។ គិតចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ មក ស្ថានភាពតានតឹងនិងជម្លោះព្រំដែនបានបង្ខំឱ្យពលករកម្ពុជាជិត ១ លាននាក់វិលត្រឡប់មកពីប្រទេសថៃវិញ ដែលធ្វើឱ្យលំហូរសាច់ប្រាក់ផ្ញើមកស្រុកភូមិធ្លាក់ចុះមកត្រឹម ៣.៦ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ក្នុងឆ្នាំ២០២៥ បើធៀបនឹងមធ្យមភាគ ៦ ភាគរយ កាលពីឆ្នាំមុនៗ។ ការបាត់បង់ប្រភពចំណូលដ៏សំខាន់នេះ បានធ្វើឱ្យគ្រួសារងាយរងគ្រោះនៅតាមជនបទបាត់បង់បង្អែកសេដ្ឋកិច្ចភ្លាមៗ ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យក្នុងស្រុកកំពុងជួបភាពទន់ខ្សោយ និងកាត់បន្ថយការបង្កើតការងារថ្មីៗ។
ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកបានកត់សម្គាល់ថា កម្ពុជានៅតែរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចមួយផ្នែក ដោយសារមានលំហូរការវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏រឹងមាំ ដែលបានកើនឡើង ១៥ ភាគរយ (ស្មើនឹង ៥.១ ប៊ីលានដុល្លារ) ក្នុងឆ្នាំ២០២៥។ ដើម្បីទប់ទល់នឹងហានិភ័យនៃវិបត្តិក្រីក្រនេះ ស្ថាប័ននេះបានផ្តល់អនុសាសន៍យ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពង្រឹងប្រព័ន្ធគាំពារសង្គម និងពង្រីកកម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភចំគោលដៅ ដើម្បីជួយផ្ដល់លំនឹងដល់ជីវភាពរបស់ពលរដ្ឋងាយរងគ្រោះបំផុតឱ្យទាន់ពេលវេលា៕










