កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អង្គការឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិបានព្រមានកម្រិតអាសន្នខ្ពស់បំផុត បន្ទាប់ពីប្រមូលទិន្នន័យការព្យាករអាកាសធាតុចុងក្រោយបង្អស់ថា ផែនដីនឹងឡើងកំដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ចាប់ពីឆ្នាំ២០២៦នេះ រហូតដល់ឆ្នាំ២០៣០ ។ នៅឆ្នាំ២០៣០ គឺជាឆ្នាំដែលផែនដីក្តៅខ្លាំងជាងឆ្នាំណាៗទាំងអស់ ដោយសារបាតុភូត El Nino ។

អង្គការឧតុនិយមពិភពលោក (WMO) សហការជាមួយការិយាល័យឧតុនិយមប្រទេសអង់គ្លេស បានធ្វើរបាយការណ៍ព្យាករអាកាសធាតុប្រចាំឆ្នាំ ដោយការប្រមូលទិន្នន័យពីស្ថាប័នចំនួន១៣ នៅទូទាំងពិភពលោក រួមទាំងមជ្ឈមណ្ឌលចំនួន៤ រួមមាន ៖ Barcelona Supercomputer Centre, Canadian Centre for Climate Modelling and Analysis, Deutscher Wetterdienst និង Met Office ។

របាយការណ៍បញ្ជាក់ថា សីតុណ្ហភាពនៅលើផែនដីនឹងចាប់ផ្តើមកើនឡើងខ្ពស់ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ហើយក្នុងឆ្នាំ២០៣០ ផែនដីនឹងឡើងកំដៅខ្លាំងបំផុតដោយសារបាតុភូត El Nino ដែលកើតឡើងនៅចុងឆ្នាំ២០២៦នេះ ។ រីឯតំបន់រងគ្រោះខ្លាំងជាងគេ រួមមាន ៖
-តំបន់អាកទិក ៖ នឹងឡើងកំដៅឆាប់រហ័សជាងតំបន់ផ្សេងៗរហូតដល់ជាង៣ដង បណ្តាលឱ្យទឹកកករលាយយ៉ាងលឿន
-តំបន់អឺរ៉ុបខាងជើង-ស៊ីបេរី ៖ មានកម្រិតទឹកជំនន់កើនឡើងខ្ពស់ខុសធម្មតា និង
-តំបន់ព្រៃអាម៉ាហ្សូន ៖ នឹងជួបគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃធ្ងន់ធ្ងរ ។
តាមការលើកឡើងរបស់ប្រធានអង្គការ WMO រលកកំដៅនៅអឺរ៉ុប គឺជាសញ្ញាដាស់តឿនពីគ្រោះថ្នាក់ធ្ងន់ធ្ងរនឹងកើតឡើង ជាពិសេស រលកកំដៅនឹងមានផលប៉ះពាល់មកដល់ការរស់នៅរបស់មនុស្ស និងសេដ្ឋកិច្ចប្រទេសជាច្រើន ដូចជា ៖ បណ្តាប្រទេសនៅអាស៊ី រួមទាំងឥណ្ឌា ។ ប្រទេសទាំងអស់នឹងត្រូវការពារជីវិតមនុស្ស អាជីវកម្ម និងសេដ្ឋកិច្ច កុំឱ្យរងផលប៉ះពាល់ពីរលកកំដៅខ្លាំងបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។

កន្លងមក អ្នកវិទ្យាសាស្ត្របានដាស់តឿនពីការកើនឡើងនៃសីតុណ្ហភាពលើសពី១.៥អង្សាសេ ដែលធ្វើឱ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ ទាំងរលកកំដៅ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងទឹកជំនន់ ។ នេះជាការដាស់តឿនថា ពិភពលោកកំពុងតែខិតជិតទៅចំណុចគ្រោះមហន្តរាយធ្ងន់ធ្ងរដែលមិនធ្លាប់កើតឡើងពីមុនមក ប្រសិនបើគ្មានវិធានការដោះស្រាយចាប់ពីពេលនេះទេនោះ ៕










