ខេត្តស្រះកែវ៖ ក្រុមអាជីវករថៃនៅតាមបណ្តោយព្រំដែន នៅតែមានក្តីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នឹងល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដើម្បីអាចបើកច្រកព្រំដែនគោកឡើងវិញ និងជួយសង្គ្រោះសេដ្ឋកិច្ចថៃដុនដាប ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្លោះព្រំដែន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ កន្លងទៅ។
ក្នុងរយៈពេលជិត ១ឆ្នាំកន្លងមកនេះ ក្រុមអាជីវករថៃដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុងលើការលក់ដូរទំនិញទៅឱ្យភ្ញៀវទេសចរកម្ពុជា និងបរទេស ត្រូវបាត់បង់ប្រាក់ចំណូល និងកំពុងប្រឈមមុខនឹងវិបត្តិជីវភាពយ៉ាងខ្លាំង។ ទោះបីជាព្រំដែនគោករវាងប្រទេសទាំងពីរបន្តបិទរហូតមកដល់ពេលនេះក្តី ប៉ុន្តែអាជីវករនៅក្នុងខេត្តស្រះកែវ និងខេត្តស៊ីសាកេត នៅតែផ្ញើក្តីសង្ឃឹមលើកិច្ចខិតខំប្រឹងប្រែងចរចាការទូតរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្រោមការគាំទ្រពីសហគមន៍អន្តរជាតិ។
ជាមួយគ្នានេះ ក្រុមអាជីវករបានទទូចឱ្យរដ្ឋាភិបាលក្រុងបាងកក បន្ធូរបន្ថយនយោបាយជាតិនិយមជ្រុល ហើយងាកមកបើកកិច្ចសន្ទនាដើម្បីបើកព្រំដែនគោកជាមួយកម្ពុជាឡើងវិញ ព្រោះការបិទច្រកព្រំដែនយូរអង្វែងបែបនេះ មិនមែនជាដំណោះស្រាយល្អនោះទេ។
តាមការលើកឡើងរបស់អាជីវករម្នាក់នៅខេត្តស្រះកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ចាប់តាំងពីមានការបិទព្រំដែនមក ការលក់ដូរបានធ្លាក់ចុះរហូតដល់ទៅជាង៨០% ដែលបណ្តាលឱ្យអាជីវកម្មជាច្រើនត្រូវដួលរលំជាបន្តបន្ទាប់ និងធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងច្រើន។ ប្រភពដដែលបានបន្តថា ទោះជាក្រុមអាជីវករព្យាយាមបង្ហាញជំហរមិនគាំទ្រសង្គ្រាមក្តី ប៉ុន្តែបែរជារងការរិះគន់ពីក្រុមអ្នកជាតិនិយមខ្លះថា «មិនស្រឡាញ់ជាតិ» ទៅវិញ។ បច្ចុប្បន្ន ទោះបីជាស្ថានភាពតានតឹងបានធូរស្រាល ប៉ុន្តែពួកគេនៅតែបន្តបាត់បង់ប្រាក់ចំណូល ខុសស្រឡះពីក្រុមអ្នកញុះញង់ឱ្យមានជម្លោះ។

ក្រុមអាជីវករព្រំដែនបន្ថែមថា ក្រុមអ្នកជាតិនិយមជ្រុលមិនដែលយល់ពីទុក្ខលំបាក ឬការបាត់បង់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនឡើយ ដោយអ្នកទាំងនោះតែងតែផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម ដើម្បីធ្វើឱ្យស្ថានការណ៍ព្រំដែនឡើងកម្តៅមិនឈប់ឈរ និងញុះញង់ឱ្យមានការស្អប់ខ្ពើមគ្នា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ ពលរដ្ឋនៅតាមព្រំដែនចាត់ទុកប្រជាជនកម្ពុជាជា «អ្នកជិតខាងល្អ» មិនមែនជាសត្រូវឡើយ ហើយសង្ឃឹមថា ថ្ងៃណាមួយ ពលរដ្ឋប្រទេសទាំងពីរនឹងអាចត្រឡប់មកលក់ដូរ និងប្រាស្រ័យទាក់ទងគ្នាដូចដើមវិញ។
ពលរដ្ឋនៅខេត្តស្រះកែវ និងខេត្ត្តស៊ីសាកេត បានសំណូមពរទៅកាន់រដ្ឋាភិបាលថៃ ឱ្យងាកមកអភិវឌ្ឍន៍តំបន់ព្រំដែនជាតំបន់សេដ្ឋកិច្ច និងបើកឱកាសឱ្យមានការដោះដូរទំនិញឡើងវិញ បើទោះជាជម្លោះព្រំដែនមិនទាន់ដោះស្រាយរួចរាល់ទាំងស្រុងក្តី។ ពួកគេជឿជាក់ថា រដ្ឋាភិបាលនឹងមិនបណ្តោយឱ្យសេដ្ឋកិច្ចព្រំដែនធ្លាក់ចុះដុនដាបខ្លាំងជាងនេះ ក្រោមហេតុផលសន្តិសុខដែលប្រគល់អំណាចទាំងស្រុងទៅឱ្យកងទ័ពនោះទេ។

គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តបិទព្រំដែនគោកពីសំណាក់កងទ័ពថៃ កន្លងមក បានកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចរបស់បណ្តាខេត្តថៃជាប់ព្រំដែនយ៉ាងធ្ងន់ធ្ងរ ព្រោះតែប្រទេសថៃជាភាគីនាំចេញទំនិញដ៏ធំមកកាន់ទីផ្សារកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ធ្លាប់បានបញ្ជាក់ជំហរថា ភាគីថៃមិនអាចបើកច្រកព្រំដែនឡើងវិញបានឡើយ លុះត្រាតែកម្ពុជាព្រមទទួលយកលក្ខខណ្ឌដែលកំណត់ដោយរដ្ឋាភិបាលក្រុងបាងកកជាមុនសិន៕










