តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី២១ ខែឧសភា នេះបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូលបានប្រកាសថា ខ្លួនបានស្នើសុំដីកាចាប់ខ្លួន Kim Se Ui ដែលជាតំណាងនៃឆាណែលយូធូប Garo Sero Institute។ ស្ថានភាពនេះកើតឡើងបន្ទាប់ពីស្ថានីយ៍ប៉ូលិស Gangnam បានស្នើសុំដីកាចាប់ខ្លួន Kim Se Ui នៅថ្ងៃទី១៤ ខែឧសភា ពីបទរំលោភលើច្បាប់ពិសេសស្តីពីការផ្តន្ទាទោ.សចំពោះបទល្មើសផ្លូវភេ.ទ បទបរិហារកេរ្តិ៍ និងបទល្មើសផ្សេងៗទៀត។
Kim Se Ui ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតតាមរយៈការផ្សាយផ្ទាល់តាមយូធូបដូចជាការអះអាងថា Kim Soo Hyun បានណាត់ជួបជាមួយ Kim Sae Ron នៅពេលដែលនាងនៅជាអនីតិជន ហើយការស្លាប់របស់ Kim Sae Ron គឺបណ្តាលមកពីសម្ពាធបំណុលពី Kim Soo Hyun។ ម្ចាស់ឆាណែលរូបនេះក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីក្លែងបន្លំសំឡេងរបស់ Kim Sae Ron ដើម្បីបង្កើតព័ត៌មានមិនពិត និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun ផងដែរ។.png)
មានរបាយការណ៍ថា នៅក្នុងពាក្យសុំដីកាចាប់ខ្លួន ប៉ូលិសបានលើកឡើងពីហេតុផលរួមមានភាពធ្ងន់ធ្ងរនៃបទឧក្រិដ្ឋ ហានិភ័យនៃការប្រព្រឹត្តិបទល្មើសម្តងទៀត លទ្ធភាពនៃការបំផ្លាញភស្តុតាង និងរត់គេចខ្លួន និងហានិភ័យនៃការធ្វើបាបជនរងគ្រោះ និងសាក្សីសំខាន់ៗ។ តុលាការនឹងប្រកាសថាតើត្រូវចាប់ខ្លួន Kim Se Ui ឬអត់នៅក្នុងសវនាការនៅថ្ងៃទី២៦ ខែឧសភា។

រឿងអាស្រូវដែលពាក់ព័ន្ធនឹង Kim Soo Hyun បានចាប់ផ្តើមនៅដើមឆ្នាំ២០២៥ នៅពេលដែលគណនីយូធូបខាងលើនេះបានដកស្រង់សម្តីសាច់ញាតិរបស់តារាសម្តែង Kim Sae Ron ដែលបានទទួលមរណភាព ដោយចោទប្រកាន់តារាសម្តែង Kim Soo Hyun បានណាត់ជួបជាមួយ Sae Ron នៅពេលដែលនាងនៅជាអនីតិជន។ យោងតាមក្រុមគ្រួសាររបស់ Kim Sae Ron បានចោទ Kim Soo Hyun ថាគឺជាមនុស្ស «គ្មានបេះដូង និងមិនដឹងគុណ» ដោយទាមទារឱ្យ Sae Ron សងបំណុល ដែលជំរុញឱ្យនាងអស់សង្ឃឹមក្នុងឆាកជីវិត។ 
Sae Ron បានទទួលមរណភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចំនឹងថ្ងៃកំណើតរបស់ Kim Soo Hyun ហើយប៉ូលិសជឿថានាងបានធ្វើជម្រើសដ៏ហួសហេតុ។ ភាគីរបស់ Kim Soo Hyun បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់នេះ។ តារាសម្តែងរូបនេះបាននិយាយថា លោកមិនបានណាត់ជួបជាមួយ Kim Sae Ron នៅពេលនាងនៅជាអនីតិជននោះទេ ហើយលោកក៏មិនបានលេងសើចនឹងអារម្មណ៍របស់នាង ឬដាក់សម្ពាធលើនាងឱ្យសងបំណុលក្រុមហ៊ុនដែរ៕










