រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវែលសេឡង់ លោកស្រី Nicola Willis កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីផែនការកាត់បន្ថយមន្ត្រីរាជការរហូតដល់៨,៧០០នាក់ នារយៈពេល៤ឆ្នាំខាងមុខ ក្នុងគោលដៅសន្សំសំចៃថវិកាជាតិឱ្យបានចំនួន ១,៤០០លានដុល្លារអាមេរិក ។ បន្ទាប់មក ស្ថាប័នរដ្ឋទាំងអស់នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) វិញ ដើម្បីកាត់បន្ថយនីតិវិធីរដ្ឋបាលយឺតយ៉ាវ ការប្រើប្រាស់ក្រដាសស្នាម និងកែទម្រង់ប្រព័ន្ធរដ្ឋបាលឱ្យមានប្រសិទ្ធភាព ។
តាមការអះអាងរបស់លោកស្រី Willis ផែនការនេះនឹងកាត់បន្ថយមន្ត្រីរាជការពីចំនួន៦៣,៧០០នាក់ មកនៅត្រឹម៥៥,០០០នាក់ (កាត់បន្ថយជិត១៤%) ដើម្បីឱ្យសមស្របនឹងចំនួនពលរដ្ឋសរុប ប៉ុន្តែមិនប៉ះពាល់ដល់គ្រូបង្រៀន គ្រូពេទ្យ សមត្ថកិច្ច និងកងទ័ពទេ ។ ការប្រើប្រាស់បច្ចេកវិទ្យា AI នឹងជួយសម្រាលការងារឯកសារ និងទិន្នន័យ ដែលធ្វើឱ្យស្ថាប័នរដ្ឋអាចដំណើរការបានដោយមិនចាំបាច់មានបុគ្គលិកច្រើនដូចមុន រដ្ឋាភិបាលចង់កាត់បន្ថយការចំណាយផ្នែករដ្ឋបាលដែលមិនចាំបាច់ ដើម្បីយកថវិកាទៅប្រើប្រាស់ក្នុងគម្រោងសំខាន់ៗ ។.jpg)
បច្ចុប្បន្ន ចំនួនមន្ត្រីរាជការនៅប្រទេសនូវែលសេឡង់ច្រើនពេក ត្រូវចំណាយថវិកាជាតិច្រើន ដែលពួកគេបំពេញការងារដូចគ្នា ឬជាន់គ្នា ។ វាជាការរៀបចំរចនាសម្ព័ន្ធរដ្ឋឡើងវិញ និងបង្កើតប្រព័ន្ធការងាររដ្ឋមួយដែលមានទំហំតូចជាងមុន ប៉ុន្តែមានប្រសិទ្ធភាពការងារខ្ពស់ ។
ក្រៅពីនេះ រដ្ឋាភិបាលនូវែលសេឡង់ ក៏មានគម្រោងរួមបញ្ចូលក្រសួង ឬនាយកដ្ឋានតូចៗផងដែរ ដែលមានមុខងារដូចគ្នាឱ្យមករួមគ្នា ដើម្បីលុបបំបាត់ភាពស្មុគស្មាញ ។ រដ្ឋាភិបាលបានព្យាយាមកាត់បន្ថយការចំណាយតាំងពីឆ្នាំ២០២៣ និងសន្សំសំចៃថវិកាកាន់តែខ្លាំង ជាពិសេស នៅមុនការបោះឆ្នោតខែវិច្ឆិកាខាងមុខ ដោយសារកំណើនសេដ្ឋកិច្ចទាបនាំឱ្យប៉ះពាល់ដល់ប្រាក់ចំណូលជាតិ និងជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នលើការចំណាយច្រើន ។.jpg)
ទោះយ៉ាងណា ផែនការនេះមិនទទួលបានការគាំទ្រទាំងស្រុងទេ ដោយគណបក្សប្រឆាំង និងសមាគមសេវាសាធារណៈ បង្ហាញក្តីបារម្ភពីការកាត់បន្ថយមន្ត្រីរាជការច្រើនពេកនាំឱ្យប៉ះពាល់ការផ្តល់សេវាសាធារណៈទៅកាន់ពលរដ្ឋ ពីព្រោះ AI មិនអាចធ្វើការជំនួសមនុស្សទេ ។ មន្ត្រីរាជការរាប់ពាន់នាក់នឹងបាត់បង់ការងារ ប៉ះពាល់ជីវភាពគ្រួសារជាច្រើន និងប៉ះពាល់សេដ្ឋកិច្ចដែលទើបងើបពីវិបត្តិ ៕










