ទោះជាបច្ចេកវិទ្យាសិប្បនិម្មិត (AI) ផ្តល់នូវគុណសម្បត្តិយ៉ាងច្រើន មិនថាជួយសម្រាលការងារមនុស្ស ដូចជា ៖ ជាជំនួយការផ្ទាល់ខ្លួន, បកប្រែភាសា, ផ្តល់ចំណេះដឹង, ការស្រាវជ្រាវរហ័ស និងសូម្បីតែស្វែងរកដំណោះស្រាយផ្សេងៗ ប៉ុន្តែវាក៏ផ្តល់នូវគុណវិបត្តិផងដែរ ទាមទារឱ្យយើងប្រុងប្រយ័ត្ន ពីព្រោះជនខិលខូចយកបច្ចេកវិទ្យាទៅបោកប្រាស់តាមវិធីផ្សេងៗ ។ កាលពីខែមេសា ឆ្នាំ២០២៦ អ្នកជំនាញសន្តិសុខបច្ចេកវិទ្យាចិនបានដាស់តឿនឱ្យប្រុងប្រយ័ត្នជនខិលខូចប្រើប្រាស់បច្ចេកវិទ្យា AI លួ.ចស្នាមម្រាមដៃពីការថតរូប Selfie និងប្រាប់ពីវិធីការពារខ្លួន ។
.jpg)
បើតាមអ្នកជំនាញសន្តិសុខបច្ចេកវិទ្យាចិន ឈ្មោះ Li Chang គឺជនខិលខូចបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីលួច.ស្នាមម្រាមដៃពីការថតរូបសែលហ្វីល (Selfie) ក្នុងទូរស័ព្ទដៃស្មាតហ្វូន ដែលធ្វើឱ្យអ្នកនិយមថតរូបសែលហ្វីព្រួយបារម្ភយ៉ាងខ្លាំងពីការបែកធ្លាយទិន្នន័យផ្ទាល់ខ្លួន ។ នៅក្នុងកម្មវិធីទូរទស្សន៍កាលពីខែមេសា ឆ្នាំ២០២៦ អ្នកជំនាញរូបនេះថា គេអាចប្រើ AI អាចពង្រីកឱ្យធំ និងកែច្នៃស្នាមម្រាមដៃរបស់យើងដែលប្រើប្រាស់កាមេរ៉ាទូរស័ព្ទកម្រិតច្បាស់ រួចហើយ យកទៅប្រើប្រាស់ក្នុងផ្លូវខុស ។.jpg)
ជាក់ស្តែង នៅទីក្រុង Hangzhou ប្រទេសចិន ធ្លាប់មានករណីក្រុមជនល្មើសព្យាយាមប្រើប្រាស់រូបថតម្រាមដៃរបស់ម្ចាស់ផ្ទះដែលបង្ហោះលើអ៊ីនធើរណេត ដើម្បីយកទៅស្កេនដោះសោទ្វារផ្ទះ ។ ស្នាមម្រាមដៃ គឺមិនដូចពាក្យសម្ងាត់ (Password) ដែលយើងអាចផ្លាស់ប្តូរបានឡើយ វាជាអត្តសញ្ញាណជាប់នឹងខ្លួនមនុស្សម្នាក់ៗអស់មួយជីវិត ប្រសិនបើជនខិលខូចអាចលួចស្នាមម្រាមដៃយើងបាន ពួកគេនឹងយកទៅដោះសោទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក, លួចចូលកម្មវិធីធនាគារ ឬប្រព័ន្ធទូទាត់ប្រាក់ផ្សេងៗដែលស្កេនម្រាមដៃ ។.jpg)
កម្មវិធីកែរូបភាពរបស់បច្ចេកវិទ្យា AI អាចធ្វើឱ្យស្នាមម្រាមដៃក្នុងរូបថតសែលហ្វីកាន់តែមើលឃើញច្បាស់ជាងមុន ដែលងាយឱ្យជនខិលខូចយកទៅប្រើប្រាស់ ។ ដើម្បីទប់ស្កាត់ហានិភ័យទាំងនេះ អ្នកជំនាញបានណែនាំពីវិធីការពារខ្លួនមួយចំនួន ដូចជា ៖
១-ចៀសវាងការបង្ហាញស្នាមម្រាមដៃនៅមុខកាមេរ៉ាច្បាស់ពេក ពេលថតរូបសែលហ្វី
២-ប្រើប្រាស់កម្មវិធីកាត់តធ្វើរូបភាពឱ្យព្រិលសិន មុននឹងបង្ហោះក្នុងបណ្តាញសង្គម ដើម្បីកុំឱ្យឃើញម្រាមដៃច្បាស់
៣-កុំទុកចិត្តលើការស្កេនម្រាមដៃតែមួយសម្រាប់គណនីសំខាន់ៗ ឬគណនីធនាគារ គួរប្រើប្រាស់មុខងារការពារផ្សេងទៀត ដូចជា ៖ ស្កេនផ្ទៃមុខ ជំនួសវិញ ។
.jpg)
បន្ទាប់ពីមានការដាស់តឿនបែបនេះ ធ្វើឱ្យអ្នកប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកបារម្ភពីបញ្ហានេះយ៉ាងខ្លាំង ដោយសារជនខិលខូចតែងតែប្រើប្រាស់បច្ចេកវិទ្យា AI បន្លំស្នាមម្រាមដៃរបស់យើងទៅភ្ជាប់ជាមួយកុំព្យូទ័រយួរដៃដើម្បីលួចយកទិន្នន័យផ្ទាល់ខ្លួន ឬលួចចូលក្នុងគណនីធនាគារដកប្រាក់ដោយគ្មានការអនុញ្ញាត ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ជនខិលខូលបានប្រើប្រាស់បច្ចេកវិទ្យា AI ដ៏ទំនើបយកទៅបោកប្រាស់តាមវិធីជាច្រើន មិនថាការបន្លំជារូបភាព វីដេអូ និងបន្លំសូម្បីតែសំឡេង ដែលធ្វើឱ្យមនុស្សជាច្រើនចាញ់ឆាប់បោក ។ រីឯការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីលួចស្នាមម្រាមដៃពីការថតរូប Selfie នេះ មិនមែនជារឿងថ្មីទេ គឺជាច្រើនឆ្នាំមកនេះ អ្នកជំនាញបច្ចេកវិទ្យាប្រទេសនានាក៏ធ្លាប់បានដាស់តឿនពីហានិភ័យដែរ ៕










