លុបបានមួយញ៉ាមចង់លុបថែមទៀត! ក្រោយលុបចោល MOU 2001 ស្ដីពីការកំណត់ព្រំដែនសមុទ្រជាមួយកម្ពុជាបានសម្រេច ឥឡូវនេះគណៈកម្មាធិការវិសាមញ្ញនៃព្រឹទ្ធសភាថៃបានជំរុញរដ្ឋាភិបាលឲ្យលុបចោលកិច្ចព្រមព្រៀងឆ្នាំ 2000 ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា ឬ MOU43 ចោលមួយទៀត ក្រោមលេសថា MOU នេះគ្មានប្រសិទ្ធភាពផ្នែកច្បាប់ និងមិនអាចទប់ស្កាត់ការប៉ះទង្គិចរវាងយោធានៅតាមបណ្ដោយព្រំដែនទាំងពីរបាន។
.jpg)
នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2026 កាសែត បាងកកប៉ុស្តិ៍ បានចុះផ្សាយនូវពាក្យសម្ដីរបស់លោកស្រី ណុបផាដុន អ៊ីនណា សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការវិសាមញ្ញនៃព្រឹទ្ធសភាថៃ ដែលបាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នាលេខ 43 ឬ MOU 2000 អាចរំលោភលើនីតិវិធីរដ្ឋធម្មនុញ្ញ ពីព្រោះគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ 2000 បានទទួលស្គាល់កិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនបានអនុម័តជាផ្លូវការទេ។
.jpg)
តាមការអះអាងរបស់លោកស្រី ភាគីថៃមិនចង់ផ្អែកលើផែនទីខ្នាត ១:២០០,០០០ ដែលធ្វើឡើងដោយបារាំងនាសម័យអាណានិគមនោះទេ ព្រោះពួកគេយល់ថាខុសពីស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងធ្វើឱ្យថៃខាតបង់ទឹកដី។ គណៈកម្មាធិការថៃយល់ថា កិច្ចព្រមព្រៀងនេះមានអាយុកាលជិត ២៦ឆ្នាំហើយ ប៉ុន្តែការបោះបង្គោលព្រំដែននៅតែមិនទាន់រួចរាល់ ថែមទាំងមិនអាចទប់ស្កាត់ការប៉ះទង្គិចយោធានៅព្រំដែនកាលពីឆ្នាំ២០២៥ ទៀតផង។
មិនតែប៉ុណ្ណោះសមាជិកព្រឹទ្ធសភាថៃរូបនេះថែមបានគូសបញ្ជាក់ទៀតថា «ភាគីថៃអាចបញ្ចប់ MoU លេខ ៤៣ ដោយឯកតោភាគីបាន ដរាបណាកម្ពុជាត្រូវបានជូនដំណឹងយ៉ាងហោចណាស់បីខែជាមុន»។ លោកបានបន្ថែមថា ការចរចាដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាចនៅតែអាចធ្វើឡើងមុនពេលការលុបចោលចូលជាធរមាន។
គួរជម្រាបថា MOU ឆ្នាំ២០០០ (ដែលភាគីថៃហៅថា MOU 43) គឺជាអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្ដីពីការវាស់វែង និងការខណ្ឌសីមាព្រំដែនគោក។ ច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ នៅទីក្រុងបាងកក ដោយតំណាងភាគីទាំងពីរក្នុងគោលបំណងផ្ទៀងផ្ទាត់ និងបោះបង្គោលព្រំដែនគោកឱ្យបានច្បាស់លាស់ តាមខ្សែកោងព្រំដែនប្រវែងប្រហែល ៨០៣ គីឡូម៉ែត្រ (ចាប់ពីចំណុចប្រសព្វព្រំដែន កម្ពុជា-ថៃ-ឡាវ រហូតដល់ឆ្នេរសមុទ្រខេត្តកោះកុង)។.jpg)
កន្លងមករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា MOU ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងទ្វេភាគីដែលមានចរិតជាសន្ធិសញ្ញាអន្តរជាតិ និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ (UN) រួចរាល់ហើយ។ ភាគីថៃមិនអាចលុបចោលជាឯកតោភាគីតាមអំពើចិត្តបានឡើយ។ អ្នកវិភាគភូមិសាស្ត្រនយោបាយ និងមន្ត្រីកម្ពុជាមើលឃើញថា ការប្រកាសចង់លុបចោលនេះ គ្រាន់តែជាការបំពេញចិត្តក្រុមជាតិនិយមជ្រុល និងជាសារនយោបាយផ្ទៃក្នុងរបស់ថៃតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ និងអ្នកជំនាញកម្ពុជាដទៃទៀតបានលើកឡើងថា ទង្វើនេះបង្ហាញពីបំណងចង់គេចវេះពីយន្តការច្បាប់ដែលមានស្រាប់ ដើម្បីងាកទៅរកការប្រើប្រាស់កម្លាំងយោធា ឬការបង្ខិតបង្ខំផ្នែកសន្តិសុខវិញ។.jpg)
បច្ចុប្បន្នបើទោះបីជាគណៈកម្មាធិការព្រឹទ្ធសភាថៃបានអនុម័តសេចក្តីស្នើនេះក៏ដោយ ក៏វាទាមទារឱ្យមានការសម្រេចចុងក្រោយពីរដ្ឋាភិបាល (គណៈរដ្ឋមន្ត្រី) របស់ថៃជាមុនសិន ទើបអាចក្លាយជាសេចក្តីសម្រេចផ្លូវការរបស់រដ្ឋបាន។ ស្របពេលជាមួយគ្នានេះ ទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងភាពតានតឹងខ្លាំង បន្ទាប់ពីការប៉ះទង្គិចអាវុធកាលពីឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រកាសរួចហើយថានឹងរុញរឿងជម្លោះព្រំដែនសមុទ្រ (MOU ២០០១) ទៅកាន់យន្តការតុលាការ ឬមជ្ឈត្តការអន្តរជាតិនៃអនុសញ្ញា UNCLOS វិញ៕









