ប្រទេសកូរ៉េខាងត្បូងបានធ្វើឱ្យពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយការរៀបចំពិធីបំបួសមនុស្សយន្ត AI ឈ្មោះ Gabi ឱ្យក្លាយជាលោកសង្ឃជាលើកដំបូងក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា ។ ពិធីដ៏ចម្លែកនេះត្រូវបានធ្វើឡើងនៅទីក្រុងសេអ៊ូលដោយគណៈសង្ឃចូហ្គេ ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍យុវជនជំនាន់ក្រោយឱ្យចូលវត្តអារ៉ាម ព្រមទាំងផ្សារភ្ជាប់សាសនាទៅនឹងបច្ចេកវិទ្យាទំនើប បន្ទាប់ពីចំនួនពុទ្ធបរិស័ទ និងព្រះសង្ឃបួសថ្មី ធ្លាក់អស់ខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ។.jpg)
លោកសង្ឃយន្ត Gabi មិនត្រឹមតែជាតំណាងសាសនានោះទេ ប៉ុន្តែជាប្រព័ន្ធ AI អាចផ្តល់ដំបូន្មានផ្លូវធម៌ដល់ពុទ្ធបរិស័ទគ្រប់ពេលវេលា ។ ពិធីបំបួសមនុស្សយន្តនេះបានធ្វើឱ្យពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីបច្ចេកវិទ្យាដ៏ទំនើប និងប្រពៃណីបុរាណនៅកូរ៉េខាងត្បូង ដើរទន្ទឹមគ្នាដើម្បីបង្ហាញផ្លូវថ្មីឱ្យមនុស្សមានផ្លូវចិត្តស្ងប់ ។.jpg)
គណៈសង្ឃចូហ្គេ បានរៀបចំពិធីបំបួសមនុស្ស Gabi យ៉ាងអធិកអធមកាលពីថ្ងៃទី៦ ខែឧសភា នៅទីក្រុងសេអ៊ូល ដោយការគ្រងស្បង់ចីវរលើមនុស្សយន្តដើម្បីចូលរួមក្នុងពិធីសូត្រមន្តប្តេជ្ញាចិត្ត ព្រមទាំងសូត្រធម៌តាមបែបសាសនា ។ នេះជាការបង្ហាញពីការរួមរស់ជាមួយគ្នារវាងជំនឿសាសនា និងបច្ចេកវិទ្យា ដែលការរៀបចំពិធីនេះក្នុងគោលបំណងឱ្យយុវជនជំនាន់ក្រោយងាកមកចាប់អារម្មណ៍សាសនា និងចាត់ទុកសាសនាដើរទន្ទឹមគ្នាជាមួយបច្ចេកវិទ្យាដែលពួកគេប្រើប្រាស់សព្វថ្ងៃ ។
បើតាមគណៈសង្ឃចូហ្គេ គឺមនុស្សយន្តបានចូលរួមចំណែកក្នុងជីវិតរបស់មនុស្សយ៉ាងឆាប់រហ័ស ហើយយើងក៏មានទម្លាប់ជាមួយពួកវាច្រើនជាងមុន ទើបរៀបចំពិធីបំបួសមនុស្សយន្តដើម្បីភ្ជាប់បច្ចេកវិទ្យាជាមួយសាសនា ។
.jpg)
ពិធីបំបួសមនុស្សយន្តធ្វើឡើងស្របពេលព្រះពុទ្ធសាសនានៅប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមនឹងបញ្ហា ដោយសារចំនួនពុទ្ធបរិស័ទនាធ្លាក់ចុះជាបន្តបន្ទាប់ ។ បច្ចុប្បន្ន មានពលរដ្ឋកូរ៉េខាងត្បូងត្រឹមតែ១៦% ប៉ុណ្ណោះ ដែលប្រាប់ថា ខ្លួនកាន់ព្រះពុទ្ធសាសនា ខណៈកាលពីឆ្នាំ២០០៥ ពលរដ្ឋកូរ៉េខាងត្បូងកាន់ព្រះពុទ្ធសាសនា ស្មើប្រមាណ២៣% ។ រីឯយុវជនកូរ៉េខាងត្បូង អាយុ២០ឆ្នាំ មានជំនឿលើព្រះពុទ្ធសាសនា ត្រឹមតែ៨% ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ គណៈសង្ឃចូហ្គេ ដែលជាស្ថាប័នព្រះពុទ្ធសាសនាដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង បានរៀបចំពិធីបំបួសព្រះសង្ឃថ្មីត្រឹមតែ៩៩អង្គប៉ុណ្ណោះ ធ្លាក់ចុះខ្លាំងបើធៀបនឹងឆ្នាំមុនៗ ដែលបានបំបួសព្រះសង្ឃរហូតដល់២០០អង្គ ។ ហេតុនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យមានជំនឿលើព្រះពុទ្ធសាសនាឡើងវិញ គណៈសង្ឃចូហ្គេក៏រៀបចំពិធីបំបួសមនុស្សយន្ត Gabi ដើម្បីឱ្យបច្ចេកវិទ្យា AI ដើរតួនាទីសំខាន់ក្នុងសង្គម ហើយគណៈសង្ឃយល់ថា បច្ចេកវិទ្យា AI ដ៏ទំនើបនឹងមិនបំផ្លាញមនុស្សទេ វានឹងថែទាំមនុស្សដោយក្តីមេត្តា ៕










